ក្រោមអាកាសធាតុដ៏ស្រទន់នៃថ្ងៃរសៀល អមជាមួយសម្លេងរលកសមុទ្រដ៏ពិរោះ រដំ កម្លោះនាយ សមុទ្រម្នាក់កំពុងតែមមាញឹក ជញ្ជូនដូងក្រអូបចេញ ពីឡានទ្រុងមួយដែល ដឹកមកពីចម្ការ ។ ត្បិតខ្លួនជាកម្លោះ តែគេមិន ញញើតខ្លួនរកស៊ីជួញដូរ ដូចមនុស្សស្រីឡើយ ព្រោះវាជាអាជីពប្រចាំត្រកូល របស់នាយ ។ មួយថ្ងៃកម្លោះលក់ដូង ក្រអូប អស់ស្ទើរតែពាក់កណ្តាល់ឡាន ដោយសារតែសម្តីដ៏ពិរោះ សណ្តំឲ្យក្រមុំកំពង់សោម និងភ្ញៀវជាតិ អន្តរជាតិចូលទិញ ដូងគេគ្មានលួសថ្ងៃ ។ ជាមួយរូបរាងដ៏ខ្ពស់ ស្រឡះ ចញ្ចើមក្រាស់ ចង្កាព្រែក មុខញញឹកស្រស់ដូចតួកុន សូម្បីតែក្មេងៗ ក៏តែងតែហៅនាយកម្លោះ ថា ប្រុសសង្ហារប្រចាំមាត់សមុទ្រដែរ ។
កំពុងតែមមាញឹក ស្រាប់តែសម្លេងដ៏ស្រួយស្រេះដូចសារិកាបានបន្លឺដាស់អារម្មណ៍ នាយយើងឲ្យភ្ញាក់ឡើង ដោយបាននិយាយថា ៖
- បងរាជ ! សុំដូងក្រអូបមួយណា៎ !
កម្លោះរាជលើដៃជូតញើស រួចក៏តប ៖
- បាទបាន ! សុំចាំតិចណា៎ !
នាយក៏ទាញកាំបិតមកព្រឡះដូងចេញពីធ្លាយ រួចកាប់សំបកជូនស្រីស្អាតយើងដែល កំពុងតែឈរសម្លឹង មើលនាយមិនដាក់ភ្នែក ។ ខណៈមាណពកំពុងកាប់ដូង នាងក្រមុំក៏សួរ ៖
- បងរាជ ! ល្ងាចនេះទំនេរដែរទេ ?
រាជកាប់បណ្តើរ ក៏សួរតបបណ្តើរ ៖
- មានការអ្វីមែនទេ នី ?
- ចាស៎ ! គឺនីចង់បបួលបងរាជទៅមើលខនស៊ឺតនៅមហោស្រពយប់នេះនឹងណា៎ ! លឺថាមានតារា ល្បីៗមកទៀតផង ទើបសួរបងរាជថា ទំនេរទេ ?
កាប់ដូងរួច កម្លោះក៏ស៊កទុយោតូចមួយចូលទៅក្នុងដូង រួចលើកហុចទៅឲ្យក្រមុំទាំង វាចាតបថា ៖
- ឲ្យបងសុំទោសនីផង ! យប់នេះបងចង់សម្រាក បងមិនអាចទៅលេងខនស៊ឹត ជាមួយនីបានទេ ! ចាំថ្ងៃក្រោយចុះណា៎ ! បងលក់ដូងនៅទីនេះរហូត ដូច្នេះនីចង់បបួលបងពេលណាក៏បាន តែថ្ងៃនេះបងសុំចុះណា៎ !
មាណវីទទួលដូងពីដៃនាយកម្លោះទាំងកែវភ្នែកត្របាញ់រករាជមិនដាក់ រួចលើលដូងក្រេប តិចៗក៏តបវាចា ៖
- សម្តីម្ចាស់ដូងផ្អែមយ៉ាងនេះ ចុះទម្រាំទឹកដូងវិញផ្អែមយ៉ាងណាទៅ ? ក្រអូបហើយ ផ្អែមទៀតផង ! នីស្គាល់តែរសជាតិ និងក្លិនដូង តើពេលណាទើបបានស្គាល់ក្លិនម្ចាស់ដូងទៅ ?
- នីនិយាយធ្វើដូចបងជាដូងច្ចឹង !
- នីនិយាយមែនណា៎ ! បងរាជសន្យាជាមួយខ្ញុំហើយ ! ពេលណាទំនេរ បងត្រូវតែទៅជាមួយ នីណា៎ !
- បាទ ! សន្យាគឺសន្យា ! តែពេលនេះ បើអស់ការហើយ បងសុំទៅធ្វើការបន្តហើយណា៎ !
- អូហ៍..... ! ឈប់សិនបងរាជ ! នេះលុយថ្លៃដូងណា៎ បង !
កម្លោះទទួលលុយ !
- អរគុណណា៎ នី !
- ចាស៎ !
រាជចាប់ធ្វើការបន្ត ធីតាយើងនៅតែមិនអស់ចិត្ត ឈរសម្លឹងមើលនាយយើងមួយ សន្ទុះធំទើបដាច់ចិត្ត ដើរកាន់ដូងចេញទៅ ។ មាណពទម្លាក់ដូងអស់ពាក់កណ្តាល រសៀលក៏កាន់តែទន់ ទាបទៅ កម្លោះក៏រៀបចំបិទកន្លែងលក់ រួចដឹកដូងដែលនៅសល់ទៅផ្ទះគេនៅម្តុំតោពីរ ។
ព្រះសូរិយាក្រហមច្រាលទម្លាក់ខ្លួនបន្តិចម្តងៗ ទៅក្រោមរលកសមុទ្រ ភ្ញៀវជាតិ អន្តរជាតិជាច្រើន កំពុងតែផ្តិតយករូបភាពដ៏ស្រស់ស្អាតនោះទុកគ្រប់គ្នា ។ ចំណែកកម្លោះយើងរៀបចំ ឡានទុករួចរាល់ ក៏រៀបចំខ្លួនងូតទឹក មុនពេលរៀបចំធ្វើអាហារ ។ ជីវិតកម្លោះ រស់នៅម្នាក់ឯងគ្មានឪពុក ម្តាយធ្វើឲ្យកម្លោះចេះរស់នៅ រកស៊ីដោយខ្លួនឯង តាំងពីអាយុ ១២ ឆ្នាំ ។ គេបានបាត់បង់ឪពុកម្តាយ តាំង ពីគេនៅអាយុ ១១ ឆ្នាំ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ខណៈពួកគាត់ទៅយកដូងពីចម្ការមក កំពង់សោម ហើយឡានរបស់គាត់ក៏បានក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យពួកគាត់ស្លាប់ ជាមួយបង ស្រីម្នាក់ ទៀតរបស់រាជ ។ មកដល់ពេលនេះ វាកន្លងហួស ១៥ ឆ្នាំទៅហើយ ចំណែកឯកម្លោះរាជក៏មិនបោះបង់ ចោលមុចរបរប្រចាំត្រកូល នាយដែរ ។ ត្បិតតែការជួញដូរលក់ដូងក្រអូបដែលទទួលគេមិនបានប្រាក់ ចំណូលខ្ពស់ តែនាយក៏អាចរស់ស្រួលដោយគ្មានគិតអ្វីទៀតដែរ ។
គិតគូររៀបចំរួចរាល់បាយហើយ កម្លោះយើងអង្គុយស្តាប់ចម្រៀងយ៉ាងព្រងើយ ! ទោះបីជាគេ មានអាយុច្រើនបន្តិចមែន ប៉ុន្តែបទចម្រៀងដែលគេស្តាប់សុទ្ធតែមនោសច្ចេតនាថ្មី ពេញនិយមបំផុត ! រាជស្រម៉ៃដល់ សម្តីរបស់ក្រមុំនី នាយក៏នឹកអស់សំណើច ព្រោះនេះស្ទើរតែជិត ពេញមួយឆ្នាំទៅហើយ ដែលគេមិនដែល បានភ្លក់រសជាតិ ទឹកដូងដែលខ្លួនលក់នោះទេ ។ គេក៏ដើរ តម្រង់ ទៅឡានដើម្បី សាកមើលទឹកដូង តើវាផ្អែមដូចពាក្យក្រមុំនីនិយាយដែរទេ ? រឺគ្រាន់តែជាពាក្យ បញ្ជោរ មកលើកម្លោះយើងទេ ។ រាជជំទើតជើងរកមើលដូងណារៀងធំបន្តិចទើបអាចគ្រប់គ្រាន់ សម្រាប់នាយ តែកំពុងសម្លឹង គេភ្ញាក់ស្ទើររត់ ព្រោះស្រមោលសរមួយស្ទង់ៗកំពុងតែបង្ហាញរូបនៅ ក្នុងឡាននាយ ។ គេញីភ្នែកពីរបីដង ក្រែងលរគេស្រង្វាំង ប៉ុន្តែស្រមោលនោះនៅតែ មិនឆ្ងាយពីភ្នែក គេ ទើបនាយយើងដាច់ចិត្ត បង្ហើបមាត់សួរ ទាំងចិត្តលួចបុកពោះតិចៗ មិនដឹងថា ជាចោរ រឺ ខ្មោច ?
- អ្នកណាគេណ្នឹង ?
គ្រាន់តែលឺសម្លេងកម្លោះ ស្រមោលនោះក៏ចាប់ផ្តើមកម្រើកដោយងើបមុខតិចៗ រាជក៏ ស្រែកសួរម្តងទៀត ទាំងចិត្តរឹតតែភ័យ ៖
- ខ្ញុំសួរថា អ្នកណាគេ ? ហេតុអីក៏ឡើងមកលើឡានរបស់ខ្ញុំ ? គិតចង់លួចផ្លែដូងរបស់ខ្ញុំមែនទេ ?
កាន់តែសួរ ស្រមោលនោះកាន់តែងើបមុខឡើងបន្តិចម្តងៗ ពេលក្រឡេកមុខចំ កម្លោះនាយសមុទ្រស្រាប់ តែស្រែកឡើងទាំងរន្ធត់ ៖
- ខ្មោច....................!
ពេលរាជស្រែកខ្លាំងទៅៗ ស្រមោលសរនោះស្រាប់តែស្រែកថា ខ្មោចតាមមាណពយើង ដែរ ។ កម្លោះរាជក៏ឈប់ស្រែក តែសម្លេងនោះនៅតែបន្លឺថា ខ្មោចមិនឈប់ នាយយើងក៏ស្រែកបញ្ឃប់ ៖
- ឯងជាអ្នកណា ? ឯងមិនមែនជាខ្មោចទេ ចុះហេតុអីក៏ឯងឡើងទៅលើឡានរបស់ យើង ? ឯងជាចោរមែនទេ ? ចោរ.......................... !
សភាពការណ៍កាន់តែចម្លែក ពេលដែលរាជស្រែកថា ចោរ ស្រមោលនោះក៏បន្លឺសម្លេង ស្រែកតាម កម្លោះថា ចោរដូចគ្នា ! រាជក៏ឈប់ស្រែក ឯគេនៅតែបន្តស្រែក ។ រាជក៏ចាប់ផ្តើមសង្ស័យ ស្រមោលនោះ នាយសួរម្តងទៀតទាំង គម្រាមថា ៖
- តើឯងជាអ្នកណាឲ្យប្រាកដ ? ជាចោររឺក៏ខ្មោច ? ឆាប់ចុះពីលើឡានខ្ញុំភ្លាម ! បើឯងមិន ចុះទេ ខ្ញុំនឹងទូរស័ព្ទទៅផ្តឹងប៉ូលីសភ្លាម !
ទោះរាជព្យាយាមយកពាក្យប៉ូលីសមកគម្រាម ក៏ស្រមោលនោះមិនព្រមកម្រើកជាលើទី ពីរ មាណពយើងក៏ គម្រាមម្តងទៀត ទាំងដកទូរស័ព្ទចុច ៖
- ខ្ញុំអត់និយាយលេងទេ ! បើឯងមិនចុះមកទេ ខ្ញុំនឹងទូរស័ព្ទទៅផ្តឹងប៉ូលីសពិតមែន ហើយ ! ចុះរឺមិនចុះ ! ខ្ញុំចុចមែនណា៎ ! អាឡូ ! លោកប៉ូលីស ! មានចោរចោលផ្ទះខ្ញុំលោកប៉ូលីស !
គ្រាន់តែលឺពាក្យថា លោកប៉ូលីស ស្រមោលនោះភ័យស្លន់ស្លោស្រែកឡើងឃាត់ កម្លោះយើងភ្លាម ៖
- ឈប់សិន ! ខ្ញុំមិនមែនជាចោរទេ !
បានចោរចាញ់បោកពាក្យប៉ូលីស រាជក៏ដាក់ទូរស័ព្ទចុះ ហើយស្រមោលមនុស្សនោះក៏ លោតចុះពីឡាន ជាមួយបង្វេចខោអាវមួយបង្វេចក្នុងដៃ ។ ប្រៀបដូចទេពធីតានាពេលរាត្រី វង់ភ័ក្រ្ក ដូចដួងចន្ទ្រា រោមភ្នែកងរខ្ទើត បបូរមាត់ស្តើងដូចស្រទាប់ផ្កា ធ្វើឲ្យកម្លោះរាជភ្លឹកមើលមិនដាក់ភ្នែក ។ ទោះបីជាសម្រស់ស្រស់ ស្អាតក៏មិនអាចធ្វើឲ្យចិត្ត រាជធ្វេសប្រហែសបានដែរ នាយត្រៀមខ្លួនជាស្រេច បើនាងម្នាក់ នេះជាចោរមែន ប្រាកដជាមិនរួចពីដៃកម្លោះឡើយ ។
- នាងជាអ្នកណា ? ឡើងឡានដូងរបស់ខ្ញុំមានគោលបំណងអ្វី ? រឺមួយជាចោរ ?
នារីម្នាក់នោះទម្លាក់បង្វេចខោអាវចុះ រួចសម្លឹងមុខមាណពយ៉ាងមុត ទាំងតបថា ៖
- នែ៎លោក ! រៀនស្មានមនុស្សក្នុងបំណងល្អខ្លះបានទេ ? ខ្ញុំមិនទាន់បាននឹងលួចអ្វីលោក បានបន្តិចផង ហេតុអីក៏ចោទខ្ញុំថា ជាចោរ ?
- ធ្វើម៉េចខ្ញុំជឿទៅ ! នេះឡើងឡានខ្ញុំតាំងពីអង្កាល់ក៏មិនដឹង ! សម័យនេះទុកចិត្តមនុស្ស តែសំបកក្រៅមិនបានទេ !
- តែខ្ញុំជាមនុស្សស្រី ធ្វើចោរម៉េចនឹងបានទៅ ? មានគិតខ្លះទេ ?
- ទុកចិត្តម៉េចនឹងបានទៅ ! មនុស្សស្រីក៏អាចធ្វើចោរបានដែរ ! សម័យនេះ ចោរស្រី សាហាវជាង ចោរប្រុសទៅទៀត ! ខ្ញុំនឹងផ្តឹងប៉ូលីសថា នាងជាចោរ ហើយចោលផ្ទះរបស់ខ្ញុំបំណងលួច របស់មានតម្លៃក្នុងផ្ទះខ្ញុំ !
រាជលើកទូរស័ព្ទបម្រុងតេទៅប៉ូលីស ស្រីម្នាក់នោះក៏ចាប់ដៃកម្លោះឃាត់ ៖
- ខ្ញុំមិនឲ្យលោកទូរស័ព្ទទៅប៉ូលីសទេ ! នេះខ្ញុំមិនមែនជាចោរទេ ! ឆាប់ឲ្យទូរស័ព្ទមកនេះ !
- មិនឲ្យទេ ! នេះជាទូរស័ព្ទរបស់ខ្ញុំ ! ឆាប់លែងដៃទៅ !
- មិនលែងទេ ! បើលោកមិនព្រមឈប់ទូរស័ព្ទទៅផ្តឹងប៉ូលីសថាខ្ញុំជាចោរទេ ខ្ញុំនឹងមិនព្រម លែងដៃពីទូរស័ព្ទនេះឡើយ !
រាជព្យាយាមទាញតូរស័ព្ទចេញពីដៃក្រមុំម្នាក់នោះ ប៉ុន្តែមិនស្រួលដូចកម្លោះគិតឡើយ ព្រោះនាងមិនព្រម លែងដៃពីទូរស័ព្ទនោះដូចគ្នា ។ ពួកគេប្រទាញប្រទង់គ្នាដណ្តើមទូរស័ព្ទ ទាំងនាយ រាជពោលឡើងថា ៖
- នេះនៅហ៊ាននិយាយថា ខ្លួនមិនមែនជាចោរទៀត ! ឃើញច្បាស់ហើយថា កំពុងតែដណ្តើម ទូរស័ព្ទខ្ញុំ ! បើមិនមែនជាចោរ ហៅថាអ្វីវិញទៅ ? ឆាប់លែងដៃទៅស្រីចោរដាច់ដាប !
- នេះហ៊ានហៅខ្ញុំថា ជាស្រីចោរដាច់ដាបទៀតហ្អេស៎ ! អាប្រុសឆ្កួតលែងដៃទៅ !
- ខ្ញុំមិនលែងទេ ! នាងទេដែលត្រូវលែងដៃពីទូរស័ព្ទរបស់ខ្ញុំ ! លែងដែភ្លាមទៅ !
រាជទាញកញ្ឆក់ទូរស័ព្ទពីស្រីម្នាក់នោះមួយទំហឹង ធ្វើឲ្យនាងជ្រុលជំហរមកលើនាយទាំង មូល កម្លោះក៏ធ្លាក់ ទូរស័ព្ទពីដៃ ហើយបែរជាស្រវ៉ាអោបនាងក្រមុំពេញដៃទៅវិញ ។ កែវភ្នែកទាំងគូរ របស់នាង ត្របាញ់ប៉ះកែវភ្នែកកម្លោះ យើងប្រៀបដូចកាំរន្ទះខែវស្សា ។ ដៃស្រីទាំងគូរស្រវ៉ាអោបកររាជ យ៉ាងស្អិត ចំណែកដៃកម្លោះក៏អោបចង្កេះស្រីមិនរបេះ ។ មាណពសម្លឹងវង់ភ័ក្ក្រដ៏ផូរផង់ស្រីមិនដាក់ ធ្វើឲ្យថ្ពាល់នាងក្រមុំឡើងក្រហមព្រឿងៗ ។ មួយសន្ទុះ ធីតាក៏ប្រឡះខ្លួនចេញពី ដៃកម្លោះរាជ រួចច្រាណ នាយកម្លោះដួលទៅលើដីពេញទំហឹង ។
- អាឆ្កួត ! នេះប្រឡំអោបខ្ញុំមែនទេ ? ឯងសមតែស្លាប់ !
រាជអុកគូថទៅត្រូវនឹងដំថ្មនៅនឹងដី ស្រែកលឺសូរអូយ........
- នែ៎នាង ! នេះបើមិនបានខ្ញុំជាអ្នកទប់នាងទេ នាងប្រហែលជាមិនមានធ្មេញដើម្បីទុកស៊ី បាយនោះទេ ! នេះនៅមានមុខមកចោទខ្ញុំ ហើយច្រាណខ្ញុំពេញទំហឹងទៀត !
- មិនដឹងទេ ! អ្នកណាឲ្យឯងយកដៃរបស់ឯងមកអោបចង្កេះខ្ញុំធ្វើអី ! សមមុខហើយ !
- នាង.............. ! អូយ៍.................... នេះគ្មានចិត្តទេមែនទេ ! ឃើញខ្ញុំឈឺទេ ហេតុអីក៏ មិនជួយលើខ្ញុំឡើង?
ឃើញកម្លោះធ្វើមុខដូចជាឈឺខ្លាំង ស្រីក៏មិនដាច់ចិត្តឈរមើល ស្រីឈរអែរអង់បន្តិចក៏ ដើរចោលទៅ បោះដៃជួយលើកកម្លោះឡើង ។ មិនស្មានថា ទឹកមុខនោះជាអន្ទាក់ព្រានសោះ គ្រាន់តែ ចាប់ដៃស្រីបាន រាជក៏ទាញនាងផ្តួលវិញមួយទំហឹងលឺសូរព្រុស........... ក្រមុំស្រែកអ៊ូយភ្លាមមួយរំពិច តែរាជក្រោកឈរ ធ្វើព្រងើយងាក់មិនខ្វល់សម្លេងស្រែកស្រី ។ នាងក្រមុំស្រែកសួរ ៖
- នែ៎លោក ! នេះលោកឆ្កួតអីណ្នឹង ! ខ្ញុំខំមានចិត្តចង់ជួយលើកលោក តែលោកបែរជាធ្វើ បាបខ្ញុំបែបនេះ ! សមជាមនុស្សប្រុសដែលទេ ? អូយ៍................ឈឺណាស់ !
មិនខ្វល់ថាស្រីស្រែកឈឺប៉ុណ្ណាក៏នាយកម្លោះធ្វមិនដឹងហើយបែរជានិយាយចំអក ៖
- នាងជាអ្នកបង្រៀនខ្ញុំទេ ! ចោរស្រីដូចជានាងទាល់តែបែបនេះទើបសមមុខ ! ពេលនេះ ខ្ញុំស្រួលទូរស័ព្ទ ទៅប្រាប់ប៉ូលីសហើយ !
ចម្លែកណាស់ ពេលលឺថានាយយើងបម្រុងទូរស័ព្ទទៅប្រាប់ប៉ូលីស ក្រមុំក៏បែរជា និយាយស្លូតគួរឲ្យអាណិត ទៅកាន់រាជ ៖
- ខ្ញុំសុំអង្វរក៏បានដែរ សូមកុំទូរស័ព្ទទៅប៉ូលីសអី ! បើលោកមិនជឿថា ខ្ញុំជាមនុស្ស ស្មោះត្រង់ទេ សម្លាប់ខ្ញុំក៏បានដែរ តែសូមកុំប្រាប់ប៉ូលីស !
លឺវាចាស្រី រាជក៏ស្រាប់តែទន់ចិត្តដាក់ទូរស័ព្ទចុះ រួចសម្លឹងមើលមុខនាងក្រមុំដ៏គួរឲ្យ អាណិតដែលកំពុង តែអង្គុយច្របាច់ករជើង !
- ខ្ញុំមិនមែនជាចោរដូចលោកកំពុងតែគិតនោះទេ ! បើមិនជឿចាប់ខ្ញុំក៏បាន !
ធីតាខំក្រោកឈរឡើង តែបែរជាដួលទៅវិញ ព្រោះករជើងស្រីក្រិច ពេលកម្លោះរាជ គ្រវែងនាងមួយទំហឹង មុននេះ ។ ស្រីស្រែកអូយ៍ឡើងរន្ធត់ ធ្វើឲ្យនាយកម្លោះរាជទប់ចិត្តឈរមើលមិន បានក៏ស្ទុះចោល ទៅលើកនាងឡើង ទាំងនិយាយថា ៖
- មិនបាច់ទេ ! ពេលនេះខ្ញុំជឿនាងសិនចុះ ! មិនខ្វល់ថា នាងជាមនុស្សល្អរឺអាក្រក់នោះ ទេ តែពេលនេះនាងមិនអាចរត់រួចទៅ ដូច្នេះបើនាងជាចោរមែនក៏មិនអាចរត់រួចដែរ !
ខណៈឃើញកម្លោះលើកគ្រានាងឡើង ស្រីហាក់បីដូចជារន្ធត់អស់ព្រលឹង ឯអារម្មណ៍ក៏ មិននៅមួយកន្លែង នេះជាអ្វីទៅ ? ស្រីហាក់បីដូចជាមានអារម្មណ៍ខុសប្លែកពីធម្មតា ពេលបានកម្លោះ នាយសមុទ្រម្នាក់នេះចាប់ចង្កេះ ហើយគ្រានាងឡើងពីដីដើរតម្រង់ចូលក្នុងផ្ទះគេ ។
រាជដាក់នាងអង្គុយលើកៅអី រួចក៏ដើរទៅបើកប្រអប់មួយយកប្រេងកូឡាមកលាបឲ្យ ស្រី នាងក្រមុំតាមមើលកម្លោះមិនដាក់ភ្នែក តើគេគិតធ្វើអ្វីនាង ? រាជដាក់ខ្លួនអង្គុយចុះរួចចាប់ករជើង នាងក្រមុំឡើង ស្រីស្រែកភ្លាម ៖
- លោកគិតធ្វើអីណ្នឹង?
រាជតបទាំងមិនសម្លឹងមលមុខស្រីឡើយ ៖
- គឺលាបប្រេងកូឡាឲ្យនាងនឹងណា៎ ! កុំភ័យថា ខ្ញុំធ្វើអីនាងឲ្យ បើខ្ញុំចង់មែន ក៏នាងរត់ មិនរួចដែរ ព្រោះជើងនាងក្រិចហើយ !
មាណពមិននិយាយច្រើនក៏ចាប់លាបជើងស្រី ហើយឈ្លីដោយម្រាមដៃតិចៗនៅកន្លែង ក្រិច ឯមាណវីនៅ ស្ងៀមលែងនិយាយអ្វីទាំងអស់ ! លាបរួចនាយមាណពក៏ដើរចូលទៅក្នុងផ្ទះបាត់ ទុកឲ្យស្រីអង្គុយនៅម្នាក់ឯងលើកៅអី ចោលកែវភ្នែកសម្លឹងមើលជុំវិញផ្ទះ ។ ស្រីសម្លឹងប៉ះរូបថតមួយ យ៉ាងធំដែលព្យួរ នៅជញ្ជាំងដែលថតជុំគ្នាមានមនុស្សបួន នាក់ ហើយក្នុងនោះក៏មានក្មេងប្រុសម្នាក់មុខ ដូចនាយកម្លោះដែលលាបថ្នាំឲ្យនាង តែនាងចម្លែកថា ហេតុអ្វីក៏ផ្ទះនេះ ឃើញមានតែគេ ចុះមនុស្សបី នាក់ទៀតទៅណា ?
បាត់ស្រមោលរាជមួយសន្ទុះ ស្រាប់តែចេញមកវិញ ជាមួយចានពីរក្នុងដៃ ម្ខាងមាន ចានបាយ និងម្ខាងទៀតមានចានពងទាចៀន ! កម្លោះរាជដាក់ចានទាងពីរទៅលើតុដែលស្រីអង្គុយ រួចចោលសំដីទៅស្រី ៖
- ញ៉ាំបាយទៅ ! ខ្ញុំលឺក្រពះនាងថ្ងូរខ្លាំងណាស់ !
- លោកលឺពីអង្កាល់ ?
- មិនបាច់ចង់ដឹងថា ខ្ញុំលឺពីពេលណានោះទេ គ្រាន់តែដឹងថា ខ្លួននាងឃ្លានទៅបាន ហើយ ! ញ៉ាំរឺមិនមិន.............
- ញ៉ាំ !
មាណវីទាញចានបាយដាក់ពីមុខ ឯមាត់នៅតែរអ៊ូ ៖
- បើដាច់ចិត្តធ្វើល្អហើយ ហេតុអ្វីក៏មិនធ្វើម្ហូបណាឆ្ងាញ់ជាងពងទាចៀននេះតិចទៅ ?
- សំណាងហើយផ្ទះខ្ញុំមានពងទាចៀនឲ្យញ៉ាំ ! បើនៅគុកមានតែបាយក្រហម !
- នេះនៅគម្រាមខ្ញុំទៀត ! ខ្ញុំនិយាយលេងតើ !
- ឈប់និយាយច្រើនទៅ ! ញ៉ាំហើយនឹងអាលបានត្រឡប់ទៅវិញទៅ ខ្ញុំនឹងអាលបាន ដេកពួន ! ស្អែកខ្ញុំត្រូវការធ្វើការទៀត !
មិនបង្អង់យូរ កំពុងតែឃ្លានស្រាប់ផង ស្រីមិនសំចៃមាត់ នាងក្រមុំបួងគ្មានសល់បាយ មួយគ្រាប់ក្នុងចាន ប្រុងហាមាត់សុំគេថែមបាយ តែស្រីអៀនទើបបិទក្រពះប៉ុណ្នឹងសិន ! រាជយកទឹក មកឲ្យ ស្រីក្រេបមិនសល់មួយតំណក់ ! រួចរាល់កម្លោះក៏សួរ ៖
- នេះអាចទៅបានហើយរឺនៅ ? ខ្ញុំត្រូវការដេក !
លឺរាជសួរបែបនេះ ស្រីហាក់នៅអែអង់ ៖
- គឺ......... !
- គឺខ្ញុំត្រូវការដេក ! ខ្ញុំមិនចាប់នាងឲ្យប៉ូលីសទេ ព្រោះខ្ញុំរវល់រកស៊ី គ្មានពេលឡើងតុលា ការ ដោះស្រាយបញ្ហាជាមួយនាងទេ ! ចាត់ទុកថា ថ្ងៃនេះខ្ញុំស៊យ ជាប់មនុស្សស្រីមាត់អាក្រក់ចុះ !
- លោក.........!
- ទៅបានហើយរឺនៅ ?
- គឺ............. គឺខ្ញុំសុំគេងនៅទីនេះមួយយប់ផងបានទេ ! ខ្ញុំមិនដឹងថា ទៅណាទៀតទេ នេះម៉ោងជិត ១០ ទៅហើយ ឯទឹកដីនេះក៏ខ្ញុំមិនសូវស្គាល់ !
- មិនបានទេ ! ខ្ញុំមិនហ៊ានទុកចោរក្នុងផ្ទះទេ ! ស្រួលមិនស្រួលស្អែកឡើងប៉ូលីសមក ដល់ផ្ទះខ្ញុំ ហើយចោរថា ខ្ញុំរួមគំនិតជាមួយចោរ មិនជាប់គុកអត់ប្រយោជន៍ហើយ ! មិនខ្វល់ថានាងមក ពីណា ជាអ្នកណា ខ្ញុំមិនឲ្យនាងដេងនៅទីនេះទេ !
នាយកម្លោះទាយដៃនាងក្រមុំចេញទៅក្រៅផ្ទះទាំងជើងនាងនៅឈឺនៅឡើយ !
- ខ្ញុំប្រាប់លោកហើយ ថាខ្ញុំមិនមែនជាចោរទេ ! ហេតុអីលោកមិនជឿខ្ញុំ ?
- មនុស្សចូលផ្ទះគេទាំងយប់បែបនេះ ទុកចិត្តម៉េចបានទៅ ? យ៉ាងណាខ្ញុំមិនទុកនាង ឲ្យនៅក្នុងបរិវេណផ្ទះ ខ្ញុំជាដាច់ខាត ! នាងចង់ទៅណាក៏ទៅៗ លើកលែងផ្ទះរបស់ខ្ញុំ !
រាជអូសស្រីទៅដាក់មុខផ្ទះ កម្លោះរៀបនឹងបិទរបង មាណវីក៏និយាយ ៖
- លោក........
- មិនអីទេ ! បាយមួយពេលនេះចាត់ទុកថា ខ្ញុំធ្វើបុណ្យចុះ ! មិនបាច់និយាយពាក្យ អរគុណទេ ! គុណស្រ័យតិចតួចខ្ញុំមិនគិតគូរ ! រាត្រីសួស្តីណា៎ !
រាជក៏បិទរបងទ្វារផ្ទះទាំងមិនបានគិតដល់អារម្មណ៍ស្រីថា ចង់និយាយអ្វីឡើយ ! នាយមាណពដើរចូលទៅក្នុងផ្ទះបាត់ បន្សល់ទុកឲ្យនាងក្រមុំតាមមើលតាមប្រឡោះរបង ។ ធីតាកម្សត់ ដាក់ខ្លួនអង្គុយចុះ ដៃអោបបង្វេចជាប់ រួចបន្លឺសម្លេងតិច"ប្រាប់ខ្លួនឯង ៖
- ឯងអស់មធ្យោបាយកែវ ! បើទៅមុខក៏មិនដឹងទៅទីណា កន្លែងណាក៏ឯងមិនស្គាល់ អ្នកណាក៏គេមិន ទុកចិត្តមនុស្សប្លែកមុខឯងដែរ ! កណ្តាលអាធ្រាតបែបនេះ ទោះបីដើរទៅមុខ បើជួប មនុស្សមិនល្អ គេចាប់ធ្វើស្អីក៏ដឹង ! មានតែដេកនៅទីនេះហើយ ! អាមនុស្សចិត្តអាក្រក់ មិនទាន់ស្តាប់ ហេតុផលផងក៏ដេញ គ្នាចេញពីផ្ទះទាំងយប់អាធ្រាត បែបនេះ ! ហេតុអីក៏ខ្ញុំជួបតែមនុស្សចិត្តអាក្រក់ បែបនេះ !
ស្បៃអន្ទកាលគ្រប់ដណ្តប់ពេញពាសភពផែនដី យប់កាន់តែជ្រៅ សន្សើមកាន់តែធ្លាក់ កម្លោះរាជគេង លើពូកដណ្តប់ភួយយ៉ាង កក់ក្តៅសុខស្រួយ មិនបានខ្វល់ថា ធីតាកែវដែលនាយបាន ដេញចេញពីផ្ទះនោះមានសភាពយ៉ាងណានោះទេ ! ម៉ោងទើបតែ ២ រំលងអាធ្រាតសម្លេងតន្រី្តនៅតែ បន្លឺល្វើយៗ ចេញពីបន្ទប់នាយរាជ ។
សូមទស្សនាវគ្គ ២ !
No comments:
Post a Comment