8/26/2014

ប្រលោមលោក ៖ ជើងមេឃស្នេហ៍អូន ( ភាគបញ្ចប់ )



ភាគបញ្ចប់
ម៉ោងប្រមាណ ៨ ព្រឹករាជក៏ទទួលបានទីកន្លែងដែលត្រូវ យកលុយទៅដោះយកកែវ ប៉ុន្តែពួកវាបាន និយាយថា គ្មានប៉ូលីស ទើបការងារមានសុវត្តិភាពដល់កែវ ហើយរាជក៏បានសន្យាជាមួយ ពួកវាថា គេទៅតែពីរនាក់គត់ ។ រាជ និងនាយយ៉ាបានមកជួបគ្នា នៅកន្លែងណាត់កាលពីយប់មិញ ទើបឆ្ពោះដំណើរ ទៅទីតាំងដែល រាជទទួលបានតាមទូរស័ព្ទ ។ រាជក្នុងសម្លៀកបំពាក់ខោខោប៊យ ជាមួយអាវក្រឡាដៃខ្លី ជាអ្នកកាន់ចង្កូតឡាន ឯនាយយ៉ាអង្គុយសម្លឹង ទៅផ្លូវចោលទាំងវា ឮចាក្នុងចិត្តបារម្ភពីកែវ ៖
កែវ !  ខ្ញុំមកជួយនាងហើយ ! ខ្ញុំមិនឲ្យនាងមិនអ្វីកើតឡើយ ជីវិតខ្ញុំថ្ងៃនេះគឺមកដូរនាង ត្រឡប់ទៅវិញ !
រាជក៏ពោលឡើង ក្នុងបំណងលើកទឹកចិត្តយ៉ាមិនឲ្យបារម្ភ ៖
ឯងកុំបារម្ភពេកអាយ៉ា !  កែវប្រាកដជាមិនកើតអីទេ!
តែបើកែវកើតអីទៅ ជីវិតខ្ញុំរស់គ្មានន័យទេ  ខ្ញុំមិនអាចរស់ ដោយគ្មានកែវបានទេ !
សម្តីនាយយ៉ាបានចាក់យ៉ាងជ្រៅចូលក្នុងបេះដូងរាជ ធ្វើឲ្យ នាយកម្លោះម្នាក់នេះវាចាលែងចេញ បានត្រឹមតែបញ្ជាចង្កូតឡាន ទាំងអារម្មណ៍មិនសុខចំពោះសម្តី និងកាយវិកាបារម្ភរបស់យ៉ាលើកែវ ។ ភាពឈឺចាប់ស្ទើរតែអង្រួនទឹកភ្នែកនាយឲ្យស្រក់ចុះ ប៉ុន្តែនរៈ ព្យាយាម លាក់ទុកក្រោមរូបភាពដ៏ខ្លោចផ្សា ។ រូបភាពអតីតកាល ផុសឡើងភ្លាមៗទាំងមិនយល់ពីអារម្មណ៍រាជដែលកំពុងតែឈឺចាប់ ឡើយ ។ សកម្មភាពដែលបានកើតឡើងក្រោមស្នាមញញឹម និងសម្តី ប្រកែកទាស់ទែង ធ្វើឲ្យរាជកាន់តែឈឺចាប់ លើសដើម ។ រូបភាពទាំង នោះក៏បានរលុបអស់ភា្លមមួយរំពេច ហើយរថយន្តក៏បានចូលចតពី មុខកូនផ្ទះ តូចមួយដែលបានទុកចោល ។ ស្លឹកឈើជ្រុះពេញដី ឯស្មៅ វែងខ្លីក៏មិនមានអ្នកកាត់ បញ្ជាក់ថា ផ្ទះនេះទុក ចោលមិនតិចឆ្នាំទេ ។ រាជបើកទ្វារចុះក្នុងដៃកាន់សោរឡាន ឯយ៉ាចុះជាមួយកាបូបដែល មានលុយប្រាំ លានក្នុងដៃ ហើយសម្លឹងទៅក្នុងផ្ទះដ៏ស្ងាត់ជ្រងំនោះ ។ ពួកគេងាកមកសម្លឹងមើលមុខគ្នា ហើយក៏ដើរ ចូលទៅ ស្រាប់តែ សម្លេងអ្វីម៉្យាងបានបន្លឺឡើងពីក្រោយខ្នងអ្នកទាំងពីរ ។ រាជរហ័ស ណាស់ គ្រាន់តែលឺ សម្រិបជើង នាយក៏ស្ទុះបកក្រោយវ៉ឹងទៅរក ប្រភពសម្លេងជាមួយកណ្តាប់ដៃ ប៉ុន្តែភ្លាមនោះស្រាប់តែ សម្លេងស្រែកឡើង ៖
ខ្ញុំទេបងរាជ !
នី !
កម្លោះលាន់មាត់ខណៈពេលស្រីស្រស់នីកំពុងតែឈរពីមុខគេ ក្នុងឈុតអាវខ្មៅដូចជាអ្នកប្រយុទ្ធ ស្រី ។ គ្រាន់តែលឺរាជហៅឈ្មោះ នី កម្លោះយ៉ាស្ទុះមកដែរ ទាំងវាចាឡើង ៖
នាងមកទីនេះធ្វើអី ?
គឺមកជួយពួកលោកហ្នឹងណា៎ !
រាជក៏ស្តីកាត់ភ្លាម ៖
 តែវាគ្រោះថ្នាក់ណាស់នី ហេតុអ្វីក៏នីតាមពួកបងមក ? នីឆាប់ ត្រឡប់ទៅផ្ទះវិញទៅ បងមិន អនុញ្ញាតឲ្យចូលទៅជាមួយពួកបងទេ ! គ្រោះថ្នាក់ណាស់ នីដឹងទេ ?
ប៉ុន្តែនីមិនអាចឲ្យពួកបងប្រថុយគ្រោះថ្នាក់តែពីរអ្នកបែបនេះ ទេ ! ខ្ញុំក៏ជាចំណែកមួយដែល បានដឹងលឺរឿងមួយនេះដែរ ! ដូច្នេះខ្ញុំ មិននត្រឡប់ទៅវិញទេ ខ្ញុំនឹងចូលទៅជួយនាងកែវជាមួយពួកបង ដែរ ! យ៉ាងណាក៏ខ្ញុំមកដល់ហើយ ទោះបងឲ្យខ្ញុំត្រឡប់ទៅវិញក៏ខ្ញុំគ្មានអ្វីត្រឡប់ទៅដែរ ទីនេះឆ្ងាយពីផ្លូវ ជាតិណាស់ !
  យ៉ាស្តីឡើងទាំងទឹកមុខហាក់ខឹងនឹងនី ៖
តើនាងជួយអ្វីបានទៅ ? មានតែនាំទុក្ខឲ្យពួកយើងទៅវិញទេ !
លោកក៏មិនខ្លាំងជាងខ្ញុំប៉ុន្មានដែរ  !មានឈ្មោះត្រឹមជាមនុស្សប្រុស តើអស្ចារ្យត្រង់ណាទៅ ?
នាង ! .......... 
ពួកគេប្រកែកគ្នាទាំងតឹងសសៃកររៀងខ្លួន រាជអស់មធ្យោបាយ ក៏គ្រវីឃាត់ពួកគេទាំងពីរ ៖
ឈប់ប៉ុណ្នឹងបានទេ ? ពួកយើងមកជួយមនុស្សណា៎ មិនមែនមកឈរប្រកែកគ្នាយកឈ្នះរៀង ខ្លួនបែបនេះទេ ! ! ឆាប់ចូលទៅ
រាជ និងយ៉ាក៏បើកទ្វាររបងដើរចូលទៅ នីរត់តាមក្រោយក៏សួរ ឡើង ៖
ចុះខ្ញុំបងរាជ ?
រាជសម្លឹងមកកាន់នីទាំងបារម្ភ ប៉ុន្តែបើមិនឲ្យនាងទៅជាមួយក៏ វាកាន់តែគ្រោះថ្នាក់ ។ នាយក៏តប ៖
ក៏តាមបងមក ប៉ុន្តែហាមធ្វើអ្វីទាំងអស់ ! នៅឲ្យស្ងៀម ហើយប្រយ័ត្នខ្លួនឯងគ្រប់ពេល ! លឺទេ ? 
ចាស៎ បង !
នីដើរតាមពិក្រោយកម្លោះទាំងពីរ ឯយ៉ាបង្ហាញទឹកមុខហាក់មិន ពេញចិត្តនិងវត្តមានស្រីស្រស់ យើងឡើយ ព្រោះនាយគិតថា នាងជា មេរំខាន ហើយអាចនឹងនាំគ្រោះថ្នាក់ដល់ពួកគេទៀតផង ។ អ្នកទាំង បីដើរចូលកាន់តែកៀកទៅៗ ប៉ុន្តែសភាពការណ៍ក្នុងផ្ទះហាក់បីដូច ជាស្ងាត់ជ្រងំពុំមានមនុស្ស ឡើយ ។ មកដល់ច្រកទ្វារចូលផ្ទះ រាជ សម្លឹងមើលមុខយ៉ាបន្តិច ក៏ស្តី ៖
ប្រយ័ត្នខ្លួនបន្តិចណា៎ អាយ៉ា !
ឯងក៏ដូចគ្នា ! ប្រយ័ត្នខ្លួនផងអារាជ !
ពួកគេក៏ងក់ក្បាលដាក់គ្នា ហើយច្រានទ្វារចូលទៅ ក៏ប្រទះ ឃើញកែវត្រូវជាប់ចំណង ជាមួយកៅអីនៅចំកណ្តាលផ្ទះ ចំណែក មាត់ស្រីត្រូវពួកវាចងនិងក្រណាត់បិទជិត ។
កែវ.......( រាជ និងយ៉ា ) !
ពួកគេស្ទុះចូលទៅ ឯកែវគ្រវីក្បាលដាក់នាយយ៉ាដែលស្ទុះចូល ទៅរកនាងលឿនជាងគេហាក់ ដូចចង់និយាយប្រាប់អ្វីម៉្យាង ប៉ុន្តែមាត់ ស្រីត្រូវបានគេបិទជិត ។ ឯនីក៏ទទួលកាបូប បន្ទាប់ពីយ៉ាបោះមកឲ្យ ស្រី ។ សភាពការណ៍ពេលនេះហាក់បីដូចជាចម្លែកណាស់ ហេតុអ្វីក៏ មិនឃើញវត្តមានពួកវានៅក្នុងផ្ទះនេះ អញ្ចឹង ? រាជគិតឃើញភ្លាម ក៏ស្រែកទៅកាន់នាយយ៉ា ៖
អាយ៉ាកុំចូលទៅអី  ! ប្រយ័ត្នណា៎ !
សំណាងអាក្រក់ រាជស្រែកឡើងមិនទាន់ចប់សម្តីផង នាយយ៉ា ក៏ត្រូវពួកវាស្ទុះចេញពីទីណាក៏មិន ដឹង ចាប់គ្រៀកនាយចាប់រើពុំរួច ។ ជនចម្លែកប្រមាណបួនប្រាំនាក់ក៏ដើរចេញមកជាមួយសម្លេងទះដៃ ហើយញញឹមមកកាន់រាជ ៖
មកដល់ហើយហ្អេស អាកម្លោះសង្ហារ ? យ៉ាងម៉េចដែរ មានលុយគ្រប់គ្រាន់សម្រាប់ដោះ ខ្លួនស្រីម្នាក់នេះទេ ?
រាជនិងនីក៏ដើរចូលទៅ ប៉ុន្តែនាយមិនប្រហែសខ្លួនទេ ឯនី អោបកាបូបលុយជាប់ដើមទ្រូងស្រី ៖
លុយដែលពួកឯងចង់បានគឺគ្រប់គ្រាន់អស់ហើយ ! ខ្ញុំត្រូវ ការតែមនុស្សរបស់ខ្ញុំត្រឡប់ទៅវិញទេ ! ឆាប់ដោះលែងពួកគេទៅ !
អាមេខ្លោងដែលមានពុកមាត់ស្រម៉ោម ក៏ជញ្ជក់មាត់ លើកដៃ គ្រវី ៖
មិនបានទេវ៉ើយ ដរាបណាលុយមិនទាន់ដល់ដៃយើង ហើយឲ្យដោះលែងមនុស្សស្រួលៗ បែបនេះដូចជាមិនសមទេដឹង ?
ភ្លាមនេះនីក៏ស្តីឡើង ៖
អញ្ចឹងដៃម្ខាងហុចលុយ ដៃម្ខាងហុចរបស់ បែបនេះល្អទេ ឯងក៏មិនខាត ខ្ញុំក៏មិនខាត ! ពួកយើងសហការគ្នាបែបនេះទៅ !
ខណៈសម្តីនីបោះទៅបែបនេះ ពួកវាហាក់ពេញចិត្តសម្តីរបស់ ស្រី ក៏សម្លឹងមើលមុខគ្នា ហើយទះដៃយ៉ាងខ្លាំង ។ មេខ្លោងវាក៏ញញឹម ទាំងវាចាមកកាន់នី 
នេះហើយជាអ្វីដែលយើងត្រូវការ ពួកឯងស្រីបែបនេះគួរឲ្យ ស្រឡាញ់ដែរទេ ?
គួរឲ្យស្រឡាញ់ខ្លាំងណាស់លោកបង ហាស ហាស ហា !
នីមិនចាំយូរក៏វាចាត្រឡប់ទៅកាន់ជនល្មើសទាំងនោះ ៖
កុំស៊ីពេលច្រើនពេក ខ្ញុំត្រូវកាមនុស្ស ឯពួកឯងក៏ត្រូវការលុយ មិនអញ្ចឹងហ្អេស ?  ពួកយើងដោះដូររបស់ទៅប្រសើរជាង !
បានៗ អូនស្រីឆ្លាតរបស់បង អញ្ចឹងយើងលេងល្បែងនេះជាមួយគ្នាទៅ ! នាងកាន់លុយ នោះចូលមក ខ្ញុំនឹងឲ្យអាម្សៀរនេះ បណ្តើរស្រីម្នាក់នេះចេញទៅ ប៉ុន្តែហាមលេងល្បិចជាមួយយើង មិនអញ្ចឹងទេ ពួកនាងគ្មានជីវិតត្រឡប់ទៅវិញទេ !
បាន  ! ខ្ញុំនឹងធ្វើតាមពួកឯងត្រូវការ !
នី......! ( រាជ )
កុំភ័យអីបងរាជ ខ្ញុំចេះការពារខ្លួនឯងហើយ ! ខ្ញុំនឹងយកលុយនេះដើរចូលទៅ ហើយពេលដែល លោកយ៉ានាំកែវចេញមកបានហើយ បងឆាប់នាំពួកគេចេញពីទីនេះទៅ !
ប៉ុន្តែនេះ!.....
នីមិននិយាយអ្វីទៀតទេ ស្រីក៏ដើរចូលទៅជាមួយកាបូបក្នុងដៃ ឯជនល្មើសក៏ស្រាយខ្សែពីមាត់ និងដៃកែវ ហើយឲ្យនាយយ៉ាបណ្តើរ ស្រីចេញ ជាថ្នូរនឹងនីដើរចូលទៅជាមួយលុយ ។ យ៉ា និងនីក៏បារម្ភពី សុវត្ថិភាពនី មកដល់ទន្ទឹមគ្នា កែវក៏ពោលទាំងចិត្តបារម្ភ ៖
អ្នកនាងនីប្រយ័ត្នខ្លួនបន្តិចណា៎ !
នាងត្រូវប្រយ័ត្នខ្លួនណា៎ ពួកយើងត្រូវត្រឡប់ទៅវិញជាមួយ គ្នាណា៎ ! ខ្ញុំចាំនាង !
ពាក្យសម្តីដ៏ទន់ភ្លន់ដែលនីមិនធ្លាប់បានលឺចេញពីមាត់នាយ យ៉ា ពេលនេះបានទម្លាយចេញហើយ ធ្វើឲ្យស្រីហាក់ទទួលអារម្មណ៍ ប្លែក ។ នីមិនតបអ្វីច្រើនឡើយ នាងបានត្រឹមងក់ក្បាលទទួលពាក្យ ព្រួយបារម្ភរបស់អ្នកទាំងពីរ ហើយក៏ដើរចូលទៅ ។ មកដល់មុខជន ល្មើស ធីតាយើងក៏ហុចកាបូបទៅ ឲ្យពួកវា រៀបនឹងត្រឡប់ខ្លួនបក ក្រោយ ក៏ត្រូវពួកវាចាប់ស្រីជាប់ ។ ស្រីព្យាយាមរើដែរ តែកម្លាំងដៃ ជនល្មើសទាំងនោះមិនងាយសម្រាប់ស្រីរើបម្រាស់ឡើយ ។ ឃើញ សភាពការណ៍ច្របូកច្របល់ ពេលដែលពួកវាមិនគោរពសម្តី នីក៏ស្តី ៖
ពួកឯងគិតចង់ធ្វើអី នេះពួកឯងក្បត់សន្យាមែនទេ ? លែង យើងទៅ !
មេខ្លោងហុចកាបូបលុយនោះទៅឲ្យកូនចៅវាកាន់ ហើយវាបែរមុខមករកស្រីទាំងលើកដៃអង្អែល ថ្ពាល់ដ៏ក្រហមព្រឿងៗ ៖
វាគួរឲ្យស្តាយខ្លាំងណាស់ ពេលដែលបងដោះលែងមនុស្ស ស្រីឆ្លាតៗ ហើយគួរឲ្យស្រឡាញ់ បែបនេះ ! បងនិយាយថា បងនឹង ដោះលែងមនុស្សពីរនាក់នោះ ប៉ុន្តែបងមិនបាននិយាយថា នឹងដោះ លែងអូនឯណា ? ហាស ហាស ហា !
រាជស្រែកមកកាន់ពួកជនល្មើសទាំងកំហឹងឆេះឆួល ពេលដឹង ថាពួកវាមិនគោរពពាក្យសំដី ៖
ពួកឯងត្រូវការអីទៀត ទើបពួកឯងឈប់ចងកម្មពារជាមួយពួកយើង ! ឆាប់ដោះលែងនាងភ្លាម ទៅ !
កុំមាត់លឺពេកអាកម្លោះកម្សត់ មើលវីឌីអូដែលយើងផ្ញើឲ្យឯងសិនទៅ ! ហាស ហាស ហា !
រាជលើកទូរស័ព្ទមើលរូបភាពដែលពួកវាបានផ្ញើមកឲ្យ គ្រាន់តែ ឃើញភ្លាម រាជកាន់តែឆេះឆួល ពេញទ្រូង ព្រោះតូបរបស់នាយត្រូវ ពួកវាដុតកម្ទេចចោលគ្មានសល់ ថែមទាំងជញ្ជូនដូងរបស់នាយបោះ ទម្លាក់ចូលក្នុងសមុទ្រទៀត ។ រាជបិទវីឌីអូទាំងកហឹងឆេះពេញទ្រូង ដូចមានសាំងជាក់ពីលើ ។ នាយនិយាយទាំងខឹងញ័រមាត់ ៖
ថោកទាប ហេតុអីក៏ពួកឯងធ្វើបែបនេះ ?
មេខ្លោងវាសើចដឺមកកាន់កម្លោះ ៖
ហាស ហាស ជួយមិនបានទេវ៉ើយ ! អ្នកណាប្រើឲ្យឯង ចូលមកពាក់ព័ន្ធក្នុងរឿងរបស់យើង ធ្វើអី !
ឯង........ !
រាជប្រុងស្ទុះចូលទៅរកពួកនោះ តែត្រូវយ៉ាចាប់ជាប់ ៖
ចិត្តឲ្យត្រជាក់ៗ ណា៎អារាជ នីនៅក្នុងដៃពួកវានៅឡើយ បើឯងចូលទៅម្នាក់ទៀត ប្រាកដជាមាន គ្រោះថ្នាក់ទាំងពីរមិនខាន !
រាជព្យាយាមសម្រួលអារម្មណ៍ឲ្យនឹងតាមសម្តីនាយយ៉ា ។ ឯនីវិញដែលស្ថិតនៅក្នុងដៃជនល្មើស ស្រីហាក់បីដូចជាស្ងាត់មាត់ មួយសន្ទុះទើបនាងគិតឃើញមធ្យោបាយ ដើម្បីឲ្យពួកវាដោះដៃពីស្រី ក្រមុំក៏វាចាឡើង ៖
ឯងគិតថា ស្រួលដែរទេ បើសិនជាលុយដែលពួកឯងបាន មិនមានអ្នកណាម្នាក់អាចបើបានក្រៅ ពីខ្ញុំ ហើយឯងប្រាកដទេថា លុយក្នុងកាបូបនេះគ្រប់គ្រាន់នោះ !
នេះនាងនិយាយថា យ៉ាងម៉េច ?
មែនហើយ ខ្ញុំភ្លេចប្រាប់លោកថា កាបូបមួយនេះ គ្មាន !អ្នកណាអាចបើកលេខសំងាត់បានក្រៅពី ខ្ញុំឡើយ  បើឯងប្រើកាំភ្លើងដើម្បីបំបែកលេខសំងាត់ នោះលុយនឹងឆេះអស់ ហើយពួកឯងនឹង មិនបានលុយសម្បីតែមួយរៀល !
ចង្រៃមែន !  យូរណាស់ហើយម្តេចមិនប្រាប់ ! ពួកឯងដោះ លែងនាងឲ្យបើកកាបូបសិនទៅ
កាលបើបានលឺស្រីវាចាបែបនេះ មេខ្លោងពួកវាក៏បញ្ជាកូន ចៅឲ្យដោះលែងស្រីដើម្បីឲ្យបើកកាបូប លុយជាមុន ប៉ុន្តែសំណាង អាក្រក់ នីឆ្លាតហើយរហ័ស ស្រីក៏ទាញកាបូបមកឈរនៅម្ខាងដាច់ ឆ្ងាយពីជន ល្មើសប្រមាណប្រាំម៉ែត ។ ឃើញនីគេចខ្លួនចេញពីពួកគេ ជនល្មើសទាំងនោះក៏ទាញតម្រង់មកស្រីគ្រប់គ្នា ប៉ុន្តែស្រីលើកកាបូប លុយឡើងលើទាំងវាចា ៖
កុំឆេវឆាវឲ្យសោះ ! ក្នុងកាបូបនេះមានគ្រាប់បែក បើពួកឯងប្រហែស ប្រាកដជាងាប់ទាំងអស់គ្នា មិនខាន ! ធ្វើចិត្តត្រជាក់ៗ បើ មិនចង់ក្លាយជាសាកសពដែលត្រូវភ្លើងឆេះខ្លោច !
មេខ្លោងវាក្តៅឆាវ ពេលចាញ់ល្បិចស្រីខ្លួនតូចមួយដែល បង្កប់ទៅដោយភាពឆ្លៀសវៃពេលខ្លួន ។ វាទះក្បាលកូនចៅវាម្នាក់ ដែលឈរក្បែរ ៖
ពុទ្ធោអើយ ហេតុអ្វីក៏ពួកឯងល្ងង់យ៉ាងនេះ ? ទៅងាប់ឲ្យអស់ទៅ ចិញ្ចឹមបំបង់បាយទាំងអស់ !
លោកបងទេជាអ្នកបញ្ជាឲ្យខ្ញុំដោះលែងពួកវា !
អើ.... ! មកពីពួកឯងល្ងង់ទាំងអស់ទើបឲ្យពួកវាបោកបានបែបនេះ ពួកអាល្ងង់ ឆាប់ចាប់ពួកវាឲ្យបាន ទាំងអស់មិនថាងាប់ រឺរស់ទេ ត្រូវតែចាប់ឲ្យបាន !
គ្រាន់តែលឺសម្តីបញ្ជារបស់ជនល្មើស នីក៏ស្រែកទៅកាន់រាជ ៖
បងរាជ នាំទាំងអស់គ្នាគេចខ្លួនសិនទៅ !
យ៉ាក៏ទាញដៃកែវគេចខ្លួនទៅពូនក្បែរគំនរឈើចាស់ៗ អែប នឹងច្រកចេញ ឯរាជក៏ស្ទោះទៅពូនទីំ នោះដែរ លើកលែងតែនីបែរជា ផ្លោះយ៉ាងរហ័សចូលទៅរកពួកវាទាំងដែលស្រីមិនមានអ្វីការពារខ្លួនសោះ ។ ភាពភ្ញាក់ផ្អើលបាន កើតឡើង ពេលដែលរាជ យ៉ានិងកែវបានឃើញនីបញ្ចេញក្បាច់ប្រយុទ្ធដ៏ព្រឺព្រួចព្រិច ភ្នែកមិនបាន ។ ឆាក ប្រយុទ្ធបើកឡើងយ៉ាងក្តៅគគុក ខណៈពេលដែលពួកជនល្មើសមិន នឹកស្មានថា ស្រីខ្លួនតូចដូចជានីចេះក្បាច់គុនយ៉ាងស្ទាត់ជំនាញបែប នេះ ។ បើមិនបានឃើញផ្ទាល់ ពិតជាមិនជឿឡើយ ។ នីស្ទុះទៅទាត់ កាំភ្លើងពីដៃអាម្នាក់ដែលកំពុងតែផ្ចុងមករកស្រីឲ្យធ្លាក់ពីដៃ ហើយ បង្វិលខ្លួនយ៉ាងរហ័ស ត្រឡប់ទៅ ធាក់ដើមទ្រូងអាម្នាក់ទៀតឲ្យដួល បះជើងច្រងាង ។ ឃើញក្បាច់ប្រយុទ្ធរបស់នី ម្នាក់ៗសុទ្ធតែ  ញញើត សម្បីតែមេខ្លោងពួកវា ប៉ុន្តែពួកវានៅតែមិនព្រមចុះចាញ់ស្រីឡើយ ហើយបន្តប្រយុទ្ធយ៉ាង មមាញឹក ។ នីរហ័សជាងគេគឺជើងស្រី ដូច្នេះ ពួកវាម្នាក់ៗសុទ្ធតែដួលបះជើងដោយសាររន្ទះជើងស្រី ឯអ្នកខ្លះបែក មាត់ហូរឈាមរឹមៗ ។ ឆាកប្រយុទ្ធកាន់តែខ្លាំង នីតែម្នាក់ឯងហាក់បី ដូចជាពិបាកទប់ទល់ ណាស់ ស្រីនៅតែបន្តប្រយុទ្ធក្រោមក្រសែភ្នែក ទាំងប្រាំមួយរបស់កែវ រាជ និងយ៉ា ។ សភាពការណ៍ពេល នោះ ច្របូកច្របល់ខ្លាំងណាស់ ពួកវាព្រួតសម្រុកចូលទៅរកស្រីតែម្នាក់ ធ្វើឲ្យនីពិបាកទប់ទល់ ទើបត្រូវពួក វាវៃខ្ទាតទៅម្ខាង ។ ភ្លាមនោះ មេខ្លោងវាក៏លើកកាំភ្លើងតម្រង់ស្រីទាំងវាចា ៖
ទៅដេកនៅនរកទៅស្រីចង្រៃ !
ឃើញបែបនេះ កែវក៏ស្រែកឡើងទាំងរត់ទៅរងគ្រាប់កាំភ្លើង ជំនួសនី ៖
អ្នកនាងនីប្រយ័ត្ន!.........
កែវប្រយ័ត្ន! (រាជ).........
អារាជ.......! ( យ៉ា )
គ្រាប់កាំភ្លើងបានបន្លឺឡើងយ៉ាងខ្លាំង ៖
បងរាជ! (នី).....
អារាជ! (យ៉ា).....
គ្រាប់កាំភ្លើងបានតម្រង់យ៉ាងត្រង់ទម្លុះចូលក្នុងប្រាណនាយ រាជមិនមែនកែវឡើយ ព្រោះខណៈ នាយបានឃើញកែវរត់ចេញ នាយ ក៏រត់តាមពីក្រោយហើយក៏ស្ទុះមករងគ្រាប់ជំនួសនាង ។ ឈាមចាប់ ផ្តើមរត់ចេញពិកាយរាជមកក្រៅក្រហមឆ្អៅ ក្រោមរូបភាពនាយកម្លោះ អោបប្រាណកែវជាប់ពីក្រោយ ។ ពេលដឹងថា នាយរាជរងគ្រាប់ជំនួសនាង កែវក៏បង្វែរខ្លួនមកទប់ប្រាណរាជដែលកំពុងតែ ទន់ម្តងបន្តិចៗ រហូតជង្គង់ដល់រនាបផ្ទះ ។ កែវស្រែកឡើងភ្លាត់សម្លេងពេលឃើញឈាមប្រឡាក់ដៃស្រីគឺជាឈាម របស់រាជ ៖
លោករាជ.....លោករាជ..... ! លោកកុំកើតអីណា   ! លោកកុំកើតអី លោកលឺខ្ញុំនិយាយទេ !
រាជនៅមានស្មរតីនៅឡើយ កម្លោះចាប់ដៃកែវជាប់ទាំងវាចា ៖
នាងកើតអីទេ ? នាងមានឈឺត្រង់ណាទេកែវ ?
តំណក់ទឹកភ្នែករបស់កែវចាប់ផ្តើមស្រក់ជាលើកដំបូងនៅចំពោះ មុខរាជទាំងអារម្មណ៍ស្ទើរមិន ជឿថានាយរាជហ៊ានចេញមករងគ្រាប់ជំនួសនាង ។
ឈប់និយាយទៅរាជ ! លោកហូរឈាមច្រើនណាស់ !
កែវ.... ខ្ញុំចង់និយាយរឿងមួយប្រាប់នាង ប៉ុន្តែខ្ញុំខ្លាចនាង មិនព្រមស្តាប់រឿងមួយនេះ ! តែពេលនេះ ខ្ញុំខ្លាច ខ្ញុំគ្មានពេលបាន និយាយប្រាប់នាង ! តើខ្ញុំអាចនិយាយប្រាប់នាងនៅពេលនេះបានទេ ?
កែវចាប់ដៃរាជជាប់ ហើយវាចាតបកម្លោះទាំងទឹកភ្នែកស្រក់ ៖
ខ្ញុំរីករាយនឹងស្តាប់រឿងរបស់លោកគ្រប់យ៉ាង លោកនិយាយមកណា៎ រាជ ! លោកនិយាយមក ខ្ញុំចាំស្តាប់ !
រាជខំប្រមូលកម្លាំងដែលនៅមានសល់ មកនិយាយជាមួយកែវ ទាំងដែលបបូរមាត់របស់មាណព ស្លេកទៅៗ ៖
គឺខ្ញុំសុំទោសនូវរាល់ទង្វើដែលខ្ញុំបានធ្វើចំពោះនាងកាលពីមុន  នោះក៏ព្រោះតែខ្ញុំមិនស្តាប់ហេតុ ផលរបស់នាង ទើបធ្វើឲ្យនាង ជួបគ្រោះថ្នាក់បែបនេះ ឲ្យខ្ញុំសុំទោសណា៎ កែវ ! ខ្ញុំសុំទោស !
ខ្ញុំមិនដែលខឹងនិងលោកទេណារាជ ! លោកធ្វើល្អចំពោះខ្ញុំ ច្រើនណាស់ ខ្ញុំទេដែលត្រូវអរគុណ លោក ! លោកតែងតែជួយខ្ញុំ លោកផ្តល់ស្នាមញញឹមដល់ខ្ញុំ ថ្ងៃនេះលោកចេញមកជួយខ្ញុំទៀត អរគុណណា៎ រាជ !
អាការៈរបស់រាជកាន់តែធ្ងន់ធ្ងរ កែវនិងគ្រប់គ្នានៅទីនោះកាន់ តែភ័យ និងបារម្ភចំពោះសភាពរបស់ រាជ ។ យ៉ាក៏ពោលទៅកាន់រាជ ទាំងចិត្តរន្ធត់ចំពោះមិត្តភ័ក្ក្រ ៖
ឯងឈប់និយាយទៅបានហើយណា៎ អារាជ ឯងហូរឈាមច្រើនណាស់ ! ខ្ញុំនឹងមិនឲ្យពួកវារួច ខ្លួនទេ ពេលនេះ នីនិងប៉ូលីស កំពុងតែតាមចាប់ពួកវាហើយ ! ឯងត្រូវតែមិនកើតអ្វីទាំងអស់ !
រាជចាប់ដៃកែវកាន់តែខ្លាំងទៅៗ ព្រោះគេដឹងខ្លួនគេកំពុងតែ អស់កម្លាំងទៅៗ ។ នាយក៏ហាមាត់ និយាយពាក្យមួយមាត់ប្រាប់កែវ ៖
កែវខ្ញុំ..... ខ្ញុំ...... !
មិនទាន់បានបញ្ចប់ពាក្យសម្តីដែលនាយបាននិយាយផង កម្លោះក៏បាត់មាត់ឈឹងលើដៃកែវ ។ ស្រីអង្រួនដើមទ្រូងរាជ ទាំងវាចាលាយឡំដោយតំណក់ទឹកភ្នែក ៖
រាជ....! លោកដឹងខ្លួនឡើង ! លោកមិនត្រូវកើតអីទេ ក្រែងលោកនិយាយថា លោកបារម្ភពីខ្ញុំ នោះអី លោកត្រូវក្រោកឡើង កុំទុកខ្ញុំឲ្យនៅម្នាក់ឯងណា៎ ក្រោកឡើងរាជ ! ឆាប់ក្រោកឡើង ! ក្រោកមកនិយាយជាមួយខ្ញុំមក កុំទុកខ្ញុំចោលបែបនេះណា៎ ! លោកត្រឡប់មកនិយាយពាក្យថា បារម្ភខ្ញុំចំេពោះម្តងទៀតបានទេ ?
អារាជ? .....
ឡានពេទ្យបានមកដល់យ៉ាងរហ័ស បន្ទាប់ពីនាយយ៉ាតេទៅតាម ។ ក្រុមគ្រូពេទ្យបានលើករាជ ដាក់ឡាន ហើយចេញពីកន្លែង កើតហេតុយ៉ាងលឿន ចំណែកក្រុមជនល្មើសបានព្យាយាមរត់ចេញ ទៅតាមទ្វារក្រោយ ប៉ុន្តែនៅតែមិនអាច គេចផុតពីកណ្តាប់ដៃប៉ូលីសក្រោមគំរោងការរបស់នី ។ 

នៅខាងមុខបន្ទប់សង្រ្គោះបន្ទាន់កែវឈរសម្រក់ទឹកភ្នែក បង្ហាញពីអារម្មណ៍ព្រួយបារម្ភចំពោះរាជ យ៉ាងខ្លាំង ឯនាយយ៉ាបាន ត្រឹមតែឈរសម្លឹងមើលកែវក្រោមទឹកភ្នែករត់ត្របាញ់ពេញកែវភ្នែក នាយ ។ ទីបំផុតអ្វីៗក៏បានបង្ហាញឲ្យឃើញថា ពួកគេពិតជាមាន ទំនាក់ទំនងជ្រាលជ្រៅច្រើនជាងគេ ។ 
( ឯងសំណាង ណាស់អារាជ ដែលមានមនុស្សស្រីល្អចាំទទួល និងបារម្ភពីឯង ចំណែកខ្ញុំបានត្រឹម តែលួចស្រម៉ៃចំពោះនាង ទាំងដែលមិនដឹងថា ពួកឯងមានទំនាក់ ទំនងជ្រាលជ្រៅយ៉ាងនេះ ។ ខ្ញុំរំខាន អារម្មណ៍ឯងដែរទេរាជ ? )  
គ្រូពេទ្យក៏ដើរចេញពីបន្ទប់ កែវនិងយ៉ាក៏ស្ទុះចូលទៅសួរពីអាការៈរាជ ៖
លោកគ្រូពេទ្យ ! អ្នកជំងឺយ៉ាងម៉េចហើយ ?
គ្រូពេទ្យដោះម៉ាសចេញពីមុខ ហើយតប ៖
អ្នកនាងជាភរិយាអ្នកជំងឺមែនទេ ? ចូលរួមត្រកអរផងណា៎ អ្នកជំងឺផុតគ្រោះថ្នាក់ហើយ ព្រោះគ្រាប់មិនត្រូវចំចំនុចសំខាន់ឡើយ ម្យ៉ាងអ្នកជំងឺហាក់បីដូចជាមានកម្លាំងចិត្តពិសេសអ្វីម្យ៉ាង ដែលធ្វើឲ្យ គេជួយខ្លួនឯងបាន ! ប៉ុន្តែពេលនេះ អ្នកជំងឺនៅមិនទាន់ដឹងខ្លួននៅ ឡើយទេ ! ប្រហែលជា ៤ ម៉ោងទៀត អ្នកជំងឺនឹងដឹងខ្លួនឡើងវិញ ហើយ ! បើអស់កិច្ចការហើយ គ្រូពេទ្យសុំទៅសិនហើយណា៎ !
អរគុណលោកគ្រូពេទ្យ !
បាទអរគុណលោកគ្រូពេទ្យ    !
កែវលើកដៃជូតទឹកភ្នែកទាំងមានសង្ឃឹមឡើងវិញ ហើយបែរមកញញឹមដាក់យ៉ាដែលកំពុងតែ ឈរសម្លឹងមើលទៅស្រីដូចគ្នា ។

          ៤ ម៉ោងក្រោយ កែវក៏បានត្រឡប់មកមន្ទីរពេទ្យម្តងទៀតតាម ដែលពេទ្យបានប្រាប់ថា រាជនឹងបាន ដឹងខ្លួនឡើងវិញ ។ ស្រីចូលទៅ រកកម្លោះនៅក្នុងបន្ទប់ ស្រាប់តែបើភ្នែកធំៗ ព្រោះមិនឃើញអ្នកជំងឺ ឡើយ ។ ស្រីឆ្លេឆ្លារកមាណពពេញបន្ទប់ ប៉ុន្តែនៅតែមិនឃើញ ។ ទឹកមុខស្រីចាប់ផ្តើមស្លេកស្លាំង កាលបើរករាជមិនឃើញ ។ គេទៅ ណា រឺមួយមានរឿងអ្វីកើតឡើងចំពោះនាយ ។ ស្រីបម្រុងនឹងស្ទុះ ចេញទៅវិញ ស្រាប់តែសម្លេងមួយបានបន្លឺឡើងពីក្រោយខ្នងនាង ៖
កំពុងរកខ្ញុំមែនទេកែវ ?
         ស្រីក្រឡេកភ្នែកយ៉ាងលឿន ក៏ប្រទះរាជនៅឈរពីក្រោយខ្នងនាង ស្រីស្ទុះទៅអោបនរៈយើង ទាំងភ្លេចខ្លួន ព្រោះតែចិត្តរំភើប ៖
លោកធ្វើឲ្យខ្ញុំភ័យហើយដឹងទេ ? ហេតុអីលោកចូលចិត្តធ្វើ បែបនេះ ?
ធ្វើបែបនេះហ្នឹង គឺធ្វើបែបណាទៅ ?
គឺ........... !
រៀបនឹងនិយាយស្រីក៏ដឹងខ្លួនថា នាងកំពុងតែអោបគេទាំងភ្លេចខ្លួនហើយ ។ ស្រីប្រញាប់រលាស់ ខ្លួនចេញវិញទាំងអៀននិងកែវភ្នែក របស់រាជដែលកំពុងតែត្របាញ់មករកស្រី ។ នាងក៏បង្វែរសម្តីជាសួរ បែបហី ៖
លោកយ៉ាងម៉េចហើយ ?
គឺដូចដែលបានឃើញហ្នឹងណា៎ មនុស្សកំពុងតែមានរបួស ស្រាប់តែមានមនុស្សស្រីមកអោប ភ្លាមៗ មិនប្រាប់ឲ្យដឹងមុនបែបនេះ គឺ!.....
គឺស្អីទៅ ? ខ្ញុំភ្លេចខ្លួនទេ ស្មានថា ខ្ញុំចង់អោបនាយណាស់មែនទេ ?
កែវចាប់ផ្តើមខឹងច្រឡោត រាជក៏ចូលទៅចាប់ដៃស្រី ៖
ពុទ្ធោអើយ ! និយាយលេងទេ ឆាប់ខឹងម្លេះ ? អ្នកណាមិន ចង់ឲ្យមនុស្សដែលខ្លួនស្រឡាញ់ មកអោបនោះ !
លឺពាក្យស្រឡាញ់ភ្លាម កែវគាំងសម្តីនិយាយមិនរួច បេះដូងហាក់ទទួលនូវភាពចម្លែក ហើយកម្រើកលោត ម្តងបន្តិចៗ ឯថ្ពាល់ វិញបែរមកប្តូរពណ៍ក្រហមភ្លាមមួយរំពេច ។ ស្រីនឹកនិយាយអ្វីមិន ចេញបានត្រឹមតែ បែរភ័ក្ក្រមករករាជ ទាំងកែវភ្នែកស្រទន់ចម្លែកដែល នាងមិនធ្លាប់បានធ្វើពីមុន ។ កម្លោះរាជចាប់ដៃទាំង ពីររបស់កែវ ហើយបន្ថែមវាចា ៖
ខ្ញុំស្រឡាញ់នាងណា៎ កែវ ព្រមទទួលក្តីស្រឡាញ់ខ្ញុំដែរទេ ?
កែវប្តូរចរិកភ្លាមមួយរំពេច ៖
នេះ លោកមកសារភាពខុសមនុស្សទេដឹង ? ខ្ញុំមិនទទួលទេ !
ពុទ្ធោកែវ ! ខ្ញុំសារភាពត្រូវមនុស្សហើយ   ! ហេតុអ្វីក៏កែវមិនទទួល ? កែវស្អប់ខ្ញុំដែលធ្លាប់ ធ្វើបាបកែវកាលពីមុនមែនទែ ?
អត់ទេ ខ្ញុំមិនដែលខឹងលោកទេ ប៉ុន្តែខ្ញុំមិនអាចទទួលក្តី ស្រឡាញ់ពេលនេះបានពិតមែន ! លោកទុកសារភាពប្រាប់ស្រីដទៃទៅ បើលោកអស់អីហើយ ខ្ញុំត្រឡប់ទៅវិញហើយ ព្រោះលោកយ៉ា ចាំនៅខាងក្រៅ ជម្រាបលាចា៎ !
កែវ.នាងចង់សម្លាប់ខ្ញុំបែបនេះមែនទេ ? ហេតុអីក៏មិនអាចទទួលក្តីស្រឡាញ់ខ្ញុំបាន ? រឺមួយអាយ៉ាសារភាពស្នេហ៍ឲ្យនាងមុនខ្ញុំ រឺមកពីគេមានជាងខ្ញុំ ?
កែវងាកមកវិញ ពេលលឺសម្តីរាជ ៖
មែនហើយ ! ខ្ញុំស្រឡាញ់លោកយ៉ា ព្រោះគេជាអ្នកមាន ហើយគេបានសារភាពស្នេហ៍ឲ្យខ្ញុំ មុនលោក ប៉ុណ្ណឹងលោកបានយល់ទេថា ហេតុអីខ្ញុំមិនទទួលស្នេហ៍លោក ?
សម្តីរបស់កែវប្រៀបដូចព្រួញដ៏មុតចាក់ចំកណ្តាលបេះដូង នាយឲ្យឈឺពើតផ្សា ពេលលឺថា កែវស្រឡាញ់នាយយ៉ា ។ ទឹកភ្នែក រាប់រយតំណក់រត់ត្របាញ់ស្ទើរស្រក់ចុះ ប៉ុន្តែនាយព្យាយាមទប់រហូត ដល់មិនអាចទប់បាន ទើបនាយបែរខ្នងសម្រក់វាចុះដើម្បីឲ្យទ្រូងគេ បានធូរស្បើយ ។ កម្លោះដើរចេញ ពីមុខកែវទាំងភ្នែករាប់រយតំណក់ ស្រក់កាត់ផែនថ្ពាល់ដ៏រលោង ។ មាណពរៀបនឹងដើរចេញផុត កែវក៏ បន្លឺឡើងបង្អាក់ដំណើរនាយ ៖
ប៉ុន្តែខ្ញុំមិនទាន់និយាយថា ខ្ញុំនឹងរៀបការជាមួយគេឯណា ?
រាជអរស្ទើរហោះ ពេលដែលលឺសម្តីមួយម៉ាត់ចុងក្រោយរបស់ កែវ ។ កម្លោះងាកដំណើរបកក្រោយលើកដៃជូតទឹកភ្នែក ហើយរត់មកចាប់ដៃកែវ ៖
បានន័យថា កែវនឹងព្រមរៀបការជាមួយខ្ញុំមែនទេ ?
បើលោកសុំខ្ញុំរៀបការក្រោយគេ ខ្ញុំក៏មិនប្រាកដដែរ ?
អញ្ចឹងរៀបការជាមួយខ្ញុំស្អែកតែម្តងទៅ ?
លឿនម្លេះ ?
ខ្លាចក្រោយគេហ្នឹងអី ?
កែវក៏សើចឡើង ធ្វើឲ្យនាយរាជមានសង្ឃឹមឡើងវិញ ។ ស្នាម ញញឹមដែលបង្កប់ដោយក្តី ស្រឡាញ់របស់កែវ បានឆក់យកបេះដូង របស់រាជមកគ្រប់គ្រងក្នុងជីវិត ឯនាយរាយវិញស្រវាអោបកែវ ពេញដៃ ហើយបង្ហាញស្នាមញញឹមដ៏កក់ក្តៅ ។ កំពុងតែអោបគ្នា នាយយ៉ាក៏បានចូលមកដល់ ទាំងកែវភ្នែក គួរឲ្យអាណិត ។ កែវឃើញបែបនេះ ស្រីក៏ប្រាសខ្លួនចេញពីរាជ ឯរាជឃើញយ៉ាក៏ពោលឡើង ៖
អាយ៉ា...... !
កែវភ្នែកពួកគេទាំងពីរសម្លឹងមើលគ្នាហាក់បីដូចជាមិនមែនមិត្តភ័ក្ក្រ ប៉ុន្តែមួយសន្ទុះ នាយយ៉ាក៏ និយាយឡើងទាំងសំណើច ៖
យឺតជាងខ្ញុំទេអាសម្លាញ់ ខ្ញុំនឹងសុំនាងរៀបការថ្ងៃនេះតែម្តង មិនឲ្យចាញ់ឯងដាច់ខាត !
រាជក៏បែរមកសម្លឹងកែវ ប៉ុន្តែស្រីមិននិយាយអ្វីទាំងអស់ យ៉ាក៏បន្តសម្តី ៖
ប៉ុន្តែមិនមែនកែវទេ គឺកូនក្រមុំប៉ូលីសស្រីដ៏ឆ្នើមរបស់ខ្ញុំ !
ប៉ូលីសស្រី ? (រាជ និងកែវលាន់មាត់ព្រមគ្នា )
ចេញមកបានហើយរឺនៅកូនក្រមុំស្រស់ស្អាតរបស់បង ?
ចប់វាចាយ៉ា កូនក្រមុំឆ្នើមរបស់នាយយ៉ាក៏បានបញ្ចេញកាយ ក្រោមរូបរាងជាស្រីស្រស់នី ។ រាជ និងកែវសម្លឹងមើលមុខគ្នា ហាក់ មិនចង់ជឿថា អ្នកទាំងពីរនេះអាចមានទំនាក់ទនងបែបនេះជាមួយ គ្នាបាន ។ យ៉ាញញឹម ពេលឃើញអ្នកទាំងពីរនេះសម្លឹងមុខគ្នាជា លក្ខណៈដែលស្ទើរមិនជឿ ។ យ៉ាក៏ពោលទៅកាន់នី ៖
បកស្រាយឲ្យពួកគេបន្តិចទៅ មើលពួកគេធ្វើមុខដូចជាជួបខ្មោចអញ្ចឹង ញញឹមជូនពរយើង បន្តិចទៅអារាជ !
នីស្រីស្រស់ក៏ចូលខ្លួនមកបកស្រាយរឿងការពិត ៖
ឲ្យខ្ញុំសុំទោសបងរាជ ជាពិសេសកែវផង ! ខ្ញុំលាក់បាំងយូរ បន្តិចហើយ ក៏ព្រោះតែសុវត្ថិភាព របស់កែវទើបខ្ញុំលាក់បាំងការពិត ចំពោះអ្នកទាំងអស់គ្នា ការពិតគឺខ្ញុំជាប៉ូលីសស្រី ដែលថ្នាក់លើបាន បញ្ជាឲ្យតាមការពារកែវ ខណៈពេលដែលម្តាយចុងរបស់កែវបាន សារភាពកំហុសចំពោះមុខប៉ូលីសថា គាត់បានលក់កែវទៅឲ្យក្រុម បងធំដើម្បីកាត់ថ្លៃជំពាក់ល្បែង ! ខ្ញុំព្យាយាមតាមរកកែវ ហើយក៏បាន មកជួបកែវនៅជាមួយបងរាជ ! ខ្ញុំជាប៉ូលីសស្រីប្រចាំការនៅក្រុងកំពង់សោមនេះ  ទើបវាស្រួលដើម្បីខ្ញុំ ទាក់ទងនិងការពារកែវបាន ! នេះជាហេត់ផលដែលខ្ញុំព្យាយាមលាក់បាំងជាមួយអ្នកទាំងអស់គ្នា !
នីបញ្ចប់ប្រយោគមិនទាន់ដាច់ផង នាយយ៉ាក៏បន្ទរឡើង ៖
យ៉ាងម៉េចដែរអារាជ ? កូនក្រមុំយើងក៏មិនអន់ជាងកូនក្រមុំ ឯងប៉ុន្មានដែរ ? ទាំងឆ្លាត ទាំងពូកែ ទាំងស្អាត គួរឲ្យស្រឡាញ់ខ្លាំង ណាស់ !
អូហូ.........! ផ្អែមម្លេះអាយ៉ា ?
មានអាផ្អែមជាងហ្នឹងទៀត ចង់ឃើញដែរទេ ?
ឆ្លៀតពេលនីមិនបានប្រុងខ្លួន នាយយ៉ាក៏ឆក់ឧកាសទម្លាក់ ថ្ពាល់ក្រេបយកក្លិនថ្ពាល់ដ៏ក្រអូបពីថ្ពាល់ ដ៏ក្រហមរបស់ស្រីស្រស់ យើង ដែលធ្វើឲ្យនីអៀននៅចំពោះមុខកែវ និងរាជ ។ រូបភាពដែល ស្ទើរតែមិន ឲ្យជឿទាំងនេះ បានធ្វើឲ្យរាជអស់សំនើច ហើយញញឹម ដាក់កែវទាំងវាចាតិចៗ ៖
មិនឲ្យចាញ់ឯងទេ អាយ៉ា !  សុំមួយដែរហើយ !
កម្លោះរាជប្រុងដាក់ច្រមុះចុះមិនទាន់ដល់ថ្ពាល់ ស្រាប់តែអឹប...
ស្នាមញញឹមរបស់អ្នកទាំងបួនបង្កើបានជាស្នាមញញឹមដ៏មានសុភមង្គល និងកក់ក្តៅបំផុត ។ ថ្វីត្បិតតែកែវមិនអនុញ្ញាតឲ្យរាជថើប ប៉ុន្តែកាយស្រីទាំងមូលកំពុងតែស្ថិតនៅក្នុងរង្វង់ដៃដ៏កក់ក្តៅរបស់ រាជទៅហើយ ។ រាជនៅតែប៉ងថើបស្រីរហូតដល់បានសម្រេច បន្ទាប់ពីកែវប្រហែសខ្លួនមួយប៉ប្រិចភ្នែក ។
រៀបការជាមួយបងណា៎ !
អូអូអូ.......... ផ្អែម្លេះអារាជ ?
កុំចេះឯង បិទមាត់ទៅ !
រាជចាប់ត្រកងកែវក្នុងដៃ ហើយក៏សួរម្តងទៀត ៖
ព្រមរៀបការចាមួយបងហើយរឺនៅ ?
កែវសម្លឹងមើលកែវភ្នែកដ៏ស្រទន់របស់រាជ មួយសន្ទុះទើបតប ៖
ព្រមហើយចាស៎ !
អូហូផ្អែមទាំងគូរតែម្តងហើយ ! គួរឲ្យច្រណែន ណាស់ ! នីឃើញទេ គេសុំគ្នារៀបការ ហើយ ចុះពេលណាទើបនីសុំខ្ញុំរៀបការទៅ ? ខ្ញុំចាំយូរពាក្យនេះយូរណា៎ !
លឺវាចានាយយ៉ាបែបនេះ នីស្រាប់ខឹងឆេវ មិនសមណាគេ និយាយបែបនេះសោះ ។ ស្រីទម្លាក់ទឹក មុខស្រពោន បែរខ្នងចេញពី យ៉ា ។ កម្លោះដឹងច្បាស់ពីអារម្មណ៍ នាយក៏ស្រវាអោបចង្កេះស្រីពី ក្រោយទាំង វាចាទន់ភ្លន់ ៖
អូហ៍ អូហ៍ ! និយាយលេងទេ ! ខឹងទៀតហើយ !
សមនឹងខឹងដែរទេ បើលោកនិយាយបែបនេះនោះ ?
អូឃេ...  ខ្ញុំសុំទោស ! រៀបការជាមួយខ្ញុំបានទេ ?
សួរខ្លួនឯងថា អាចថែរក្សាខ្ញុំបានហើយរឺនៅ ?
កម្លោះលើកដៃបញ្ជាក់ពីការតាំងចិត្ត ៖
រួចហើយបាទ ! អាយ៉ាសន្យាថា នឹងមើលថែរក្សានីលុះជីវិតសូន្យ ! ប៉ុណ្នឹងបានហើយរឺនៅ ?
នៅទេ !
នៅទេ ? នីចង់បានអ្វីទៀតទៅ ?
មិនត្រឹមតែជិវិតសូន្យតែប៉ុណ្នឹងទេ គឺលុះផែនដីរលាយ !
លឺវាចានី រាជ និងកែវអស់សំណើច ហើយបែរមករកស្រី ស្រស់យើងទាំងពោលថា ៖
អាត្មានិយមម្លេះនី ! នេះដល់ថ្នាក់ផែនដីរលាយផងហ្អេស ?
-មិនអីទេ ! បែបនេះទើបគេហៅថា ស្នេហាអមតៈ !  
សំណើចសើចក្អាកក្អាយបានបន្លឺឡើងក្រោមស្នាមញញឹមដ៏ មានសុភមង្គល និងជីវិតដ៏កក់ក្តៅ ។ យ៉ាស្រវាខ្លួននីទៅអោបជាប់ ដើមទ្រូងហាក់បីដូចជាមានភាពកក់ក្តៅបំផុត ដែលនាយមិនធ្លាប់ មានពីមុន ។ កែវចាប់ដៃរាជច្រាកជាប់ក្នុងន័យស្រឡាញ់គ្នាជារៀង រហូត ហើយអមតៈតទៅ ។

សម្លេងភ្លេងការបានបន្លឺឡើងក្នុងភូមិគ្រិះដ៏ស្រស់ស្អាត ។ កូនកម្លោះដ៏ស្រស់សង្ហារ គូរជាមួយកូន ក្រមុំដ៏ស្រស់សោភា បាន អង្រួនបេះដូងភ្ញៀវកិត្តិយសដែលបានចូលរួមញញឹមសសើរមិនដាច់ ពីមាត់ ។ នាយយ៉ានិងស្រីស្រស់សោភានីបានសម្រេចចិត្តចូលរោង ការមុននាយរាជនិងកែវ ព្រោះអ្នកទាំងពីរនេះ បានស្ម័គ្រចិត្តសន្យាថា នឹងធ្វើដន្លងនឹងគ្នា គ្រាបើបានកូនៗធំឡើង ។

ខ្យល់ជំនោររលក់សមុទ្របក់បោកផ្ទប់ច្រាំង នាយរាជក្នុង សម្លៀកបំពាក់ខោជើងពណ៍សរ និងអាវសរចំហឡែវ កំពុងតែដឹកដៃ កែវដើរតាមឆ្នេរខ្សាច់ ។ កម្លោះដើរបន្តើរ សួរកែវបន្តើរ ៖
ពេលយើងរៀងការរួច តើអូនចង់បានកូនប្រុសរឺក៏ស្រី ?
កែវសម្លឹងភ័ក្ក្រកម្លោះកំពូលស្នេហ៍ហើយតបវាចា ៖
គឺអូនចង់បានកូនស្រីមុន !
ប៉ុន្តែបងចង់បានកូនប្រុសមុន ស្រួលនិងបានជួយការងារបង !
ចុះការងារអូនបានអ្នកណាជួយ ? បងអាត្មានិយមពេកហើយ យករួចខ្លួនតែម្នាក់ឯងបែបនេះ ! អូនមិនព្រមទេ អូនចង់បានកូនស្រីមុន !
រាជញញឹមអោបដៃសម្លឹងផ្ទៃសមុទ្រ ៖
បងមិនដឹងទេ  ! ប្រហែលជាត្រូវពឹងលើតិចនិចហើយ !
ស្រីហាក់ឆ្ងល់និងពាក្យចម្លែករបស់រាជ នាងក៏សួរ ៖
តិចនិច ? តិចនិចជាអីទៅ បងចង់មានន័យថាម៉េច ?
ពេលរៀបការរួចអូននឹងដឹងហើយ តែពេលនេះសុំលាក់ទុកសិន ! ប្រុសរឺស្រីសុទ្ធតែជាកូន របស់យើងហើយ ចាំបាច់ប្រកែកគ្នាធ្វើអី ! ឥឡូវសុំថើបថ្ពាល់ក្រអូបមួយសិនមក !
ចប់សម្តី រាជក៏ស្រវាអោបគូរសង្សារក្នុងដៃក្រោមពន្លឺព្រះសុរិយាដ៏ស្រទន់ដែលរៀបនឹងលិចទៅ ។ ស្រមោលសង្សារមួយគូរ នេះបានចាំងចូលទៅក្នុងពន្លឺព្រះអាទិត្យរៀបលិចលើរលកសមុទ្រ ដ៏ខៀវស្រងាត់ ។ រសជាតិនៃពាក្យថាសុភមង្គល បានបញ្ជ្រាបចូល យ៉ាងជ្រៅទៅក្នុងជីវិតរបស់ពួកគេ ។ សូមឲ្យពាក្យថា ស្រឡាញ់់ ស្មោះស្ម័គ្រ អមតៈស្នេហ៍ ចូលបណ្តែតក្នុងចិត្តគំនិតរបស់គេឲ្យស្រឡាញ់ គ្នាជារៀងរហូតទៅផង ៕

ចប់ដោយបរិបូរណ៍........!


No comments:

Post a Comment