8/31/2014

កំណប់ស្នេហ៍ក្រៅបេះដូង




ដោយ​៖ ហៀង​ ធារ៉ា ( ប្រឹថពី​ )

ថ្ងៃនេះ ហាងលក់វត្ថុអនុស្សាវរីយ៍របស់បងស្រីខ្ញុំ ណែនណាប់សុទ្ធតែភ្ញៀវ ព្រោះ វាជាថ្ងៃបុណ្យនៃក្តី ស្រឡាញ់ ។ ខ្ញុំកំពុងតែមមាញឹកញាប់ដៃ ញាប់ជើងជួយលក់បងស្រី ភ្ញៀវជាច្រើនបានមក សួរខ្ញុំពីតម្លៃ អ្នកខ្លះទិញចិញ្ចៀន ខ្លះទិញទឹកអប់ ខ្លះទិញតុកតាធំៗ សម្រាប់មនុស្ស ដែលគេស្រឡាញ់ មានអ្នកខ្លះទៀត អោយបងស្រីរបស់ ខ្ញុំខ្ចប់ជាកាដូ ដ៏ស្រស់ស្អាតសម្រាប់លក់អោយពួកគេ ។

ថ្ងៃនេះជា ថ្ងៃទិវាដួងចិត្ត ខ្ញុំក៏បានរៀនចំកាដូដ៏ស្រស់ស្អាតសម្រាប់មនុស្សដែលខ្ញុំស្រឡាញ់ដែរ ។ ខ្ញុំបានលួច រៀបចំវាតាំងពីក្បាលល្ងាច ព្រោះមិនចង់អោយបងស្រីខ្ញុំដឹងថា ខ្ញុំលួចរបស់គាត់ទៅអោយ សង្សានោះទេ ប៉ុន្តែវាជាអ្វីដែលខ្ញុំត្រូវការ ។ ពេលល្ងាចបន្តិច ភ្ញៀវក៏ស្ងប់ស្ងាត់ ខ្ញុំក៏សម្រេចចិត្តសុំបងស្រី ដើម្បីចេញទៅក្រៅគឺបំណង យកកាដូ ទៅអោយសង្សាខ្ញុំ ព្រោះខ្ញុំបានណាត់ជួបនាងនៅកោះពេជ្រ ។

» បងនី ខ្ញុំសុំទៅក្រៅបន្តិចណា បង !

ពេលនោះ គាត់កំពុងតែរៀបចំរបស់ចូលហាងវិញ គាត់ក៏បានតបទាំងមិនបានមើលថា ខ្ញុំកំពុងតែ អោបអ្វីនោះទេ ៖
» ទៅចុះ តែត្រូវត្រឡប់មកវិញអោយបានមុនម៉ោង ៧ ព្រោះបងត្រូវយកកាដូទៅអោយភ្ញៀវ នៅសន្ធរមុខផង
» បាទបង !

ខ្ញុំក៏អោបកាដូដ៏ធំនោះរត់ចេញទៅមិនអោយគាត់ឃើញថា នោះជាកាដូដែលខ្ញុំបានលួច ធ្វើចេញពី ហាងរបស់គាត់ ។ មកដល់មុខហាង ខ្ញុំក៏ទាញទូរស័ព្ទតេ ហើយក៏រត់សំដៅម៉ូត៉ូ ដែលចតនៅមុខហាងនោះ ហើយបើកឆ្ពោះទៅ កោះពេជ្រ ។

នៅតាម ដងវិថីនានាក្នុងទីក្រុងភ្នំពេញពោរពេញទៅដោយភាពអ៊ូអរជាពិសេស តាមតូបលក់វត្ថុ អនុស្សាវរីយ៍ សុទ្ធតែយុវវ័យ មិនថា មនុស្សដែលមានគ្រួសារហើយនោះ ទេ សុទ្ធតែខ្នះខ្នែងទិញវត្ថុ អនុស្សាវរីយ៍ សម្រាប់មនុស្សដែលពួកគេស្រឡាញ់មិនចាញ់យុវវ័យប៉ុន្មានទេ ក្នុងនោះក៏មានកាដូដែល មានការលក់ដាច់មិនចាញ់វត្ថុអនុស្សាវរីយ៍ គឺកាដូដែលរៀបចំសម្រាប់ជូនអ្នកមានគុណនៅថ្ងៃពិសេសនេះ ។

មកដល់កោះពេជ្រ ខ្ញុំក៏បានលើកទូរស័ព្ទតេទៅរកនាង ហើយខ្ញុំក៏និយាយបែបលេងសើចថា ៖

» សួស្តីស្រីស្អាត ! កំពុងតែនៅឯណាណ្នឹង ?
ពេលនោះនាងក៏បានតបទាំងសម្លេងសោកស្តាយថា ៖
» ខ្ញុំមិនអាចទៅតាមការណាត់បានទេ ព្រោហថ្ងៃនេះម៉ាក់មិនអនុញ្ញាតអោយខ្ញុំចេញទៅក្រៅទេ ! ខ្ញុំសុំទោសផងដែលធ្វើអោយបងចាំ !
» អញ្ចឹងបានន័យថា ថ្ងៃនេះខ្ញុំខកបំណងទៀតហើយមែនទេ ?  

ខ្ញុំបន្ធូរដង្ហើមធំបន្តិចទើបបន្ត ៖

» មិនអីទេ ចាំឱកាសក្រោយក៏បាន ! ចុះស្អែកនេះ នាងទៅសាលាដែរទេ ?
» ខ្ញុំអត់បានទៅទេបង ព្រោះម៉ាក់អោយជូនគាត់ទៅផ្ទះលោកយាយនៅស្រុក !
» អូហ៍ អត់អីទេអ៊ីចឹង 

នាងស្ងាត់មាត់លែងនិយាយ ខ្ញុំក៏ឆ្លៀតស្រដីមុននាងបិទទូរស័ព្ទ ៖

» Happy Valentine’s Day ណា៎ សិតា !

ខ្ញុំនិយាយមិនទាន់ចប់ផងទូរស័ព្ទក៏ដាច់ ។ ខ្ញុំបានសាកល្បងទូរស័ព្ទទៅនាងម្តងទៀត ប៉ុន្តែគេ និយាយថា ទូរស័ព្ទរបស់នាងបានបិទទៅហើយ ។ ប្រហែលជាម៉ាក់របស់នាងមកដល់ ហើយបានជាបិទ ទូរស័ព្ទទាំងមិនបានប្រាប់ខ្ញុំបែបនេះ ។ ខ្ញុំក៏បកម៉ូតូដើម្បីត្រឡប់ទៅជួយលក់បងនៅឯហាងវិញ ទាំងចិត្ត សោកស្តាយដែលមិនបានជួបនាងនៅថ្ងៃ ពិសេសនេះ ។ ទោះបីជាមិន បានអោយកាដូនាងនៅថ្ងៃនេះ ក៏ខ្ញុំសុខចិត្តជិះម៉ូតូទាំងអោបកាដូត្រឡប់ទៅវិញ ព្រោះខ្ញុំគិតថា ចាំអោយនាងនៅពេលក្រោយក៏មិនទាន់ ហួសពេល ដែរ ។ ខណៈពេល ដែលខ្ញុំជិះម៉ូតូមកដល់មាត់ទន្លេ ស្រាប់តែមិត្តភ័ក្ករបស់ខ្ញុំបានទូរស័ព្ទ បបួលខ្ញុំទៅញ៉ាំអីនៅ Dream Land ខ្ញុំក៏បកម៉ូតូត្រឡប់ទៅ Dream Land វិញទាំង អោបកាដូជាប់ក្នុងដៃ ជានិច្ច ព្រោះតែចិត្តស្រឡាញ់គេ ។ ពេលដែលខ្ញុំ Dream Land គ្រាន់តែបានឃើញកាដូខ្ញុំភ្លាមមិត្តភ័ក្ក្រ របស់ខ្ញុំក៏បង្អាប់ភ្លាម ៖

» ឯងនេះប្រាកដជាលួចអីវ៉ាន់របស់បងឯង ដើម្បីធ្វើកាដូអោយស្រីទៀតហើយ មែនអ្ហេស ?
» អ្ហើយ​! នេះឯងនិយាយអោយពិរោះស្តាប់ជាងនេះបន្តិចមិនបានទេអី ? ថ្វីត្បិតតែយើងគ្មាន លុយទិញមែន ប៉ុន្តែយើងខំធ្វើវាអស់ពីចិត្ត គ្រាន់តែវាគ្មានការអនុញ្ញាតពីបងស្រីយើងតែប៉ុណ្ណោះ !
» អើ គិតទៅវាដូចតែគ្នាទេ គ្មានការអនុញ្ញាត និងលួច វាខុសគ្នាត្រង់ណា ?
» ច្បាស់ជាខុស​ ! យ៉ាងហោចណាស់ ក៏ពាក្យគ្មានការអនុញ្ញាត វាពិរោះស្តាប់ជាងលួច​ យើងមិន​មែនចោរឯណា ? ចាំបាច់ប្រើពាក្យលួចធ្វើអី ?
» អើៗៗៗ ពិរោះក៏ពិរោះ ! និយាយលេងសោះប្រញាប់តែខឹង ! តោះឆាប់ញ៉ាំបបរ ទៅទាន់នៅក្តៅៗ 

និយាយមិនអោយខឹងម្តេចនឹងកើត បើកាដូនេះខ្ញុំព្យាយាមធ្វើវាអស់ពីចិត្ត ហើយសម្រិតសម្រាំង បានយ៉ាងស្អាតក៏ព្រោះតែមនុស្សដែលខ្ញុំស្រឡាញ់ ស្រាប់តែមកនិយាយថា លួចទៅវិញ តើអ្នកណាមិនខឹង ? ប៉ុន្តែយ៉ាងណាគេ ក៏ជាមិត្តរបស់ខ្ញុំ ដូច្នេះខ្ញុំត្រូវតែកាត់ចិត្តខឹងពីគេ ព្រោះខ្ញុំមានមិត្តដូចគេតែម្នាក់ប៉ុណ្ណោះ ។

ក្លិនបបរគ្រឿងត្រីក្លិនប្រហិរ ធ្វើអោយខ្ញុំទ្រាំយូរមិនបានក៏លើកស្លាព្រាដួសញ៉ាំ ប៉ុន្តែពេលនោះ កែវភ្នែករបស់ខ្ញុំស្រាប់តែ ប្រទាក់ភ្នែកនឹងមនុស្សស្រីម្នាក់ដែលកំពុងតែអង្គុយក្នុងតូបនោះដែរ រូបរាង របស់នាងគឺដូចជាមនុស្សស្រីដែលខ្ញុំធ្លាប់ស្គាល់មែនទែន ប៉ុន្តែ តើមនុស្សប្រុសដែលកំពុងតែអង្គុយ ជាមួយនាងនោះជានរណា ? ពេលនេះ ក្នុងចិត្ត របស់ខ្ញុំពិតជាចង់ដឹងខ្លាំងណាស់ ព្រោះកាន់តែលួចមើល នារីម្នាក់នោះ នាងកាន់តែដូចមនុស្សស្រី ដែលខ្ញុំកំពុងតែស្រឡាញ់ ។ បបរដែលមានក្លិនក្រហូបប្រហិរ បែរជាគ្មានក្លិន សូម្បីតែមិត្តភ័ក្ករបស់ខ្ញុំក៏គេឆ្ងល់នឹងកែវភ្នែកខ្ញុំដែរ ។ ខ្ញុំមិននិយាយច្រើន ក៏សម្រេចចិត្តដើរ ចូលទៅដើម្បីបញ្ជាក់អោយច្បាស់ថា នារីម្នាក់នោះជានរណា ? ខ្ញុំមិនទាន់បានទាំងមើលមុខស្រីផងក៏ខ្ញុំ ដឹងដែរថា នាងជានរណាព្រោះក្លិនទឹកអប់ដែលនាងប្រើគឺខ្ញុំចាំច្បាស់ណាស់ ព្រោះពួកយើងអង្គុយរៀនជិត គ្នា ។ ខ្ញុំស្ទើរតែមិនជឿទេ ថាមនុស្សស្រីដែលខ្ញុំកំពុងស្រឡាញ់ធ្វើបែបនេះដាក់ខ្ញុំ ។ វិញ្ញាណរបស់ខ្ញុំស្ទើរ តែមិននៅក្នុងខ្លួន ដៃខ្ញុំអោបកាដូជាប់ទាំងអារម្មណ៍ធីងធោង ចំណែកបេះដូងស្ទើរតែគាំងលែងចង់ដើរ ។ ខ្ញុំពោលទៅនាងពីក្រោយខ្នងទាំងនាងមិនដឹងថា ខ្ញុំនៅពីក្រោយនាង ៖

» សិតា​ ? 

គ្រាន់តែលឺសម្លេងខ្ញុំភ្លាម នាងក៏ងាកមករកខ្ញុំទាំងចិត្តភ្ញាក់ផ្អើល ៖

» បងវីត !

ខ្ញុំស្ទុះទៅចាប់ស្មានាង ៖

» ហេតុអ្វីក៏នាងចាំបាច់កុហកខ្ញុំ ? នាងធ្វើនេះមានន័យ ថាយ៉ាងម៉េចទៅ ?

ស្របពេលដែលខ្ញុំចាប់ដៃនាងសួរ ស្រាប់តែមនុស្សប្រុសដែលអង្គុយជាមួយនាងក៏ក្រោកឡើង ហើយប្រឡេះដៃខ្ញុំ រួចច្រានខ្ញុំចេញពីនាងទាំងកម្រោល ។ ធីស្ទុះចូលមកទប់ខ្ញុំហើយ ខ្ញុំក៏ស្ទុះចូលទៅរក បុរសម្នាក់នោះ ប៉ុន្តែសិតាចេញមុខមករាំងទាំងស្រែកឃាត់ខ្ញុំ ៖

» ឈប់សិនណា៎ បងវីត​ ! បងចង់ធ្វើអីហ្នឹង ?
» ហេតុអ្វីក៏សិតាធ្វើអញ្ចឹងដាក់ខ្ញុំ ?
» បងវីតស្តាប់ខ្ញុំណា៎ ខ្ញុំអត់ដែលមានអារម្មណ៍ថាស្រឡាញ់បងវីតទេ ! ខ្ញុំទុកបងវីតដូចជាបង ប្រុសរបស់ខ្ញុំអញ្ចឹង ! មិនថាស្នាមញញឹម ក្តីស្រឡាញ់ដែលខ្ញុំបានអោយទៅបងវីតនោះទេ វាសុទ្ធតែជា ទង្វើដែលខ្ញុំបញ្ជាក់ថា បងវីតជាបងប្រុសដ៏ល្អម្នាក់ដែលគួរអោយគោរព និងអាចសង្ឃឹមទុកចិត្តបាន ! អត់មានអ្វីច្រើនដូចបងវីតគិតនោះទេ !
» បងប្រុសអញ្ចឹងហ្អេស ? ចុះឯណាក្តីស្រឡាញ់ដែលខ្ញុំធ្លាប់ប្រគល់អោយនាង ? រឺមួយវាបានត្រឹម តែជាបងប្រុសដែលគួរអោយគោរពតែប៉ុណ្នឹងទេមែនទេ ?
» ខ្ញុំសុំទោសណា៎ បងវីត ! ខ្ញុំមិនអាចធ្វើតាមអារម្មណ៍របស់បងបានទេ ព្រោះខ្ញុំមានមនុស្សដែលខ្ញុំ ស្រឡាញ់ហើយ !
» ពេលនេះ ខ្ញុំដឹងហើយថា អ្វីជាអ្វី ហើយខ្ញុំគួរធ្វើបែបណា ? សុំទោសចំពោះរឿង កើតឡើងថ្ងៃនេះ !
» អាវីត ! ឯងចង់ទៅណា ? ( ធីស្រែកសួរ ) 

ពេលការពិតបង្ហាញអោយឃើញ ទើបខ្ញុំដឹងថា ខ្ញុំជាអ្នកណា ហើយខ្ញុំកំពុងតែគិតអ្វី ? រឺមួយក៏ខ្ញុំ ឆ្កួតនឹងរឿងស្នេហ៍នេះតែម្នាក់ឯង ? តើមានអ្នកណាអាចប្រាប់ខ្ញុំបាន បើរឿងនេះខ្ញុំជាអ្នកសាងឡើង ? ខ្ញុំសុខចិត្តដើរចេញ ក្រោយពីលឺចម្លើយដ៏ក្បោះក្បាយចេញពីចិត្ត និងអារម្មណ៍ផ្ទាល់របស់នាងមកលើខ្ញុំ ។ ពេលនេះ ទោះបីជាខ្ញុំចង់យំក៏យំមិនចេញ សូម្បីតែទឹកភ្នែកមួយតំណក់ ក៏គ្មានក្នុងកែវភ្នែកខ្ញុំដែរ ខ្ញុំដើរចេញទាំងបេះដូងខ្ទេចគ្មានសល់ មិនថាបំណែកតូចៗ ចំណែកឯត្រចៀកទាំងពីររបស់ខ្ញុំចាប់ផ្តើម ស្តាប់អ្វីលែងលឺ ។ កាដូដែលរៀបចំជូននាងនៅថ្ងៃពិសេសនេះ ខ្ញុំអោបជាប់ទ្រូងជានិច្ច ស្របពេលដែលខ្ញុំ ដើរចេញពីពួកគេទាំងពីរ ។ ខ្ញុំជិះម៉ូតូចេញពី Dream Land វិញទាំងអារម្មណ៍វិលវល់ ខួរក្បាលស្មុគស្មាញ គិតអ្វីក៏មិនចេញ ខ្ញុំលើកដៃស្ទាបថ្ពាល់របស់ខ្ញុំ ទើបដឹងថា ទឹកភ្នែកខ្ញុំស្រក់ទាំងខ្ញុំមិនដឹងខ្លួន ។មិនបានប៉ុន្មាន ខ្ញុំក៏បានបញ្ជាយាន្តមកឈប់នៅមុខសកលវិទ្យាល័យជាតិគ្រប់គ្រង ដោយគ្មានគោលដៅ ច្បាស់លាស់ថា ខ្ញុំត្រូវទីណាបន្ត ? ខ្ញុំចតយាន្តទុក រួចក៏ដើរដៅទៅដាក់ខ្លួនអង្គុយលើបង់ទាំងដកដង្ហើមធំ ឯភ្នែកសម្លឹងមើលកាដូក្នុងដៃឥតព្រិច ។ យូរៗខ្ញុំ ដកដង្ហើមធំម្តង មួយសន្ទុះក្រោយ ស្រាប់តែសម្លេងមួយ បានសួរខ្ញុំថា ៖

» សង្សាររបស់លោកមិនព្រមទទួលកាដូនេះមែនទេ ?

ខ្ញុំក្រឡេករកប្រភពសម្លេង ស្រាប់តែប្រទះមនុស្សស្រីម្នាក់កំពុងតែអង្គុយក្បែរខ្ញុំ ។ ខ្ញុំមិនដឹងថា នាងមកអង្គុយក្បែរខ្ញុំតាំងពីពេលណាមកនោះទេ ? ខ្ញុំក៏សួរនាងត្រឡប់ ៖

» ចុះនាងមកអង្គុយក្បែរខ្ញុំតាំងពីពេលណា ? មានសុំការ អនុញ្ញាតពីខ្ញុំដែរទេ ?

លឺសម្តីខ្ញុំ នាងស្រាប់តែបើកភ្នែកធំៗដាក់ខ្ញុំ រួចតបថា ៖

» លោកច្រឡំខ្លួនឯងទេដឹង ? ខ្ញុំទេ ដែលត្រូវសួរលោកថា លោកមកអង្គុយលើ បង់នេះ មានបាន សុំការអនុញ្ញាតពីខ្ញុំហើយរឺនៅ ? ខ្ញុំជាអ្នកអង្គុយមុន លោកមកអង្គុយ ក្រោយខ្ញុំទេ !​ បើខ្ញុំមិនគេចទេ លោកប្រាកដជាអង្គុយលើកខ្ញុំមិនខាន មិនសមលោកមកនិយាយបែបនេះទេ ?

» នាងនិយាយអី ?
» បើមិនជឿថាទេ ឆាប់សួរមនុស្សដែលអង្គុយជុំវិញលោកទៅ !

 ខ្ញុំក្រឡេកមើល មនុស្សដែលនៅ ជុំវិញខ្លួន ពួកគេកំពុងតែមើលមកខ្ញុំដោយកែវភ្នែកចម្លែក ហាក់បីដូចជាខ្ញុំជាមនុស្សក្រៅភពអញ្ចឹង ។ ខ្ញុំចាប់ផ្តើមនឹកថា ពេលដែលខ្ញុំចុះពីម៉ូតូមក គឺខ្ញុំមិនបានចាប់ អារម្មណ៍ថា បង់នេះមានអ្នកណាអង្គុយរឺអត់នោះទេ ព្រោះអារម្មណ៍ខ្ញុំពេលនោះគ្មានក្នុងខ្លួនសូម្បីតែបន្តិច ។ ខ្ញុំក៏ទទួលយកសម្តីរបស់នាងរួចនិយាយ ៖

» បើពិតដូចនាងនិយាយមែននោះ ខ្ញុំសុំទោសផង !
» ខ្ញុំគ្មានទោសអោយលោកនោះទេ ម៉្យាងខ្ញុំគិតថា មនុស្សភាគច្រើនថ្ងៃនេះសុទ្ធ តែខូចចិត្ត ទាំងអស់​ ទើបខ្ញុំមិនចាប់អារម្មណ៍ បើទាយមិនខុសទេគឺរួមទាំងលោកផងដែរ !

នាងនិយាយបែបលេងសើច ប៉ុន្តែសម្តីនាងធ្វើអោយខ្ញុំខឹងឆាវ ក៏ស្រែកគំហកដាក់នាង ៖

» នេះនាង?

នាងក៏និយាយតបវិញតិចៗ ៖

» ខ្ញុំនិយាយលេងតើ ហេតុអីក៏ខឹងអាក្រក់បែបនេះ ? មនុស្សប្រុសស្អីខឹងអាក្រក់បែបនេះ ? បានហើយ ខ្ញុំឈប់អង្គុយជាមួយលោកហើយ ! រីករាយ Valentine Day !

ពោលចប់នាងក៏ដាក់ស្ករគ្រាប់មីលហ្គីតាមួយដើមក្នុងដៃរបស់ខ្ញុំ រួចបម្រុងងើបចេញទៅ ខ្ញុំក៏ចាប់ដៃនាងទុក រួចស្តីទៅនាងថា ៖

»​ នៅអង្គុយកំដរខ្ញុំនៅទីនេះសិនបានទេ ? ខ្ញុំអត់មានអ្នកណាម្នាក់នៅក្បែរទេ នាងអាចជួយធ្វើជាមនុស្សស្រីម្នាក់នៅក្បែរខ្ញុំមួយសន្ទុះបានទេ ?
» ខ្ញុំមិនមែនជាស្រីកំដរអារម្មណ៍អ្នកណាទេ !​

នាងសម្លឹងមើលមកកែវភ្នែកខ្ញុំ ទាំងលួចអាណិតក្នុងចិត្ត ហើយក៏ដាក់ខ្លួនអង្គុយចុះវិញ ។ បាត់មាត់នាងមួយសន្ទុះ ទើបលឺនាងសួរខ្ញុំថា ៖

» លោកមានរឿងអ្វី ?​ អាចនិយាយបានទេ?​ ឬឈ្លោះគ្នាជាមួយសង្សារ?​ 

ខ្ញុំដកដង្ហើមធំ រួចតប ៖

» គេមិនមែនជាសង្សាររបស់ខ្ញុំទេ ខ្ញុំឆ្កួតតែម្នាក់ឯង ខ្ញុំស្រឡាញ់គេតែម្នាក់ឯង នាងគិតទៅមើលថា ខ្ញុំដូចមនុស្សឆ្កួតដែរទេ ?
» លោកកុំគិតអញ្ចឹងអី មនុស្សយើងអាចស្រឡាញ់គេបាន ប៉ុន្តែយើងមិនអាចហាមចិត្តស្រឡាញ់ របស់យើងបានទេ ខ្ញុំដឹងថា មនុស្សដែលស្រឡាញ់គេតែម្ខាងវាឈឺចាប់ប៉ុណ្ណា ប៉ុន្តែយើងក៏មិនអាចបង្ខំ អោយគេមកស្រឡាញ់យើងបានដែរ ខ្ញុំយល់ពីអារម្មណ៍របស់លោកនៅពេលនេះ ទោះបីខ្ញុំមិនមែនជារូប លោក តែខ្ញុំមិនដឹងថា ខ្ញុំអាចជួយលោកបានដោយរបៀបណានោះទេ ព្រោះវាជារឿង ដែលទាក់ទងទៅ នឹងអារម្មណ៍ !
» នាងមិនបាច់ធ្វើអ្វីនោះទេ គ្រាន់តែនាងអង្គុយកំដរខ្ញុំមើលផ្កាយនៅទីនេះ គឺចាត់ទុកថា ខ្ញុំមានសំណាងណាស់ទៅហើយ !

ភ្លាមនោះ នាងលើកដៃចង្អុលទៅលើកមេឃ សួរខ្ញុំថា ៖

» លោកសម្លឹងមើលផ្កាយទាំងនោះហើយឆ្លើយនឹងសំនួរខ្ញុំ តើផ្កាយដែលខ្ញុំចង្អុលនោះដូចអ្វី ?

ខ្ញុំព្យាយាមមើលផ្កាយទាំងនោះ ហើយចាប់ផ្តើមរើសផ្គុំវាអោយចេញជារូបរាងយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែសត្វអ្វីក៏មិនដូច ។ ខ្ញុំក៏និយាយទៅកាន់នាងវិញថា ៖

» ខ្ញុំមើលវាមិនដឹងនោះទេ ថាវាដូចជាអ្វី ? នាងអាចចង្អុលវាម្តងទៀត ហើយប្រាប់ ខ្ញុំអោយដឹងផងបានទេ ?

នាងក៏លើកដៃចង្អុលទៅហ្វូងផ្កាយមួយក្រុមនោះតាមការស្នើរសុំរបស់ខ្ញុំ ហើយស្តីថា ៖

» ខ្ញុំមិនមែនអោយលោកផ្គុំហ្វូងផ្កាយនោះទៅជាសត្វនោះ ទេ ប៉ុន្តែលោកនឹងអាចផ្គុំហ្វូងផ្កាយ ទាំងនោះអោយក្លាយទៅជារូបមួយដ៏ស្រស់ស្អាត ! លោកសាកល្បងពិនិត្យហ្វូងផ្កាយនោះម្តងទៀត លោកនឹងឃើញជាមិនខាន !

ខ្ញុំសាកល្បងម្តងទៀតយ៉ាងយកចិត្តទុកដាក់បំផុត ទីបំផុតខ្ញុំក៏ផ្គុំហ្វូងផ្កាយទាំងនោះចេញជារូប រាងទាំងស្រពិចស្រពិល ៖

» ហ្វូងផ្កាយទាំងនោះមានរូបរាងហាក់បីដូចជាបេះដូងអញ្ចឹង !
» មែនហើយ ! ហ្វូងផ្កាយនោះជារូបបេះដូង លោកដឹងទេ ថាអត្ថន័យនេះមានន័យថាយ៉ាងម៉េច ?
» ខ្ញុំអត់ដឹងទេ ខ្ញុំគ្រាន់តែដឹងថា រូបបេះដូងដែលផ្គុំចេញពីហ្វូងផ្កាយនេះគឺស្រស់ស្អាតខ្លាំងណាស់ !
» អត្ថន័យរូបបេះដូងនេះគឺមានន័យថា បេះដូងមួយនេះផ្គុំបានលុះត្រាតែមាន ផ្កាយជាច្រើនទើប អាចផ្គុំចេញរូបរាងជាបេះដូងដ៏ស្រស់ស្អាតបែបនេះ ប៉ុន្តែលោកគួរចងចាំថា វាក៏មិនអាចរលាយរូបរាង នេះបាន ព្រោះតែបាត់ផ្កាយមួយនោះទេ ! ដូច្នេះមិនមែនមានន័យថា ក្តីស្រឡាញ់អាចបំបែកបេះដូងរបស់ លោកអោយខ្ទេចខ្ទីបានដែរ លោកគួរតែរើសបំណែកបេះដូងនោះមកផ្គុំគ្នាថ្មី នឹងសម្រាប់ទុកអោយ មនុស្សដែលគេស្រឡាញ់លោក ខ្ញុំសង្ឃឹមថា លោកយល់ពីអ្វីដែលខ្ញុំនិយាយនេះ !

ពាក្យសម្តីរបស់នាងធ្វើអោយខ្ញុំលួចសម្លឹងមើលរង្វង់មុខ ដ៏ស្រស់សោភាទាំងក្រសែភ្នែកឥតព្រិច កែវភ្នែកស្រទន់ ធ្វើអោយបេះដូងរបស់ខ្ញុំចាប់ផ្តើមកម្រើកសារជាថ្មី បបូរមាត់ស្រស់ដូចផ្កាត្រូវទឹកសន្សើម រោមចញ្ចើមស្អាតដូចនារីរបាំ ឆាបឆក់យកអារម្មណ៍របស់ខ្ញុំដែលកំពុងតែវិលវល់អោយមកផ្តុំគ្នាមើលពី ស្រស់ស្អាតរបស់នាង ។ ខ្ញុំមិនបានដឹងឡើយថា មនុស្សស្រីដែលកំពុងតែអង្គុយជិតខ្ញុំ បីដូចជាទេពអប្សរ ចុះពីស្ថានសួគ៌ា ។ កាន់តែលួចមើលនាង បេះដូងនឹងអារម្មណ៍ខ្ញុំហាក់បីដូច ជាបានធូរស្បើយពីទុក្ខាដែល ធ្លាប់ទទួលបាន ។ នាងកាន់តែនិយាយ ភាពស្រស់ស្អាតរបស់នាងកាន់តែលេចឡើងនៅចំពោះមុខខ្ញុំ ។

ពេលអត់លឺខ្ញុំនិយាយអ្វីសោះ នាងក៏ងាកមុខមកមើលខ្ញុំ ហើយសួរខ្ញុំថា ៖

» លោកកំពុងតែគិតពីអ្វីហ្នឹង ?
» អូហ៍ អត់ទេ​ ! ខ្ញុំអត់មានគិតអ្វីទេ !​កំពុងតែស្តាប់នាងនិយាយនឹងណា !​

សម្លេងចាហ្លេម៉ូតូបានបន្លឺឡើងក្បែរខ្ញុំនឹងនាង ពេលនោះ ស្រាប់តែពោលឡើងទាំងប្រញាប់ ប្រញាល់ ៖

»បងប្រុសខ្ញុំមកទទួលហើយ ខ្ញុំទៅមុនហើយណា៎ !

ខ្ញុំក៏ស្រែកឃាត់នាង៖

» ឈប់សិន !

នាងបញ្ឈប់ដំណើរ រួចសម្លឹងមករកខ្ញុំទាំងកែវភ្នែកចម្លែ ។ ខ្ញុំហុចកាដូនឹងដៃ រួចពោលទៅនាង ៖

» ខ្ញុំជូននាង ! Happy Valentine’s Day !
» ហេតុអ្វីក៏លោកអោយវាមកខ្ញុំ ?
» គឺសម្រាប់អរគុណ ដែលនាងអង្គុយកំដរខ្ញុំ ខ្ញុំយល់ពីអត្ថន័យនៃរូបបេះដូងនោះហើយ ! អរគុណពិតមែនណា៎ កាលដែលសំខាន់ខ្ញុំមិនទាន់ស្គាល់ឈ្មោះ នាងនៅឡើយទេ !
» លោកមើលរូបនោះម្តងទៀត លោកនឹងស្គាល់ឈ្មោះរបស់ខ្ញុំ ! អរគុណសម្រាប់កាដូនេះ !
នាងក៏ឡើងម៉ូតូទៅផ្ទះជាមួយបងប្រុសនាងបាត់ ទុកអោយខ្ញុំនៅឈរអេះអុញ សម្លឹងមើលនាង ចេញទៅបាត់ ទើបខ្ញុំឡើងម៉ូតូទៅផ្ទះដែរ ។

មួយសប្តាហ៍កន្លងផុតទៅ អារម្មណ៍របស់ខ្ញុំលែងនឹកសិតា ចាប់ផ្តើមមានរូបរាងស្រមោលមនុស្ស ស្រីម្នាក់នោះនៅក្នុងចិត្តវិញម្តង ។ នាងធ្វើអោយបេះដូងដែលទទួលការឈឺចាប់របស់ខ្ញុំជាសះស្បើយ យ៉ាងឆាប់រហ័ស ។យប់នេះ ខ្ញុំគេងមិនលក់សោះអារម្មណ៍គិតដល់ពេលដែលនាងកំពុងតែនៅក្បែរខ្ញុំជានិច្ច ។ នាងមិនបានប្រាប់ឈ្មោះ អោយខ្ញុំបានដឹងទេ តែនាងប្រាប់ខ្ញុំថា អោយមើលរូបនោះម្តងទៀតនឹងស្គាល់ ឈ្មោះនាងហើយ ។ ខ្ញុំងើបមុខមើលហ្វូងផ្កាយដែលកំពុងតែរះចោលពន្លឺដ៏ត្រចង់មើលលើទ្វីបលោកនេះ ប៉ុន្តែនៅតែមិនអាចស្វែងរកឈ្មោះនាងបានឡើយ ។ ខ្ញុំមើលយូរៗទៅ ផ្កាយទាំងនោះស្រាប់តែចេញរូប រាងជាបេះដូងម្តងទៀតហើយ រឹតតែស្អាតជាងមុនឆ្ងាយណាស់ ។ ខ្ញុំបានប្រាប់មិត្តភ័ក្កខ្ញុំពីរឿងនេះដែរ ប៉ុន្តែគេមិនជឿថាមានផ្កាយជារូបរាងបេះដូងបែបនេះទេ គេថាខ្ញុំឆ្កួតនឹងរឿងស្នេហ៍ហើយបានជាមើល ផ្កាយចេញរូប បេះដូង ។ តែថ្ងៃនេះ ខ្ញុំមិនធ្វើអោយខ្លួនឯងអាម៉ាសទៀតនោះទេ ខ្ញុំទាញទូរស័ព្ទពីហោប៉ាវ បម្រុងថតយករូបភាពដើម្បីធ្វើភស្តុតាង ស្រាប់តែទូរស័ព្ទរបស់ខ្ញុំរោគ៍ឡើង ហើយស្រាប់តែលេចលេខ ចម្លែកដែលខ្ញុំមិនដែលស្គាល់ ។ ខ្ញុំក៏ចុចទទួលរួចស្វាគមន៍យ៉ាងកក់ក្តៅ ៖

» អាឡូ ! ជម្រាបសួរ !
» សម្លេងស្រីម្ខាងទៀតស្រាប់តែបន្លឺសួរខ្ញុំថា ៖
» លោកគឺ វីតមែនទេ ?

ខ្ញុំកាន់តែចម្លែកក្នុងចិត្ត ហេតុអ្វីក៏លេខចម្លែកនេះស្គាល់ឈ្មោះខ្ញុំ ។ ខ្ញុំអុញអុញបន្តិតក៏តប ៖

» បាទ ! ខ្ញុំនឹងហើយឈ្មោះវីត ! ហេតុអ្វីក៏ស្គាល់ខ្ញុំ ? ចុះនាងជាអ្នកណា ហើយឈ្មោះអ្វី ? ធ្លាប់ស្គាល់ខ្ញុំដែលទេ ?
» ខ្ញុំជាអ្នកណាមិនសំខាន់ទេ ! តែពេលនេះ ខ្ញុំតេមកលោកគ្រាន់តែចង់អោយ លោកមើលផ្កាយ លើមេឃ ហើយប្រាប់ខ្ញុំបានទេ ថាវាមានរូបរាងដូចអ្វី ?

អ្វីដែលខ្ញុំកាន់តែប្លែកគឺសំណួរនេះ ហេតុអ្វីក៏សំណួរនាង ដូចជាសំណួរនារីម្នាក់នោះ សួរខ្ញុំកាលពីនៅ មុខជាតិគ្រប់គ្រង់ម្លេះ ? រឺមួយនាង និងនារីម្នាក់នោះជាមនុស្សតែមួយ ។ មិនប្រាកដក្នុងចិត្តខ្ញុំក៏និយាយ  របៀបលេងសើចជាមួយនាងបណ្តោះអាសន្នសិន ក្រែងលរអាចស្តាប់សម្លេងនាងបាន ព្រោះសម្លេងនាង ខ្ញុំនៅចាំនៅឡើយ ។

» ខ្ញុំឃើញហើយ គឺមានផ្កាយ និងព្រះចន្ទ !

សម្លេងនាងក៏បន្លឺមកខ្ញុំម្តងទៀត ៖

» ខ្ញុំដឹងហើយថា មានផ្កាយ និងព្រះចន្ទ ប៉ុន្តែខ្ញុំសួរលោក  ថាផ្កាយទាំងនោះមានរូបរាងអ្វីខ្លះ ?
» មានខ្លះដូចជា ទន្សាយ ខ្លះដូចជាសេះ មានអ្វីប្លែកទៅ ?
» គឺមាន លោកសាកមើលវាម្តងទៀត ! ផ្កាយមួយក្រុមមានរូបរាងពិសេសណាស់​ !

ខ្ញុំដឹងបានបន្តិចម្តងៗ ពីនារីម្នាក់នេះហើយ ខ្ញុំក៏សាកល្បងបន្ថែមដើម្បីដឹងអោយច្បាស់ថា នាងជាអ្នកណា ?

» គឺមានផ្កាយមួយក្រុមមានរូបរាងជាបេះដូង មែនទេ ?
» មែនហើយ ! ហ្វូងផ្កាយនោះជារូបបេះដូង !
» បើខ្ញុំទាញមិនខុសទេនោះ គឺនាងឈ្មោះផ្កាយមែនទេ ? ហើយនារីម្នាក់ដែលខ្ញុំជួបនៅមុខជាតិ គ្រប់គ្រង និងនាងគឺជាមនុស្សតែមួយពិតទេ ?

នាងក៏តបសួរមកខ្ញុំវិញ ៖

» ហេតុអ្វីក៏លោកដឹង ?
» ទីមួយគឺសំណួរពីផ្កាយ ទីពីរគឺសម្លេងរបស់នាង !  ខ្ញុំចាំសម្លេងនាងច្បាស់ណាស់ ! ទីបីនាងប្រាប់អោយខ្ញុំមើលលើមេឃ ហើយបើខ្ញុំទាយមិនខុសទេ ផ្កាយជាឈ្មោះរបស់នាងមែនទេ  ?
» សុំទោសដែលធ្វើអោយលោកលំបាកនឹងស្វែងរកឈ្មោះរបស់ខ្ញុំ ហើយក៏សុំទោសដែលរំខានលោកដែរ !
» អ្នកណាថានាងរំខានខ្ញុំនោះ ! ខ្ញុំបន់អោយតែតេមកទេ ព្រោះខ្ញុំនឹកសម្លេងរបស់នាង ! ចុះហេតុអ្វីក៏នាងស្គាល់លេខរបស់ខ្ញុំ ?
» លោកនៅចាំរឿងកាដូនោះទេ ? ខ្ញុំស្គាល់វាតាមរយះកាដូដែលលោកអោយខ្ញុំ ព្រោះលោកដាក់លេខក្នុងនោះ !   ពេលនេះលោកមានអារម្មណ៍ល្អវិញហើយរឺនៅ ?
» ខ្ញុំមានអារម្មណ៍ល្អតាំងពីបាននៅក្បែរនាងមកម្លេះ មកដល់ពេលនេះ ខ្ញុំកាន់តែមានអារម្មណ៍ ថាសប្បាយចិត្តព្រោះនាងតេមកខ្ញុំ ! អរគុណណា៎ ដែលបានផ្តល់ស្នាមញញឹមនេះអោយខ្ញុំ !
» អោយតែលោកសប្បាយចិត្ត ខ្ញុំមិនទទួលគុណស្រ័យទេ ! ខ្ញុំតេទៅនេះ គ្រាន់តែចង់អោយលោក មើលផ្កាយនោះម្តងទៀត ព្រោះបន្តិចទៀត ផ្កាយទាំងនោះនឹងលែងនៅក្បែរលោកទៀតហើយ ! អញ្ចឹងអស់ភារកិច្ចខ្ញុំហើយ រាត្រីសួស្តីណា៎ !
» ឈប់សិនបានទេ ? អោយខ្ញុំនិយាយអ្វីខ្លះដែលចេញពីចិត្តបន្តិចបានទេ ?
» លោកមានអ្វីចង់និយាយ ?
» ខ្ញុំមិនដឹងថា ខ្ញុំមានអ្វីកើតឡើងក្នុងចិត្តនោះទេ ប៉ុន្តែខ្ញុំមានអារម្មណ៍មួយថា ខ្ញុំហាក់បីដូចជានឹកនាង ! ខ្ញុំចង់អោយនាងមើលផ្កាយជាមួយខ្ញុំហើយខ្ញុំចង់ប្រាប់តាមរយះផ្កាយទាំងនោះថា ខ្ញុំនឹកនាង ! កំដរខ្ញុំមើលផ្កាយសិនទៅ បានទេ ?

បាត់សម្លេងនាងមួយសន្ទុះស្រាប់តែបន្លឺឡើងថា ៖

» ចាស៎ បាន !

ពួកយើងក៏សម្រេចចិត្តនៅតែនិយាយលេងតាមទូរស័ព្ទ ហើយមើលផ្កាយជាមួយគ្នា ។ នាងនិយាយបន្តើរ សើចបន្តើរ ធ្វើអោយអារម្មណ៍អផ្សុករបស់ខ្ញុំបាត់ភ្លាមមួយរំពេច ។ ពួកយើងនិយាយ ច្រើនណាស់ រហូតដល់ខ្ញុំភ្លាត់មាត់និយាយ ប្រាប់នាងថាខ្ញុំស្រឡាញ់នាង ។ ពេលលឺពាក្យខ្ញុំនាងបែរជា សើច រួចនិយាយ ពាក្យបន្លប់វិញ ។ នាងកំដរខ្ញុំនិយាយមើលផ្កាយរហូតមេឃជិតភ្លឺទើបនាងសុំខ្ញុំចូលគេង ព្រោះស្អែកនាងមានការងារត្រូវធ្វើច្រើ នទៀត ហើយពួកយើងណាត់ជួបគ្នានៅកន្លែងដដែល។ ខ្ញុំក៏ចូលគេង បន្ទាប់ពីបិទទូរស័ព្ទនាងទៅ ។

ព្រឹកឡើង ស្រាប់តែខ្ញុំបានទទួលសារមួយពីលេខផ្កាយ ។ ក្នុងអត្ថន័យសារនោះបានសសេរថា ៖
 
[ អរគុណសម្រាប់ពាក្យស្រឡាញ់របស់លោកចំពោះខ្ញុំ ប៉ុន្តែខ្ញុំមិនអាចទទួលយក វាបានទេ ព្រោះវាជាក្តីស្រឡាញ់ស្មោះដែលលោករក្សាទុកយូរហើយ ហើយលោកយកវា មកអោយខ្ញុំក្នុងរយះ ពេលខ្លីដែលពួកយើងស្គាល់គ្នានេះ វាមិនសមនោះទេ ! ហើយខ្ញុំក៏មិន ដឹងថា ខ្ញុំអាចនៅក្បែរលោកបាន យូរប៉ុណ្ណាដែរ ប៉ុន្តែខ្ញុំចង់អោយលោកយកក្តីស្រឡាញ់ នេះទុកជូនមនុស្សម្នាក់ដែលលោកសមនឹងអោយ នាង សូមលោកថែរក្សាខ្លួនផងណា៎ ! ព្រហ្មលិខិតជាអ្នកកំណត់ ឯនិស្ស័យគ្រាន់តែជានិស្ស័យតែប៉ុណ្ណោះ ]

ពីមនុស្សស្រីម្នាក់

ផ្កាយ!.........

អានចប់មិនទាន់ ខ្ញុំក៏បិទសារហើយលើកទូរស័ព្ទតេទៅនាង ប៉ុន្តែទូរស័ព្ទមិនចូល សោះ ខ្ញុំក៏ ប្រញាប់ពាក់អាវទាំងមិនទាន់បានងូតទឹកផង ហើយជិះម៉ូតូឆ្ពោះទៅសួនមុខ សកលវិទ្យាល័យជាតិ គ្រប់គ្រង ។ ហេតុអ្វីក៏មនុស្សព្រឹកនេះច្រើនម្លេះ ? ខ្ញុំចតម៉ូតូទុក រួចចុះដើររកនាងពេញទីនោះ ប៉ុន្តែមិនបាន ឃើញស្រមោលនាងទេ ។ ខ្ញុំដើររកនាងឡើងអស់ កម្លាំងរួចក៏ដាក់ខ្លួនអង្គុយទាំងអស់សង្ឃឹម ព្រោះអត្ថន័យសារនោះ គឺនាងមិនលែងនៅ ក្បែរខ្ញុំទៀតហើយ នាងទៅចោលខ្ញុំហើយ ។ ហេតុអ្វីក៏រយះ ពេលតែមួយយប់សោះ អ្វីៗ ផ្លាស់ប្តូរលលឿនម្លេះ ? តើនាងទៅណា តើនាងពិតជាដាច់ចិត្តទុកខ្ញុំចោល មែនទេ? កាន់តែគិត អារម្មណ៍របស់ខ្ញុំកាន់តែរង្វើរង្វាយ កាន់តែមានអារម្មណ៍ឯកា ព្រោះនាងលែងអាណិត ខ្ញុំទៀតហើយ ។ មិនថានាងទៅណានោះទេ ខ្ញុំនឹងចាំនាងនៅទីនេះ តាមសន្យាដែល បានសន្យាកាលពី យប់មិញ ។

ព្រះអាទិត្យយាងកាយចូលនិន្ទ្រា ដល់វេនព្រះចន្ទ្រារះមកបំភ្លឺភពផែនដីដ៏ស្រស់ត្រកាល ។ រយះពេលដែលខ្ញុំចាំនាងគឺ ១ថ្ងៃហើយ នៅតែមិនទាន់ឃើញនាងត្រឡប់មកបំពេញពាក្យ សន្យាដដែល ។ ខ្ញុំអង្គុយតាំងពីព្រះអាទិត្យរះ រហូតដល់ព្រះអាទិត្យលិច  រហូតដល់មនុស្ស នៅទីនោះនាំគ្នាគិតថា ខ្ញុំជាមនុស្សឆ្កួត ប៉ុន្តែខ្ញុំអត់ខ្វល់នោះទេ ទោះជាអ្នកណានិយាយថា យ៉ាងម៉េចក៏ដោយ ក៏ខ្ញុំនៅតែចាំនាង ត្រឡប់មកវិញតាមពាក្យសន្យាដដែល ។ ពេលនេះ អ្វីក៏ខ្ញុំអត់ញ៉ាំដែរ មានតែទឹកទេដែលនៅក្បែរខ្ញុំជានិច្ច ។ ខ្លួនខ្ញុំទាំងមូលស្ទើរតែគ្មានកម្លាំងទប់ខ្លួនឯងផង កុំថាឡើយក្រោកឈរ រឺដើរទៅណាមកណា ។
ថ្ងៃទី ២ ថ្ងៃទី៣ ក៏បានកន្លងផុតទៀត កាន់តែចាំ កាន់តែបាត់ស្រមោលនាង ខ្ញុំលើកស្ករគ្រាប់ដែល នាងអោយខ្ញុំកាលពីថ្ងៃវ៉ាលេនថាយមើលទាំងទឹកភ្នែកស្រក់ហូរ ពេលនេះ ខ្ញុំកាន់តែអស់សង្ឃឹម ព្រោះនាងមិនត្រឡប់មិកវិញទេ ។ ខ្លួនប្រាណខ្ញុំកាន់តែ ទន់ខ្សោយទៅៗ ដបទឹកសុទ្ធនៅក្បែរខ្ញុំក៏កាន់តែច្រើន គ្មានអ្នកណាហ៊ានចូលមកយកទេ ព្រោះពួកគេគិតថា ខ្ញុំឆ្កួត ។ ខ្ញុំក៏ប្រមូលដបនោះចោលដោយខ្លួនឯង ស្រាប់តែមានសម្លេង មួយបានបន្លឺថា ៖

» មានអ្វីអោយខ្ញុំជួយដែលទេ លោកពូ ?

គ្រាន់តែលឺគេហៅខ្ញុំថា លោកពូ ខ្ញុំស្រាប់តែលាន់មាត់ទាំងមិនងើយមុខមើលឡើយ ៖

» មើលមកខ្ញុំចាស់ណាស់មែនទេ បានជាហៅខ្ញុំថា លោកពូនោះ ?

និយាយចប់ទើបខ្ញុំងើយមុខមើលម្ចាស់សម្លេង ស្រាប់តែកម្លាំងខ្ញុំត្រឡប់មកវិញទាំងអស់ ព្រោះមនុស្សដែលកំពុងតែឈរមុខខ្ញុំនេះគឺផ្កាយ ៖

» ផ្កាយ................!
» លោកវីត............! នេះលោក..............?

នាងនិយាយមិនទាន់ចប់ផងខ្ញុំក៏ស្ទុះទៅអោបនាងពេញដៃ មិនខ្វល់ថាខ្លួនរបស់ខ្ញុំ មានខ្លិនបែបណានោះទេ ។

» ហេតុអ្វីក៏នាងទៅចោលខ្ញុំ ? នាងមានដឹងទេ ថាខ្ញុំចាំនាងប៉ុន្មានថ្ងៃហើយ?
» នេះព្រោះតែមនុស្សស្រីដែលលោកទើបតែស្គាល់ម្នាក់នេះ លោកដាច់ចិត្តចាំខ្ញុំនៅទីនេះ តាំងពីថ្ងៃខ្ញុំមិនបានមកតាមសន្យាមែនទេ ? លោកធ្វើបែបនេះធ្វើអ្វី ? ហេតុអ្វីក៏លោកបាបខ្លួនឯងអញ្ចឹង ?
 » ក៏ព្រោះតែខ្ញុំស្រឡាញ់នាង នាងលឺអត់ ខ្ញុំស្រឡាញ់នាង !
ខ្ញុំលែងនាងពីដៃ នាងក៏សួរខ្ញុំថា ៖
» លោកមានមើលខ្លួនប្រាណរបស់លោកទេ ថាខ្លួនលោកដូចជាអ្វី ?
» ដូចមនុស្សឆ្កួតមែនទេ ?
» ចុះបើដឹងហើយ ហេតុអ្វីចាំបាច់ធ្វើអញ្ចឹងទៀត ?
» ប្រាប់ហើយតើ ព្រោះតែខ្ញុំស្រឡាញ់នាង ! ប៉ុណ្នឹងហើយនាងនៅតែមិនយល់ពីចិត្ត ខ្ញុំទៀតមែនទេ ? ខ្ញុំស្រឡាញ់នាងមែនណា៎ ផ្កាយ ... សន្យាបានទេ ថាឈប់ធ្វើបាបខ្ញុំអោយ ចាំបែបនេះ ?
» បានន័យថា ៣ថ្ងៃនេះ លោកអត់បានញ៉ាំបាយទេមែនទេ ?
» អោយតែនាងត្រឡប់មកវិញ អ្វីក៏ខ្ញុំមិនត្រូវការដែរ ?
» លោកមិនត្រូវការ ប៉ុន្តែរាងកាយរបស់លោកត្រូវការ ! ល្មមដល់ពេលឈប់ធ្វើបាប ខ្លួនឯងទៀតហើយ !  ខ្ញុំជូនលោកទៅញ៉ាំបាយ !

នាងរៀបនឹងដើរចេញ ខ្ញុំក៏ចាប់ដៃនាងសួរថា ៖

» ឈប់សិនផ្កាយ ! ឆ្លើយនឹងខ្ញុំសិនបានទេ ? ខ្ញុំវះបេះដូងបង្ហាញជូនផ្កាយអស់ហើយ ចុះផ្កាយមិន............?

ខ្ញុំសួរនាងមិនទាន់ចប់ផង នាងស្រាប់តែខ្ទប់មាត់ខ្ញុំជាប់ រួចនាងនិយាយថា ៖

» ខ្ញុំស្រឡាញ់លោក ប៉ុណ្នឹងគ្រប់គ្រាន់ដែរទេ ?

កាលបានលឺសម្តីបែបនេះ ដួងវិញ្ញាណខ្ញុំស្ទើរតែហោះអណ្តែតលើវេហាខ្ពស់ឆ្ងាយ ។ ខ្ញុំចាប់ដៃនាងទាំង អារម្មណ៍សប្បាយចិត្ត ៖

» មិនត្រឹមតែគ្រប់គ្រាន់នោះទេ ប៉ុន្តែវាអាចនឹងលើសពីអ្វីដែលខ្ញុំចង់បាន ! នេះសូម្បីតែបាយក៏ខ្ញុំលែងឃ្លាន ដែរ ! ផ្កាយ ! អាចជូនខ្ញុំទៅងូតទឹកបន្តិចបានទេ ?

ផ្កាយហាក់នឹកឆ្ងល់នឹងសម្តីខ្ញុំ ។ នាងសម្លឹងមុខខ្ញុំ ទាំងវាចា ៖  

» នេះ ! លោកអត់បាយ៣ថ្ងៃហើយ លោកគួរតែញ៉ាំបាយ ហេតុអ្វីក៏លោកចង់ងូតទឹក ? សុខភាពលោកសំខាន់ជាងណា៎ !
» ព្រោះខ្ញុំចង់អោបនាងជាមួយភាពក្រអូប មិនមែនខ្លិនឥឡូវនេះទេ ! ជូនខ្ញុំទៅងូតទឹក ទៅណា៎   !

ពេលខ្ញុំនិយាយបែបនេះ ស្រាប់តែនាងស្ទុះមកអោបខ្ញុំទាំងខ្លួនខ្ញុំមានខ្លិនមិនល្អ ព្រោះ៣ថ្ងៃនេះ ខ្ញុំអត់បានងូតទឹកសូម្បីតែបន្តិច ។

» នេះនាងអោបខ្ញុំមិនស្អុយទេអី ?
» ស្អុយវាស្អុយហើយ ប៉ុន្តែសម្រាប់មនុស្សដែលខ្ញុំស្រឡាញ់ ទោះបីជាស្អុយប៉ុណ្ណាក៏ខ្ញុំហ៊ានអោបដែរ រឺមួយលោកមិនពេញចិត្ត !
» អត់ទេ... អ្នកណាថា ? ខ្ញុំនឹកនាងស្ទើរតែឆ្កួតទៅហើយ .............បងស្រឡាញ់អូនណា៎ ផ្កាយ !
» ដឹងហើយថា បងនឹកអូនប៉ុណ្ណានោះ សុំទោសណា ដែលអោយបងចាំយូរ ! ផ្កាយម្នាក់នេះនឹងនៅក្បែរបងជានិច្ច ផ្កាយក៏ស្រឡាញ់បងវីតដែរ !
» សន្យា ហាមទៅណាចោលបងទៀតណា៎ ផ្កាយ ! មិនអញ្ចឹងទេ បងនឹងស្លាប់ឲ្យផ្កាយមើល ដើម្បីឲ្យផ្កាយ ដឹងថា បងវីតម្នាក់នេះ ស្រឡាញ់ផ្កាយប៉ុណ្ណា ?
» ចាស៎ សន្យា ! ផ្កាយនឹងធ្វើជាបេះដូង ហើយរះក្បែរបងវីតជារៀងរហូតទៅ !

ភាសាផ្អែមល្អែមបានបបោសអង្អែលទ័យាគ្រប់គ្នាឲ្យ លួចសម្លឹងមើលមកពួកយើងទាំងពីរដោយ ក្តីច្រណែន ។ ទីបំផុតខ្ញុំរកឃើញស្នេហ៍វិញឃើញហើយ ខ្ញុំនឹងមិនអោយបេះដូងទុរគតមួយនេះឈឺចាប់ទៀតទេ ។ និស្ស័យគ្រាន់តែជានិស្ស័យ ប៉ុន្តែរឿងពួកយើង ទាំងពីរគឺព្រហ្មលិខិតចាររួចទៅហើយ ដូច្នេះគ្មានអ្នកណាអាចបំបែកពួកយើងបានឡើយ ។ កំណប់ស្នេហ៍ មួយនេះ គ្មានអ្នណាម្នាក់គាស់បានទៀតទេ ព្រោះវាជាកម្មសិទ្ធស្នេហ៍របស់ខ្ញុំ ។ ពួកយើងនឹងរស់នៅជាមួយ គ្នាលុះអវសាន្តនៃជីវិតរៀងៗខ្លួន ។

ចប់ដោយបរិបូរណ៍ !

 


No comments:

Post a Comment