8/26/2014

ប្រលោមលោក ៖ ជើងមេឃស្នេហ៍អូន ( ភាគ ៥ )




     ជំនោរមាត់សមុទ្របក់មកយ៉ាងត្រជាក់ ជាមួយរលកទឹកព្រិចៗ រំលិចក្រោមពន្លឺព្រះសូរិយា រៀបនឹងលិចទៅ នាយរាជ ហាក់អង្គុយ ត្រម៉ឹងត្រមោចលើឆ្នេរខ្សាច់តែម្នាក់ឯង បីដូចជាកំពុងតែ គិតពីអ្វីមួយ ។ នាយស្រវាកើបខ្សាច់ ហើយបាចទៅក្នុងសមុទ្រទាំងដកដង្ហើមធំ បង្ហាញឲ្យឃើញ ថានាយកំពុងតែមានវិបិត្តម្យ៉ាងដែលលាក់ទុកក្នុង ចិត្ត ។ មួយសន្ទុះ សម្លេងទូរស័ព្ទក៏បានបន្លឺឡើង ពីក្នុងហោប៉ាវ មាណពយើងបានដកមក ឃើញលេខទូរស័ព្ទយ៉ាក៏ប្រែទឹកមុខភ្លាម មួយរំពេច បែរមកញញឹមវាចាពេលទទួល ៖
- យ៉ាងម៉េចអានាយសង្ហារសម្បូរមន្តស្នេហ៍ ? ទំនេរហើយហ្អេស ទើបបានទូរស័ព្ទមក ?
សម្លេងនាយយ៉ាម្ខាងទៀតក៏តបបែបកំប្លែង ៖
- មកពីនឹកឯងខ្លាំងពេកទេដឹង ?
នរៈក៏ពោលបែបនេះត្រឡប់ ៖
- ណ្ន៎ក ! ឃើញទេ ? លួចស្រឡាញ់ខ្ញុំមែនឯង ! យូរហើយម៉េចមិនប្រាប់ ! ស្រួលធ្វើចិត្តទទួលមនុស្សប្រុសមកធ្វើសង្សារ !
- បានចិត្តលេងសើចទៀតហើយឯង ! ឈប់ឆ្កួតទៅ ! ព្រឺរោមណាស់វ៉ើយអារាជ ! ឈប់និយាយទៅបានហើយ ! ល្ងាចនេះទំនេរទេ ? ចង់បបួលមកញ៉ាំបាយផ្ទះយើងម្តង !
- ឯងដេកយល់សបិ្តមែនអាយ៉ា ?
- កណ្តាលថ្ងៃត្រង់ចែសណា៎ អារាជ ! យល់សបិ្តឆ្កួតអីឯង !
- ចុះដឹងអីថា ! សុខៗស្រាប់តេទូរស័ព្ទមកបបួលទៅញ៉ាំបាយផ្ទះឯង ទាំងដែលឯងមិនធ្លាប់បានធ្វើពីមុន ! ចង់អូសក្រឡាវ៉ៃស្នេហា មែនទេសម្លាញ់ ?
- ឡប់ទៀតហើយឯង ! ឈប់លេងសើចទៅបានហើយ ! ខ្ញុំជិតឆ្កួតដោយសារតែឯងហើយ ! ខ្ញុំបបួលឯងពិតមែន មិនមែនលេងសើចទេ ! ក្រែងឯងថា នឹងជួយខ្ញុំក្នុងរឿងស្នេហានោះ អី ! ពេលនេះ ដល់ពេលឯងជួយខ្ញុំហើយ ! ខ្ញុំនឹងណែនាំឯងឲ្យស្គាល់ មនុស្សស្រីម្នាក់ដែលយើងកំពុងតែស្រឡាញ់ ! បើទំនេរល្ងាចនេះជួប គ្នាណា៎ ! ឯងត្រូវតែមក
មិនអញ្ចឹងងទេ យើងនឹងទៅដុតតូបដូងឯងចោល ទាងល្ងាចតែម្តង !
- ហ៊ើយ ៗ ! នេះដល់ថ្នាក់នេះផងហ្អេស អាយ៉ា ? ឯងមិនគិតថា វាជាជីវិតខ្ញុំទេអី ? បើឯងដុតចោល យើងបានអីរស់ទៀតទៅ ?
- ឯងគិតថា យើងនឹងធ្វើអញ្ចឹងដាក់ឯងមែនអី ? យើងមិនមែនចិត្ត ខ្មៅដាក់មិត្តភ័ក្ក្របែបនេះទេ អាសម្លាញ់ ! មិនខ្វល់ទេ ល្ងាចនេះជួបគ្នា បើស្រឡាញ់មិត្តភ័ក្ក្រ ត្រូវតែមកជួយផ្តល់ប្រឹក្សាវ៉ើយ ! បានហើយ ! ចាំជួបគ្នាណា៎ !
- យើង.............!
រាជមិនទាន់បញ្ចប់សម្តីផង យ៉ាងក៏បានផ្តាច់ទូរស័ព្ទយ៉ាងលឿន ។ រាជដាក់ទូរស័ព្ទចុះលើឆ្នេរ រួចសម្លឹងមើលផ្ទៃសមុទ្រដ៏ធំធេងដាច់ កន្ទូយភ្នែកទាំងញញឹមបន្លប់ចិត្តដែលកំពុងតែមានរឿងរ៉ាវ លាក់ទុក ។ វាជារឿងទម្លាប់ដែលនាយតែងតែមកអង្គុយទីនេះ ពេលដែលខ្លួន មានបញ្ហាដែលមិនអាចដោះស្រាយ បាន ទាំងរឿងពិបាកចិត្ត ទាំងរឿងសប្បាយចិត្ត ។ កម្លោះយើងយកទីនេះជាកន្លែងរំសាយទុក និងជាទី កន្លែងរំសាយការសប្បាយរួមគ្នា ។

ព្រះសូរិយាបានរំកិលខ្លួនបន្តិចម្តងៗ ចោលពន្លឺក្រហមព្រឿងៗ មកលើផ្ទៃសមុទ្រដ៏ល្វើងល្វើយ មួយនេះដែលបញ្ចាក់ថា ដល់វេលា ដែលត្រូវសម្រាក ហើយនឹងបន្តវេនដល់ព្រះចន្ទបំភ្លឺលោក ។ រាជបិទ តូចរួចរាល់ នាយក៏ឈាងចូលផ្សារទិញរបស់ញ៉ាំបន្តិចបន្តួចទុក ពេល រវល់ខ្លាំង ហើយមិនអាចធ្វើអាហារ ទាន់ពេលវេលា ។ បន្តាប់ពីចេញពី ផ្សារលើ នាយក៏បើកឡានតិចៗតាមបណ្តោយផ្លូវឯករាជ្យត្រឡប់មក ផ្ទះ ជាមួយភ្លេងចម្រៀងល្វើយៗបន្លឺចេញពិឡាននាយកម្លោះយើង ។

លើដងវិថីក្រោមពន្លឺព្រះចន្ទ អមជាមួយចង្កៀងគោមតាមវិថី បានជះស្រមោលមនុស្សស្រីម្នាក់ កំពុងតែដើរហាក់ បីដូចជាអស់ កម្លាំងណាស់ ។ នាងដើរបណ្តើរ លើកដៃជូតមុខបណ្តើរ ស្រីហាក់បី ដូចជា វិល មើលអ្វីនៅពីមុខមិនសូវច្បាស់សោះ ធីតាបញ្ឃប់ដំណើរ ហើយព្យាយាមសម្លឹងផ្លូវ តែនៅតែមិន ច្បាស់ ។ ភ្លាមនោះ ម្រាមដៃដ៏ ធំៗបានមកទប់ប្រាណស្រីពីក្រោយ ពីដែលនាងថយដំណើរទៅក្រោយ រៀបនឹងដួល តែស្រីស្ទុះងើបខ្លួនយ៉ាងលឿន ពេលដឹងថា មានមនុស្សពីក្រោយស្រី ហើយក្រសោបប្រាណ នាងយ៉ាងណែន បែបនេះ ។ នាងខំសម្លឹងមុខមនុស្សដែលនៅពីក្រោយ ស្រាប់តែ ឃើញស្រមោលមនុស្ស ប្រុសពីរបីនាក់ ពេញដោយមាឌមាំ មុខមាត់ គួរឲ្យខ្លាច កំពុងតែឈរញញឹមសម្លឹងមើលមកស្រី ។ គ្រាន់តែឃើញ ស្រមិលភ្លាម ធីតាយើងស្ទុះចេញវ៉ឹងទាំងដែលខ្លួនឈរស្ទើរមិនជាប់ដី ប៉ុន្តែត្រូវមនុស្ស ប្រុសមួយក្រុមនោះស្ទាក់ជាប់ ។
- ចង់ទៅណានាងកែវ ?
ការពិតមនុស្សប្រុសមួយក្រុមនេះហើយ ជាអ្នកតាមរកស្រីនៅ ឯតូបលក់ដូងរបស់រាជប្រមាណ មួយខែមុន។ កែវច្បាស់ថា ខ្លួនប្រាកដជាមានបញ្ហា នាងក៏ព្យាយាមទប់ប្រាណទាំងឈរស្ទើរពុំ ជាប់ ហើយវាចាទៅជនប្លែកមុខទាំងនោះយ៉ាងរ៉ឹងប៉ឺង ៖
- ពួកឯងចង់ធ្វើអីខ្ញុំ ! ខ្ញុំអត់ដែលស្គាល់ពួកឯងពីមុនមកទេ ហេតុអីក៏ពួកឯងព្យាយាមតាមធ្វើបាបខ្ញុំបែបនេះ ? តើពួកឯងចង់បានអីទៅ ? ខ្ញុំគ្មានលុយឲ្យពួកឯងទេ !
អាម្នាក់ប្រហែលជាមេខ្លោង បានពោលមកកាន់ក្រមុំយើងទាំង មុខគួរឲ្យខ្លាចបំផុត ៖
- ពួកបងមានលុយចាយគ្រប់គ្រាន់ហើយ ! មិនចង់បានទៀតទេ ! បងចង់បានតែខ្លួនដ៏សរខ្ចីរបស់អូនតែប៉ុណ្ណោះ ! ហ្អាស ហ្អាស ហ្អា !
គ្រាន់តែលឺសម្តី ស្រីកែវស្ងួតបបូរមាត់ចែស ! នាងព្យាយាម និយាយលួងលោម ជនទាំងនោះ ៖
- ខ្ញុំ....... ខ្ញុំ........មានប្តីហើយ ! ពួកឯងចង់បានខ្លួនខ្ញុំធ្វើអី ! នេះពួកឯងមិនខ្លាចចុះនរកទេអី ទើបមកចង់ចាប់ប្រពន្ធបែបនេះ !
- ហ្អាស ហ្អាស មានប្តីហើយ ! កុំកុហកបងអីកែវ ! បងណា៎ ស្គាល់កែវច្បាស់ណាស់ ! កែវជាស្រីក្រមុំស្អាតជាងគេបំផុតដែលបងតែងតែតាមឃ្លាំមើល ! កែវនិយាយបែបនេះ ចង់ដោះសារយករួចខ្លួនមែនទេ ?
- មិនមែនទេ !
កែវកាន់តែភ័យបុកពោះលើសដើមពេលលឺសម្តីនេះ ! នាងសម្លឹង មើលពួកវារវល់តែសើចដាក់ នាងក៏ស្ទុះវ៉ឹងចេញទៅតែមិនងាយដូច នាងគិតឡើយ ។ ពួកវាស្ទុះតាមតាមស្រីក្រញិចជាប់ដៃ ហើយស្រែកគម្រាមដាក់នាង ៖
- បើមិនចង់ឈឺខ្លួនទេ បិទមាត់ភ្លាមទៅ ! ពួកឯងចាប់នាងឲ្យជាប់ ! យ៉ាងណាថ្ងៃនេះ មិនត្រូវឲ្យនាងរត់រួចខ្លួនទៀតទេ !
- តើពួកឯងចង់បានអីទៅ ? ហេតុអីក៏ពួកឯងតាមព្យាបាទខ្ញុំបែបនេះ ? ខ្ញុំជំពាក់អ្វីពួកឯងទៅ ? ដោះលែងខ្ញុំទៅ ខ្ញុំសុំអង្វរ !
- ហ៊ឺស ! ដោះលែងហ្អែស ? មិនគិតថា ស្រួលពេកទេហ្អេស ? នាងមិនជំពាក់យើងទេ តែម៉ែនាងជំពាក់យើង ! ចង់ដឹងណាស់មែនទេ ? បានចាំយើងប្រាប់ ! នាងត្រូវម្តាយនាងកាត់ថ្ងៃជំពាក់ដែលម្តាយនាងជំពាក់យើង ! ប៉ុណ្នឹងគ្រប់គ្រាន់ទេ ?
- ខ្ញុំមិនជឿទេ ! ម្តាយខ្ញុំមិនធ្វើបែបនេះទេ ! ខ្ញុំមិនជឿងទេ ដោះលែងខ្ញុំទៅ !
- មិនជឿហ្អេស ? ចាំសួរម្តាយនាងពេលត្រឡប់ទៅវិញទៅ តែពេលនេះ ខ្ញុំសុំសិនហើយ ! ពួកឯងចាប់នាងទៅ !
ជនចម្លែកទាំងនោះបណ្តើរស្រីចេញទៅ ស្រាប់តែសម្លេងមួយ បានស្រែកពីក្រោយខ្នងពួកគេថា ៖
- ពួកឯងមិនគិតថា អន់ពេកទេហ្អេស ដែលមកចាប់ស្រីកណ្តាលក្រុងបែបនេះ ? បើចង់សុខខ្លួនឆាប់ដោះលែងនាងភ្លាមទៅ !
លឺសម្លេងភ្លាម ពួកនេះក្រឡេកព្រមគ្នាមករម្ចាស់សម្លេង ! នោះគឺ នាយរាជកំពុងតែសម្លឹងទៅពួកគេទាំងក្នុងដៃគ្មានអ្វីសោះសម្រាប់ទប់ទល់ ។ ឯកែវវិញ កាលបានឃើញនាយរាជ នាងស្រីអរស្ទើរហោះ ក៏ស្រែកភ្លាត់មាត់ថា ៖
- លោករាជ ! លោករាជជួយខ្ញុំផង ! លោករាជ !
ជនទាំងនោះហាក់អស់សំណើចចំពោះកម្លោះយើង ដែលមានខ្លួនតែមួយ ហើយមកស្រែកឲ្យពួកគេដោះលែងមនុស្ស ៖
- អូហ៍ ៗៗ ! ការពិតគឺអាកម្លោះលក់ដូងឯងតើ ! មិនស្តាយជីវិត ទេហ្អេស បានជាមកស្រែកឲ្យយើងដោះលែងស្រី ម្នាក់នេះ ! កុំសង្ឃឹម វ៉ើយ ! ពួកឯងជួយប្រមានវាបន្តិចទៅថា ចេះដឹងរឿងគេវាឈឺសាច់ ប៉ុណ្ណា ?
អាម្នាក់ដែលគ្រៀកស្រីជាប់ក៏ប្រលែងដៃ ស្ទុះចូលទៅរករាជទាំងកំរោល កែវបានដៃក៏ស្ទុះចេញ ប៉ុន្តែត្រូវមេខ្លោងវាចាប់ជាប់ ។ ឆាកប្រយុទ្ធហាក់បីដូចជាក្តៅគគុក ពីរទល់មួយ ហាក់បីដូចជាមិនស្មើរភាព ប៉ុន្តែចំពោះអំពើអនាថាបែបនេះ គេមិនគិតថាស្មើរភាពរឺមិន ស្មើរភាពនោះទេ ។ អ្នកណាឈ្នះ អ្នកណោះ ខ្លាំង ។ ពីរដៃរបស់រាជ បានផ្តួលអាម្នាក់ពុកមាត់ស្រម៉ោមដួលអុកគូថច្រងាងលើដី ឯអាម្នាក់ទៀតស្ទុះ ចូលមករករាជយ៉ាងរហ័ស ប៉ុន្តែកម្លោះគេចយ៉ាងលឿនដូចជា អ្នក ប្រដាល់ជំនាញ ។ រាជទម្លាក់ពីរជើង កណ្តាលទ្រូងអាម្នាក់ទៀត ខ្ទាតទៅម្ខាងយ៉ាងដំណំ ប៉ុន្តែធ្វើឲ្យខ្លួនប្រហែសក៏ត្រូវមួយ ដំបងរបស់មេខ្លោង កណ្តាលខ្នងដួលទៅលើដី ។ កែវស្ទុះវ៉ឹងទៅលើករាជ ខណៈ អាមេខ្លោងភ្លេចខ្លួនរវល់តែចូលរួមប្រយុទ្ធ ដើម្បីយកឈ្នះកម្លោះរាជ ។ រាជនៅមិនទាន់មានរបួសធ្ងន់ធ្ងរនៅឡើយ កែវលើរាជឡើងទាំង ស្រែកឡើង រកជំនួយពីមនុស្សនៅក្បែរនោះ ៖
- ជួយផង ! មានប៉ូលីសទេ ! ជួយផង ! លោករាជ លោកកើតអីទេ ?
លឺសម្តីកែវស្រែក មនុស្សប្រុសស្រីមួយចំនួននៅទីនោះក៏នាំគ្នាស្ទុះចូលមក ចំណែកជនចម្លែក ទាំងនោះ បានប្រាសខ្លួនគេចអស់គ្មានសល់ ។ រាជក្រោកអង្គុយ ត្បិតមិនធ្ងន់ធ្ងរ ប៉ុន្តែមួយដំបងយ៉ាង ដំណំហាក់ធ្វើ ឲ្យនាយឈឹចាប់យ៉ាងខ្លាំង ។ កែវនៅតែវាចាសួរពីកម្លោះ ហាក់បីដូចជាបារម្ភខ្លាំងណាស់ ៖
- លោកយ៉ាងម៉េចហើយ ? ខ្ញុំជូនលោកទៅពេទ្យណា៎ !
រាជចាប់ដៃស្រីជាប់ក្នុងបំណងឃាត់ ៖
- ខ្ញុំមិនអីទេ ! មិនចាំបាច់ទៅពេទ្យទេ ! ចុះនាងវិញ ? មានកើតអីដែរទេ ?
រាជបង្ហាញពីអាការៈបារម្ភយ៉ាងខ្លាំងចំពោះកែវ នាយសម្លឹងតាំងពីក្បាលរហូតដល់ចុងឃើងស្រី ប៉ុន្តែមិនមានអ្វីនោះទេ ។ នាយញញឹមទាំងលួចលាក់អាការៈឈឺចាប់មុខរបួស ៖
- ខ្ញុំមិនកើតអីទេ ! អរគុណដែលលោកបានជួយខ្ញុំ មិនអញ្ចឹងទេ ខ្ញុំមិនដឹងថា នឹងមានរឿងអាក្រក់ អីខ្លះកើតឡើងចំពោះខ្ញុំទេ ! ខ្ញុំជូនលោក ទៅផ្ទះណា៎ !
- ប៉ុន្តែខ្ញុំមានណាត់ជាមួយមិត្តភ័ក្ក្រ យ៉ាងណាក៏ត្រូវតែទៅ !
- ប៉ុន្តែពេលនេះ លោកកំពុងតែមានរបួស !
- តែ............!
- ខ្ញុំជូនលោកទៅផ្ទះ ! មិត្តភ័ក្ក្រលោកក៏មិនចង់ឃើញលោកទៅ ជួបគេក្នុងសភាពបែបនេះដែរ !
អស់អ្វីនិយាយជាមួយកែវ រាជក៏ព្រមឲ្យស្រីគ្រាទៅផ្ទះ ចំណែកឡានស្រីពឹងមនុស្សប្រុសម្នាក់ជួយបើកទៅឲ្យ ព្រោះផ្ទះនាយកម្លោះ នឹងកន្លែងកើតហេតុនៅជិតគ្នា ។
មកដល់ផ្ទះ កែវរៀបចំថ្នាំមួយសម្រាប់ដើម្បីលាងរបួសឲ្យរាជ ៖
- នាងគិតចង់ធ្វើអីហ្នឹង ?
- គឺជួយលាងរបួសខ្នងលោកហ្នឹងណា៎ !
កម្លោះហាក់អៀនចំពោះស្រី បែរលាងរបួសក្រោយខ្នងគឺត្រូវដោះ អាវចេញ ដូច្នេះកម្លោះក៏វាចាឡើង ៖
- ខ្ញុំគិតថា ខ្ញុំលាងខ្លួនឯងបានហើយ ! មិនអីទេណា៎ !
- លោកលាងរបួសខ្លួនឯងបានដោយរបៀបណាទៅ ? លោកមានដៃនៅខាងក្រោយដែរមែនទេ ? កុំរឹងអីណា៎ ! ឆាប់ដោះអាវ ទៅខ្ញុំលាងរបួសឲ្យ !
- ប៉ុន្តែ...... !
- លោកអៀនខ្ញុំមែនទេ ! នេះជាប្រុសរឺមិនមែនទេ ហេតុអីអៀនកំណាញ់ខ្លួនដូចស្រីអញ្ចឹង ?
- នេះខ្ញុំប្រុសពេញតួណា៎ ! ម៉េចបាននាងសួរអច្ចឹង ?
- ចុះបើលោកអៀនអីបែបនេះ ខ្ញុំមិនសួរលោកអញ្ចឹង ? កុំនិយាយ ច្រើនឆាប់ដោះអាវទៅខ្ញុំលាងរបួសឲ្យ !
ប្រកែកមិនបាន រាជក៏បង្ខំចិត្តដោះអាវចេញដើម្បីឲ្យកែវលាង របួសខ្នង ។ កែវជូតថ្នមៗលើសាច់ដ៏សរខ្ចី និងហាប់ណែនរបស់នាយកម្លោះយើង ។ ស្រីជូតបណ្តើរលួចសួរនាយកម្លោះបណ្តើរ ៖
- ឈឹដែរទេ ?
កម្លោះហាក់មានអារម្មណ៍ចម្លែក ពេលលឺសំនួរធីតាសួរបែបនេះ បាត់សម្លេងនាយមួយសន្ទុះទើប មាណពបន្លឺវាចាតិចៗសួរថា ៖
- នាងបារម្ភពីខ្ញុំមែនទេកែវ ?
- ចាស៎ ?
- ខ្ញុំសួរថា នាងបារម្ភពីខ្ញុំមែនទេ ? ហេតុអីក៏នាងជួយជូតរបួសឲ្យខ្ញុំបែបនេះ ទាំងដែរពីមុននាង មិនមែនជាមនុស្សបែបនេះ !
ចប់វាចា កែវក៏ឈប់ជូតភ្លាម កាលបានលឺសំនួររាជបែបនេះ ស្រី នឹកដោះសារយ៉ាងរហ័ស ចំពោះសំនួរដែលមានចម្លើយដ៏ពិបាកឆ្លើយ ៖
- ឆ្កួត ! អ្នកណាបារម្ភពីលោក ! ខ្ញុំគ្រាន់តែចង់សងគុណមនុស្សដែលបានជួយខ្ញុំ ប៉ុណ្នឹងមិនបានមែនទេ ? បើមិនពេញចិត្ត ខ្ញុំក៏ឈប់ធ្វើហើយ ! ជូតខ្លួនឯងទៅ !
ស្រីទម្លាក់សំឡីក្នុងប្រអប់ថ្នាំវិញ រៀបនឹងដើរចេញ ប៉ុន្តែត្រូវនរៈ ចាប់ដៃជាប់ហើយវាចា ៖
- ប៉ុន្តេខ្ញុំបារម្ភពីនាង !
សម្តីមួយឃ្លាដ៏ពេញដោយអត្ថន័យ ធ្វើឲ្យបេះដូងកែវទទួលថា នាងកំពុងតែមានក្តីសុខបំផុត អារម្មណ៍ហោះហើររកទីចុះចតគ្មាន កែវភ្នែកស្រីពោពេញទៅដោយពាក្យថា បារម្ភរបស់រាជ ។ ស្រីហាក់ អឹមអៀនចំពោះសម្តីមួយឃ្លានេះ ប៉ុន្តែស្រីព្យាយាមលាក់ចិត្តរំភើប មួយនេះក្នុងបេះដូង ហើយប្រែអារម្មណ៍ភា្លម ៖
- មិនបាច់ទេ ! ខ្ញុំចេះបារម្ភពីខ្លួនឯងហើយ ! មិនចាំបាច់លោកមកជួយបារម្ភជំនួសទេ ! លាងរបួសខ្លួនឯងទៅ ! ខ្ញុំត្រឡប់ទៅវិញហើយ !
- កែវឈប់សិន ! នាងចង់ទៅណា ? នេះយប់ជ្រៅហើយណា !
- មិនអីទេ ! ខ្ញុំទូរស័ព្ទឲ្យគេមកទទួល ! លោកមិនបាច់បារម្ភទេ !
- ប៉ុន្តែ..... !
- ខ្ញុំទៅហើយ ! ទំនេរខ្ញុំនឹងមកលេង !
រាជមិនទាន់បាននិយាយអ្វីផង កែវក៏បានចេញផុតពីផ្ទះនាយបាត់ទៅហើយ ។
- ឯងបាននិយាយអីខ្លះមុននេះអារាជ ? ឯងគិតឆ្កួតៗអីហ្នឹង ? ហេតុអ្វីក៏មិនយកពេលសួរពីកន្លែង រស់នៅរបស់ គេទៅ ? នេះនៅមិនទាន់ដឹងផងថា នាងនៅកន្លែងណា ហេតុអ្វីក៏នាងប្រញាប់ទៅវិញម្លេះ? រឺមួយក៏នាងស្អប់ខ្ញុំពិតមែន ? តើធ្វើយ៉ាងណាអាចបានជួបនាងទៀតទៅ ? ពុទ្ធោអើយអារាជ ! ហេតុអ្វីក៏ឯងល្ងង់យ៉ាងនេះ ?
          នាយបន្ទោសខ្លួនឯងក្នុងចិត្ត ទាំងដៃកំពុងតែលាងរបួសខ្លួនឯងយ៉ាងលំបាក ។ 

សូមរង់ចាំទស្សនាវគ្គ ៦ !




No comments:

Post a Comment