8/26/2015

ជំនោរស្នេហ៍និទាឃរដូវ




ដោយ ៖ ហៀង ធារ៉ា ( ប្រឹថពី )

ស្រមោលសុរិយាក្រហមឆ្អាលបានកំពុងតែចោលពន្លឺដ៏ស្រទន់រៀបនឹងអស្តង្គតមកលើផ្ទៃសាគរល្វឹងល្វើយ
ជំនោរគង្គារបក់បោកគ្រាប់ខ្សាច់ផ្ទប់ច្រាំងនាំវាតាដ៏ត្រជាក់មកក្រសោបប្រាណមនុស្ស ម្នាដែលកំពុងទស្សនាថ្ងៃលិចនាតាមដងឆ្នេរនីមួយៗរបស់ដែនដីសាគរកំពង់សោម ។ អាកាសធាតុ ដ៏បរិសុទ្ធកំពុងបំបោសអង្អែលដួងទ័យាទេសចរណ៍គ្រប់គ្នាឲ្យលង់អារម្មណ៍មនោសញ្ចេតនា និងដក់ចិត្តស្រឡាញ់មាតុភូមិមួយនេះ ។

ដំណើរវែងៗជាមួយខោជើងខ្លីអាវយឺតរួមនឹងស្បែកជើងប៉ាត់តាឥតខ្សៃកំពុងបង្អូសដំណើរកាត់ឆ្នេរខ្សាច់
ទៅរក​​​​កំលោះម្នាក់ដែលកំពុងតែឈរលើឆ្នេរលំហែកាយ ។ ទឹកមុខគ្រាមក្រោះហាក់បង្កប់ នូវទុកវិបត្តិជាច្រើនក្នុងអារម្មណ៍អ្នកកំលោះ ។ ចិញ្ចឹមក្រាស់ ចង្ការព្រែក អមដោយបបូរមាត់ដ៏ស្រទន់ កំពុងតែពង្វក់ស្មារតីនារីៗឲ្យលង់នឹងសម្រស់នាយកំលោះគ្រាមក្រំម្នាក់នេះ ។ ដំណើរកាត់ខ្សាច់បានបង្អូសកាយមកឈរអែបកំលោះយើង ទាំងមានកែវស្រាហុចទៅដោយវាចា ៖
» នេះរបស់ឯង !
កំលោះលូកដៃទទួល ញញឹមតបទាំងទឹកមុខគ្រាមក្រំ ៖
» អរគុណ !
នរៈលើកែវស្រាក្រេបបន្តិចក៏ដាក់ចុះវិញ កំលោះម្នាក់ទៀតជាមិត្តតែងតែលួចមើលរង្វង់ភ័ក្ក្ររបស់នាយ
ជាមួយវាចា ៖
» នែ៎…! ជួយញញឹមបន្តិចបានទេ ?
មាណពនាមជំនោរលឺសម្តីមិត្តភ័ក្ក្រភ្លាម នាយព្យាយាមញញឹមដាក់មិត្ត ប៉ុន្តែនៅតែមិនអាចលាក់អារម្មណ៍ពិតបានដដែល !
» ញញឹមយ៉ាងណាក៏នៅតែមិនស្រស់ ! មានអាប្រភេទផ្សេងពីហ្នឹងទេ ?
» អស់ហើយ !
» ចប់ហើយអញ្ចឹង ! ខូចក្រេឌីតយើងអស់ហើយ  !
ជំនោរនឹកឆ្ងល់ក៏ស្តីសួរទាំងជ្រួញចិញ្ចើម ៖
» ទាក់ទងអីហ្នឹងឯងទៅ ?
» យើងទាំងសង្ហារ ទាំងរួសរាយ ស្រីណាឃើញហើយក៏លួចស្រឡាញ់ តែពេលដើរជាមួយឯងណា៎ ពេល
ឃើញស្រីស្អាត សូម្បីពាក្យសួស្តីមួយមាត់ក៏មិនហ៊ាននិយាយដែរ ! ទាំងនេះគឺមកពីឯង !
» តែយើងអត់បានឃាត់ឯងទេអាប្រាថ្នា !
» តែទឹកមុខឯងឃាត់យើង !
» ទាក់ទងអីទៅហ្នឹងទឹកមុខទៀតហើយ ?
» សាកគិតមើលទៅ ! មនុស្សដើរទន្ទឹមគ្នា ម្នាក់មិនញញឹម ម្នាក់ទៀតញញឹមរហូត តើគេគ្រប់គ្នានឹងគិតយ៉ាងណាចំពោះយើង ?
» ប្រាកដជាថាឯងឆ្កួតហើយ !
» ហ្នឹងហើយជាហេតុផងដែលយើងនិយាយថា គ្រប់យ៉ាងមកពីឯង !
លឺសម្តីបែបកំប្លែងរបស់ប្រាថ្នា នាយជំនោរក៏បញ្ចេញស្នាមញញឹមហាក់ស្រស់ជាងមុន នាយលើកកែវទៅជុលកែវប្រាថ្នា ទាំងពោល ៖
» បានហើយឯង ! ឈប់ទម្លាប់កំហុសឲ្យយើងទៅ !
ប្រាថ្នាញញឹមតបសម្តី ៖
» លេងសើចទេ ! ព្រោះតែឃើញមិនញញឹមទើបចេះតែនិយាយទៅ ហើយទីបំផុតឯងក៏ញញឹម យើងធ្វើជោគជ័យហើយ !
ចប់វាចា ប្រាថ្នាក៏លើកែវស្រារបស់គេទៅជុលនិងកែវទឹកក្រូចនាយជំនោរម្តងទៀតមុនពេល គេក្រេបបង្ហើយស្រាឲ្យអស់ពីកែវ ។ កំលោះជំនោរក៏ក្រេបបង្អស់ទឹកក្រូចពីកែវ ហើយកែវភ្នែក បោះសម្លឹងយ៉ាងឆ្ងាយកាត់ផ្ទែគង្គារនៃមហាសាគរដ៏ធំល្វឹងល្វើយ ។ មួយសន្ទុះ នាយក៏ស្តីឡើងទៅ កាន់ប្រាថ្នា ៖
» ប្រាថ្នា ! ស្អែកឯងទំនេរទេ ? យើងចង់ទៅលេងកោះ !
» ស្អែក ? យើងមានណាត់ហើយ !
» ឆាប់ទូរស័ព្ទទៅរំសាយការណាត់នោះទៅ !
លឺសម្តីជំនោរ ប្រាថ្នាបើកភ្នែកធំៗសម្លឹងនាយទាំងទម្លាក់វាចា ៖
» ពេកហើយវ៉ើយ ! នេះឯងជាអ្នកណាទើបមកឲ្យយើងរំសាយណាត់ដ៏សំខាន់នេះ !
» គឺយើងជាសម្លាញ់រយឆ្នាំរបស់នោះអី !
» តែនាងជាអនាគតភរិយាដ៏គួរឲ្យស្រឡាញ់របស់យើងណា៎ វ៉ើយ !
» មិនដឹងទេ ! យ៉ាងណាឯងត្រូវតែកំដរយើងទៅលេងកោះ ! នេះទូរស័ព្ទ !
មាណពហុចទូរស័ព្ទទៅឲ្យប្រាថ្នាក្នុងបំណងឲ្យគេតេទៅរំសាយការណាត់ ។ ប្រាថ្នាសម្លឹង ទូរស័ព្ទ រួចងើបសម្លឹងមុខជំនោរទាំងពោល ៖
» នេះឯងកំពុងតែបង្ខំយើងមែនទែនហ្អេសអាជំនោរ ?
នរៈញាក់ចិញ្ចឹមដាក់ប្រាថ្នា ទាំងញញឹមដោយវាចា ៖
» ជួយមិនបានទេវ៉ើយ ! ឯងសន្យាអ្វីខ្លះជាមួយប្អូនស្រីយើង ជួយធ្វើឲ្យបានទៅ បើមិនចង់រស់នៅម្នាក់ឯង !
ប្រាថ្នាទម្លាក់ទឹកមុខស្រពោន ហាក់គ្មានសម្តីតបទៅនឹងនាយជំនោរឡើយ ។ នាយក៏លូកដៃទៅយកទូរស័ព្ទពីដៃជំនោរ ប៉ុន្តែកម្លោះជំនោរបែរជាទាយទូរស័ព្ទទុកវិញ ។
» វាដូចជាអាត្មានិយមពេកហើយ បើយើងធ្វើបែបនោះមែន !
ប្រាថ្នានឹកឆ្ងល់និងជំនោរភ្លាមមួយរំពេច !
» វាស្អីរបស់ឯងទៀតហើយ ? យើងមិនយល់ទេ !
នាយជំនោរទម្លាប់ទូរស័ព្ទចូលហោប៉ាវវិញ ៖
» យើងធ្វើលេងជាមួយឯងទេ ! បើឯងមិនទំនេរក៏មិនហ៊ានបង្ខំដែរ ! យើងអាចទៅម្នាក់ឯងបាន ! កុំបារម្ភអី !
» នេះឯងនិយាយពិតរឺក៏អត់ទេ ?
» យើងធ្លាប់និយាយកុហកឯងដែរទេ ?
» គឺមិនដែលទេ !
» អញ្ចឹងជាការពិតហើយ !
» តែ....... តែមិនល្អទេ បើឯងទៅតែម្នាក់អញ្ចឹងនោះ ! យើងទៅជាមួយឯងចុះ !
» ចុះការណាត់ឯងនិងប្អូនវីន !
» អនាគត ពួកយើងគង់តែរស់នៅជាមួយគ្នា តែមិត្តភ័ក្ក្រស្លាប់រស់ដូចឯង យើងមិនអាចចោលបានទេ ! យើងពន្យាណាត់ជាមួយវីនរហូតដល់ពេលរសៀលក៏បានដែរ ! យើងធ្វើម៉េចនឹងដាច់ ចិត្តឃើញឯងពិបាកចិត្តហើយ ត្រូវទៅណាមកណាឯការទៀតនោះ ! មិត្តភ័ក្ក្រស្លាប់រស់ត្រូវតែ កំដរគ្នាវ៉ើយ !
ជំនោរសម្លឹងមុខប្រាថ្នាទាំងញញឹម ៖
» អរគុណណាស់សម្លាញ់ ! យ៉ាងណាក៏ឯងនៅតែមិនចោលខ្ញុំ ! អរគុណពិតមែនសម្លាញ់ !
» ហេតុអ្វីត្រូវអរគុណ ? ក្រែងពួកយើងជាបងប្អូននឹងគ្នា មិនអញ្ចឹងហ្អេស ?
នាយជំនោរសើចយ៉ាងស្រស់ ៖
» អើ ! អាប្អូនថ្លៃ !
ប្រាថ្នាញញឹមបិទមាត់មិនជិតពេលលឺសម្តីជំនោរ គេក៏បន្ត ៖
» អញ្ចឹងរឿងនេះទុកឲ្យយើងចាត់ការចុះ ! ត្រៀមខ្លួនទៅ ! ស្អែកចេញដំណើរ ! អូឃេទេ ?
កំលោះទាំងពីរទះដៃគ្នាលាន់ផាច់ ៖
» អូឃេហើយអាសម្លាញ់ ! ស្អែកចេញដំណើរ !
សុរិយាលិចបាត់បន្សល់ទុកតែកម្លោះទាំងពីរឲ្យនៅឈរជជែកគ្នាលើឆ្នេរលំហែកាយ ។ មិត្តភ័ក្ក្រស្លាប់រស់ទាំងពីរបានកើតឡើង រៀនសូត្រនិងធំឡើងជាមួយគ្នា ។ មិនថាមានអ្វីកើតឡើង ក៏ពួកគេមិនដែលនឹងគិតថា ចោលគ្នាដែរ ។ តាំងពីរអតីតសង្សារសំណព្វចិត្តរបស់ជំនោរ បានចាកចេញទៅស្ងាត់ៗ រយៈពេល ២ ឆ្នាំនេះគេនៅតែនឹកនាងគ្រប់វេលា ។ ប្រវត្តិសាស្រ្តស្នេហ៍ឈឺចាប់ បានកត់ត្រារាប់រយតំណក់ទឹកភ្នែករបស់អ្នកកម្លោះដែនដីសមុទ្ទ ព្រោះតែជញ្ជាំងវណ្ណៈស្នេហ៍ក្រីក្រ ។ ស្នេហាស្មោះរបស់ពួកគេទាំងពីរមិនអាចដើរទៅមុខបាន ព្រោះតែជញ្ជាំងស្នេហ៍ដ៏ធំនៃម្តាយរបស់ ជំនោរមិនអាចទទួលនាងមកធ្វើជាអនាគតកូនប្រសារគាត់ បាន ។ គាត់ព្យាយាមធ្វើគ្រប់យ៉ាង ដើម្បីឲ្យជំនោររស់នៅដោយគ្មាននាង ។ ទីបំផុត គង្គារនារីកម្សត់ក៏សម្រេចចិត្តដើរចាកចេញពី ដែនដីនេះទៅស្ងាត់ៗហើយទុកឲ្យកំលោះជាសង្សារ រស់នៅម្នាក់ឯងឯការ ទាំងគ្មានវាចាលាមួយមាត់ ។ មួយឆ្នាំកន្លងទៅ រឿងឃាតកម្មមួយក៏បាន កើតឡើង ក្រោយពីសាកសពមនុស្សស្រីម្នាក់ស្លាប់អណ្តែតទឹកត្រូវបានគេប្រទះឃើញនៅម្តុំកំពង់ ផែក្រុង ។ សាកសពស្រ្តីនោះឡើងហើម រហូតដល់មើលមុខមាត់មិនស្គាល់ ប៉ុន្តែប៉ូលីសក៏បាន វិនិច្ឆ័យតាមអត្តសញ្ញាណប័ណ្ឌជាប់ខ្លួនថា សាកសពនោះគឺជាគង្គារ ។ ក្រោយទទួលដំណឹងភ្លាម កាយារបស់កំលោះជំនោរស្ទើរទប់លំនឹងខ្លួនមិនជាប់ ទឹកភ្នែករាប់រយតំណក់ចាប់ផ្តើមស្រក់កាត់ ផែនថ្ពាល់ ។ នាយបានឲ្យប្រាថ្នាជូនទៅកន្លែងកើតហេតុ ។ ទោះបីសាកសពមើលមិនស្គាល់ ប៉ុន្តែគ្រប់យ៉ាងដែលមាននៅជាប់ខ្លួនស្រ្តីនោះជាភស្តុតាងយ៉ាងច្បាស់ដែល ធ្វើឲ្យជំនោរទន់ខ្លួន និយាយលែងចេញ ។ រហូតមកដល់ពេលនេះគឺពីរឆ្នាំហើយនៃការចាកចេញទៅរបស់គង្គារ ។ នាយជំនោរនៅតែមិនអាចបំភ្លេចអតីតកាលស្នេហ៍មួយនេះបាន ទោះបីនាយព្យាយាមធ្វើចិត្ត សប្បាយ ប៉ុន្តែរង្វង់ភ័ក្ក្រដ៏ស្រស់ស្រទន់របស់គង្គារនៅត្រដែតឡើងគ្រប់ពេលកម្លោះនិន្ទ្រា ។

ក្រោមពន្លឺសុរិយាដ៏ស្រទន់នាម៉ោងប្រមាណជាប្រាំបីព្រឹក អ្នកកំលោះក៏បានមកដល់ឆ្នេរអូរត្រេស វែនតាខ្មៅជាប់នេត្រាអមដោយខោវប៊យជើងខ្លី ជាមួយអាវយឺតស៊កអាវក្រណាត់ដៃវែងពីក្រៅ ហាក់បង្ហាញពីភាពស្រស់សង្ហាររបស់កំលោះជំនោរ ។ រង្វង់មុខពោរពេញទៅដោយអំណាចនៃមន្ត ស្នេហ៍ ជាមួយចិញ្ចើមក្រាស់ ចង្ការព្រែក រឹតតែធ្វើឲ្យបេះដូងក្រមុំៗទីនោះលោតចេញមកក្រៅ ដើម្បីឲ្យបានឃើញផ្ទាល់ពីមន្តស្នេហ៍កម្លោះដែនសមុទ្ទម្នាក់នេះ ។ ប្រាថ្នារត់ចូលមកយ៉ាងលឿន ហើយទប់ជំហរក្បែរជំនោរជាមូយវាចា ៖
» មកយូរហើយមែនទេ ? យើងសុំទោសដែរមកយឺត ព្រោះឡានមានបញ្ហាតិចតួច !
» មិនអីទេ ព្រោះវាជាទម្លាប់ឯងហើយ !
» អើៗ ! ជួបពេលណា រករឿងពេលហ្នឹងហើយឯង !
ស្រ្តីចំណាស់ម្នាក់ជាមួយកម្លោះក្មេងម្នាក់អាយុប្រមាណ ២១ បានដើរចោលមកជំនោរ និង ប្រាថ្នា ទាំងពោល ៖
» ជម្រាបសួរលោកប្រាថ្នា !
មាណពទាំងពីរងាកមក ទាំងតបវាចាព្រមគ្នា ៖
» បាទជម្រាបសួរអ្នកមីង !
ស្រ្តីចំណាស់ក៏បន្តវាចា ៖
» ការស្នើរសុំរបស់លោកប្រាថ្នាគឺរៀបរយហើយចា៎ ទាំងអាហារ ទាំងភេសជ្ជៈ រួមទាំងសំភារៈ ប្រើប្រាស់ក្នុងដំណើរកម្សាន្តគឺនាងខ្ញុំបានចាត់ការយកទៅដាក់លើទូករួចរាល់ហើយ ! ចំណែកប្អូន ប្រុសម្នាក់នេះជាអ្នកបើកទូកជូនលោកប្រុសទាំងពីរផងដែរ !
នាយកំលោះបើកទូកវ័យក្មេងក៏ស្វាគមន៍ ៖
» ជម្រាបសួរលោកប្រុស !
ជំនោរស្តីកាត់សម្តីភ្លាម ៖
» សូមអ្នកទាំងពីរហៅខ្ញុំត្រឹមជាក្មួយប្រុស រឺក៏បងប្រុសបានហើយ ! ពួកយើងទាំងពីរមិនមែន ជាមនុស្សមានយសសក្កិធំដំដល់ថ្នាក់មាននាមជាលោកប្រុសនោះទេ !
» ចាស !
» បាទ !
នរៈជំនោរសម្លឹងមកប្រាថ្នា ៖
» នែ៎ ! នេះមិនចាំបាច់ពិសេសអីដល់ថ្នាក់ហ្នឹងក៏បានដែរវ៉ើយ !
ប្រាថ្នាតបវិញសម្តីយ៉ាងលឿន ៖
» ម៉េចនឹងបានទៅ?នេះសម្រាប់អនាគតបងថ្លៃ និងសម្លាញ់ស្លាប់រស់ដូចឯងត្រូវតែពិសេសបែបនេះវ៉ើយ ! គ្រប់យ៉ាងរៀបរយហើយ ! យ៉ាងម៉េច ? ទៅបានហើយនៅ ?
ជំនោរញញឹម ៖
» អរគុណគ្រប់យ៉ាងណា៎ សម្លាញ់ ! អាចចេញដំណើរបានហើយ !
» ទៅយើង !
មិត្តសម្លាញ់ទាំងពីរបានបោះជំហានដើរលុយទឹកសមុទ្ទឆ្ពោះទៅកាន់ ទូកសម្រាប់ដំណើរ កម្សាន្តកោះថ្ងៃនេះទាំងស្នាមញញឹមជាប់ជានិច្ច ។ ប្រាថ្នាបានព្យាយាមធ្វើគ្រប់យ៉ាងបែបនេះ គឺចង់ឃើញមិត្តរបស់គេសប្បាយចិត្តដូចកាលពួកគេនៅរៀនជុំគ្នា ។ ជីវិតពួកគេទាំងពីរហាក់ដើរ លើផ្លូវតែមួយ ម្នាក់កើតទុក្ខ ម្នាក់ទៀតប្រាដកជាមិនអាចញញឹមបានទេ ព្រោះជីវិតកំព្រារបស់ ប្រាថ្នាបានមកដល់សព្វថ្ងៃក៏ព្រោះសណ្តានចិត្តរាប់អានរបស់ជំនោរ ។ ជំនោរបានជួយផ្គត់ផ្គង់ គ្រប់យ៉ាងរាល់ការចំណាយលើការរស់នៅ និងការសិក្សារបស់ប្រាថ្នា រហូតដល់ប្រាថ្នាមានក្រុមហ៊ុនផ្ទាល់ខ្លួនដល់សព្វថ្ងៃ ។ ដូច្នេះពួកគេទាំងពីរស្ទើរតែកើតចេញពីផ្ទៃតែមួយទៅហើយ ។
ទូកម៉ាស៊ីនរបស់ជំនោរ និងប្រាថ្នាកំពុងតែលូនកាត់រលកសមុទ្ទធំៗហាក់មិនញញើត ខ្លូន ។ ដំបូងគិតថា នឹងបានសប្បាយចិត្ត កាលបើបានដើរលេង ប៉ុន្តែវាបែរជាខុសពីការគិត របស់ជំនោរ ។ ឃើញរលកទឹកពេលនេះ នាយរឹតតែនឹកដល់ឈ្មោះ និងវង់ភ័ក្ក្រគង្គារ ។ ( គង្គារ ! ពីរឆ្នាំហើយដែលនាងចាកចេញទៅ ហើយក៏ពីរឆ្នាំដែរដែលមុខរបស់នាងបានបាត់ពី ក្រសែភ្នែករបស់ខ្ញុំ ប៉ុន្តែហេតុអ្វីក៏ខ្ញុំមិនអាចបំភ្លេចនាង ? គ្រប់ដង្ហើមចេញចូលរបស់ខ្ញុំមាន តែឈ្មោះនាង រាល់ការគិតនិងស្រមៃរបស់ខ្ញុំមានតែវង់ភ័ក្ក្ររបស់នាងស្ទើរតែ ២៤ ម៉ោងក្នុង ជីវិតប្រចាំថ្ងៃរបស់ខ្ញុំ គឺនាងតែងតែនៅក្បែរខ្ញុំជានិច្ច ! ដឹងទេថា គ្រប់ពេលខ្ញុំនឹកនាង បេះដូងខ្ញុំ ឈឺចាប់ប៉ុណ្ណា ? ខ្ញុំតែងតែសួររកនាង ចង់ឲ្យនាងត្រលប់វិញ ទោះបីដឹងថា លើលោកនេះគ្មាន អច្ឆរិយៈស្នេហ៍ ប៉ុន្តែនៅតែចង់បាននាងត្រឡប់មករស់ក្បែរ ! អាចទេ បើសិនជាផែនដីនេះ ផ្តល់រូបរាងពិតរបស់នាងមកឲ្យខ្ញុំវិញ ! ខ្ញុំពិតជាមិនចង់រស់នៅក្នុងក្តីស្រមើស្រមៃនេះតទៅទៀត ព្រោះពេលនេះបេះដូងខ្ញុំស្ទើតែខ្លោចគ្រាមអស់ទៅហើយ ! ផ្តល់គង្គារឲ្យខ្ញុំវិញមក ! )
» ជំនោរ ! ជំនោរ ! នេះកើតអីទេ ? ហេតុអ្វីក៏អង្គុយភ្លឹកបែបនេះ ?
សម្លេងរបស់ប្រាថ្នាបានដាស់អារម្មណ៍របស់ជំនោរឡើងពីការស្រមើស្រមៃ ។ ជំនោរតប វាចាទៅកាន់ប្រាថ្នាហាក់មិនដឹងថា ទូកខ្លួនមកដល់កោះឡើយ ៖
» អូហ៍ ! គឺគ្មានអីទេ ! នេះមកដល់កោះហើយហ្អេស ?
» បាទ ! គឺមកដល់ជិតប្រាំនាទីហើយ ប៉ុន្តែឯងកំពុងតែភ្លឹកនឹកនរណាម្នាក់ហើយ ទើបបានជា មិនចាប់អារម្មណ៍ ! ទីនេះគឺកោះតាគៀវ ! តាមគម្រោង កោះឫស្សីមិនអាចចូលបានទៀតទេ ព្រោះតែកោះនោះកំពុងតែមានការអភិវឌ្ឍដោយក្រុមហ៊ុនចិន ទើបអ្នកបើកទូកជូនយើងមកទីនេះ !
ជំនោរបោះនេត្រាសម្លឹងលើកោះដ៏ស្ងាត់មួយនេះទាំងងកក្បាលហាក់ពេញចិត្ត ៖
» យើងគិតថា ទីនេះក៏ល្អដែរ ទាំងត្រជាក់ ទាំងស្ងាត់ ធម្មជាតិក៏ស្រស់ស្អាត បើបានមកសម្រាកនៅ ទីនេះមួយអាទិត្យប្រហែលជាល្អហើយ !
» នែ៎ៗ ! នេះឯងកំពុងតែធ្វើទុក្ខខ្ញុំទៀតហើយណា៎ !
ជំនោរញញឹម ៖
» និយាយលេងទេ ! តោះ ! ឆាប់ចុះទៅ !
ជំនោរចុះពីទូកដើរលុយទឹកឡើងទៅលើកោះ ឯប្រាថ្នាក្រវីក្បាលហួសចិត្ត ហើយក៏ចុះទូកទៅតាមក្រោយ ។ ស្រ្តីម្នាក់អាយុប្រមាណ ៣៥ ឆ្នាំបានរត់មករាក់ទាក់ដាក់កម្លោះយើង ។ កម្លោះញញឹមរាក់ទាក់វិញជាមួយការគោរព ។
» បងស្រី ! ទីនេះដូចជាស្ងាត់ល្អណាស់ !
» ចាសប្អូន ពីព្រោះកោះនេះមិនទាន់មានការអភិវឌ្ឍច្រើនដូចកោះឬស្សី ទើបមិនសូវមានភ្ញៀវមកលេងដល់នេះទេ ! ភាគតិចបំផុតដែលបានមកដល់ទីនេះ ! ចុះប្អូនគិតនឹងកម្សាន្តនៅទីនេះ ប៉ុន្មាននថ្ងៃដែរ ?
» អូហ៍ ! បាទគឺល្ងាចត្រឡប់ទៅវិញហើយបងស្រី !
» អញ្ចឹងលេងតាមសប្បាយណា៎ ! មានអ្វីអាចរកបងស្រីបាន ដូចជាភេសជ្ជៈ រឺក៏អាហារ !
» ទាំងនេះគឺមានរួចរាល់ហើយ ! អញ្ចឹងសុំបន្ទប់ប្រើពេលថ្ងៃមួយចុះ !
» ចាសបាន ! អញ្ជើញមកតាមបងមក !
ប្រាថ្នាវាចាឡើងទៅកាន់ជំនោរ ៖
» យើងសុំទៅបន្ទប់ទឹកមួយភ្លែត ! បន្តិចទៀតត្រឡប់មកវិញ !
» អើៗ ! តាមសប្បាយ !
នរៈយើងក៏ដើរឡើងទៅបន្ទប់តាមបងស្រីម្នាក់នោះ ។
» បន្ទប់នេះធំហើយស្រស់ស្អាតជាងគេនៅលើកោះនេះ ! ត្បិតតែវាមិនទំនើបដូចនៅដីគោក ប៉ុន្តែអាចស្នាក់នៅបាន ហើយបន្ទប់នេះគឺធំជាងគេហើយ !
ជំនោរសម្លឹងបន្ទប់បន្តិចក៏តប ៖
» អញ្ចឹងខ្ញុំសុំយកបន្ទប់នេះចុះបងស្រី !
» អញ្ចឹងបន្តិចទៀត បងនឹងឲ្យក្មេងយកកន្សែងនឹងទឹកញ៉ាំមកជូន !
» បាទអរគុណបងស្រី !
» ចាស៎ !
ស្រីម្ចាស់បន្ទប់រលៀកខ្លួនចេញទៅ មាណពទម្លាប់ខ្លួនថ្នមៗទៅលើគ្រែដែលមានទ្រាប់ពូកពី ក្រោមហាក់មានភាពស្រស់ស្រាយ ។ កម្លោះធ្មេចភ្នែកយកកម្លាំងមួយសន្ទុះ ប្រាថ្នាក៏ចូលមកដល់ ។ ជំនោរក្រោកអង្គុយ ហើយសម្លឹងទៅកម្លោះប្រាថ្នាដែលធ្វើមុចដូចជាមនុស្សជួបអ្វីស្លន់ ស្លោអញ្ចឹង ។
» នេះឯងកើតអីអត់ទេអាប្រាថ្នា !
ប្រាថ្នាដងដង្ហើមញាប់ៗ ៖
» គឺយើងបានជួប.......... !
» ជួបស្អីឯង ! ជួបខ្មោចមែនទេ ?
នាយប្រាថ្នាសម្រួលដង្ហើមមួយៗ រួចក៏បន្ត ៖
» មិនប្រាកដទេ តែយើងជួបពិតមែន !
» ជួបស្អីទៅ ?
» គឺយើងជួប.......!
- សួស្តី ! ខ្ញុំយកកន្សែងនិងទឹកមកជូនចា៎ !
សម្លេងស្រួយស្រេះដូចសរិកាកែវបានបន្លឺឡើង ជាមួយរូបរាងដ៏ស្រស់សោភាផុសត្រដែត នៅពីក្រោយខ្នងកម្លោះទាំងពីរ ។ ស្ទើរតែមិនជឿថា នៅលើកោះឆ្ងាយបែបនេះមានមនុស្សស្រី សម្លេងពីរោះ និងសម្រស់ស្រស់ស្អាតបែបនេះសោះ ។ កម្លោះទាំងពីរបែរមុខមករកប្រភពសម្លេង ព្រមគ្នា ប៉ុន្តែកែវភ្នែកកម្លោះទាំងពីរបានត្របាញ់ចំភ័ក្ក្រស្រី និងសម្លឹងរូបរាងកាយនាងមិនដាក់ ភ្នែកទាំងភ្ញាក់ផ្អើលហាក់បីដូចជាធ្លាប់ស្គាល់គ្នា ។ ភ្លាមនោះ ជំនោរលាន់មាត់ឡើង ៖
» គង្គារ........?
ប្រាថ្នាបន្ត ៖
» យើងមិនប្រាកដថា ជាខ្មោចរឺក៏មនុស្សទេ ប៉ុន្តែអ្វីដែលយើងបានជួបគឺម្នាក់នេះហើយ !
ស្រីស្រស់សោភាឈរកាន់កន្សែនក្នុងដៃហាក់ឆ្ងល់នឹងទង្វើនាយកម្លោះទាំងពីរ ៖
» នេះពួកលោកនិយាយពីអ្វីទៅ ! ខ្ញុំអត់យល់ទេ !
ជំនោរដើរចូលទៅកាន់នារីម្នាក់នោះ ទាំងទឹកមុខស្រពោន ៖
» គង្គារ.....! នេះនាងអត់ចាំខ្ញុំពិតមែនហ្អេស ? ខ្ញុំជំនោរណា៎ ! នាងពិតជាភ្លេចខ្ញុំពិត មែនហ្អេស ? ក្រែងពួកយើងធ្លាប់ស្រឡាញ់គ្នានោះអី ! ហេតុអីក៏នាងភ្លេច ?
នារីម្នាក់នោះនៅតែរក្សាទឹកមុខងឿងឆ្ងល់ពីសម្តីរបស់ជំនោរ ៖
» ខ្ញុំអត់យល់ថា ពួកលោកនិយាយអ្វីទេ ! អត់ចាំ ភ្លេចអ្វីទៅ ? គង្គារជាអ្នកណា ខ្ញុំអត់ដែលស្គាល់ទេ ! លោកច្រឡំមនុស្សហើយ !
» ខ្ញុំមិនច្រឡំទេ ហើយក៏មិនដែលភ្លេចនាងដែរ ! គ្រប់ដង្ហើមចេញចូលរបស់ខ្ញុំ មិនដែលឃ្លាត ពីនាងសូម្បីតែមួយវិនាទី ! នាងដឹងទេ វេលាដែលគ្មាននាងនៅក្បែរ ខ្ញុំឈឺចាប់ប៉ុណ្ណា ខ្ញុំទុក្ខសោកប៉ុណ្ណា ? ខ្ញុំនឹកនាង ខ្ញុំចង់ឃើញនាង ចង់ជួបនាង ចង់រស់នៅក្បែរនាង ប៉ុន្តែនាង បែរជាចាកចោលខ្ញុំទាំងមិនលាសូម្បីមួយមាត់ ! ខ្ញុំដូចមនុស្សម្នាក់ដែលរស់នៅដើម្បីតែកំដរភាព ឯកា ពេលដែលនាងចាកចេញទៅ តែពេលនេះខ្ញុំមិនអនុញ្ញាតឲ្យនាងទៅណាចោលខ្ញុំទៀតទេ ! គង្គារ......!
ចប់វាចាស្ទើរមិនទាន់ ជំនោរស្ទុះទៅក្រសោបប្រាណស្រីជាប់យ៉ាងខ្លាំង ហាក់កំពុងបង្ហាញពី ភាពនឹករលឹកដ៏ធំធេងរបស់នាយចំពោះនារីម្នាក់ឈ្មោះគង្គារ ប៉ុន្តែស្រីម្នាក់ដែលកម្លោះកំពុងអោប បែរជាទម្លាប់កន្សែងចោល ហើយព្យាយាមរើប្រាណពីដៃជំនោរ ៖
» លែងខ្ញុំ ! លែងខ្ញុំទៅ !លោកឆ្កួតទេដឹង ? ហេតុអីក៏មកអោបខ្ញុំ ? ខ្ញុំមិនមែនជាគង្គារ ស្អីរបស់លោកនោះទេ ! លែងទៅ !
ស្រីព្យាយាមរើរហូតដល់របេះដៃជំនោរពីខ្លួននាង មាណវីរើសកន្សែងបោះទៅលើគ្រែ ជាមួយ ទាំងវាចា ៖
» ខ្ញុំយកកន្សែងនេះមកឲ្យ ហើយចាំទុក ខ្ញុំមិនមែនគង្គារស្អីលោកទេ ! បើលោកច្រឡំ មនុស្សខ្ញុំមិនប្រកាន់ទេ តែបើលោកនៅតែប្រព្រឹត្តបែបនេះមកលើខ្ញុំ ទោះលោកជាភ្ញៀវក៏ខ្ញុំមិនទុកមុខដែរ !
ធីតាស្រីក៏គេចចេញមកវិញយ៉ាងលឿន ប៉ុន្តែជំនោរហាក់មកអស់ចិត្តក៏ស្ទុះតាមរហូតដល់ក្រៅបន្ទប់ ។ ឯប្រាថ្នាមិនអាចនិយាយអ្វី បានត្រឹមតែរត់តាមពីក្រោយពួកគេទាំងពីរ ។ ជំនោរស្ទុះទៅចាប់ដៃឃាត់ស្រី ៖
» នេះនាងពិតជាព្យាយាមបំភ្លេចខ្ញុំពិតមែនហ្អេសគង្គារ ? នាងមិនអាណិតដល់ចិត្តនឹករបស់ខ្ញុំចំពោះនាងទេហ្អេស ? ខ្ញុំគ្រាំក្រៀម ឈឺចាប់ ពេលនឹកឃើញនាង ហេតុអីក៏នាងព្រងើយ កណ្តើយដាក់ខ្ញុំបែបនេះ ?
មាណវីរលាស់ដៃជំនោរចេញយ៉ាងខ្លាំង ៖
» ខ្ញុំប្រាប់ហើយថា ខ្ញុំមិនមែនជាមនុស្សស្រីឈ្មោះគង្គារនោះទេ ! ហេតុអីក៏លោកមិនយល់ ?ខ្ញុំកើតនៅទីនេះ ធំនៅទីនេះ មិនស្គាល់ដីគោក ហើយរឹតតែមិនស្គាល់ពួកលោក ! ឈប់មកតាម ខ្ញុំទៅ ខ្ញុំមិនមែនជាមនុស្សដែលលោកកំពុងតែនឹកនោះទេ ! យល់ទេ ?
ស្រីស្រែកខ្លាំងៗដាក់កំលោះកម្សត់ស្នេហ៍ រហូតដល់មនុស្សម្នានៅទីនោះរត់មកចោមរោម មើលពួកគេ ។ បងស្រីម្ចាស់បន្ទប់ក៏ចូលមក ៖
» នេះមានរឿងអ្វីកើតឡើងវត្តី ? មានរឿងអ្វីហ្អេសប្អូនប្រុស ?
ឃើញសភាពការឆោឡោ ប្រាថ្នាក៏ស្ទុះចូលមកចាប់ស្មានាយកម្លោះជំនោរជាមិត្ត ហើយដោះសារយ៉ាងលឿន ៖
» គឺអត់មានអីទេបងស្រី ! គឺ.....ប្រហែលជាពួកយើងចាំមនុស្សខុសហើយ ! សុំទោសផង !
មាណពជំនោរនៅតែមានះ ៖
» តែយើងមិនច្រឡំទេ !
ប្រាថ្នានិយាយតិចៗទៅកាន់ជំនោរ ៖
» ខ្ញុំថា ពួកយើងឡើងទៅបន្ទប់វិញទៅ ! នាងអាចនឹងមិនមែនជាគង្គារដូចយើងស្មានក៏ថាបាន ! កុំឲ្យមានរឿងច្រើនជាងនេះអី !
» តែ....!
» បើនាងជាគង្គារមែន នាងប្រាកដជាមិនធ្វើប្រងើយកណ្តើយដាក់ពួកយើងបែបនេះទេ ! ជឿយើងណា៎ ឡើងទៅបន្ទប់សិនទៅ មុននឹងមនុស្សនៅទីនេះគិតថា ឯងជាមនុស្សវិកលចរិក ! ជឿយើងណា៎ អាសម្លាញ់ !
» នេះស្អីឯង !
» ឆាប់មក ! សុំទោសណា៎ បងស្រី ! សុំទោសប្អូនស្រីម្នាក់នេះផង !
ប្រាថ្នាក្រៀកស្មានាយជំនោររហូតដល់បន្ទប់ ។ គេដាក់ខ្លួនអង្គុយចុះលើពូក ជំនោរនៅតែ ទន្ទេញពាក្យច្បាស់មិនច្រឡំ ប្រាថ្នាគ្រវីក្បាលហួសចិត្តនិយាយអត់ចេញមួយមាត់ ។ មួយសន្ទុះ កំលោះជំនោរក៏ស្តីឡើង ៖
» ប្រាថ្នា ! យើងថា ឯងត្រឡប់ទៅដីគោកមុនយើងទៅ !
ប្រាថ្នាក្រោកឡើងពីពូកតបវាចា ៖
» អត់ទេ ! យើងមកជាមួយឯង ទៅវិញក៏ត្រូវទៅវិញជាមួយឯងដែរ !
» តែយើងដូរចិត្តហើយ ! យើងនឹងសម្រាកនៅទីនេះមួយយប់ ! –
» ដូច្នេះយើងក៏នៅទីនេះជាមួយឯងដែរ !
» ឯង...?
» យើងចង់ដឹងភាពច្បាស់របស់ឯងលើស្រីម្នាក់នោះ ! បើឯងច្បាស់ ១០០ % បែបនេះ យើងមិនទុកឲ្យឯងនៅម្នាក់ឯងទេ !
ប្រាថ្នាញាក់ចិញ្ចើមដាក់ជំនោរ ធ្វើឲ្យកំលោះបញ្ចេញនូវស្នាមញញឹមហាក់មានសង្ឃឹម ។
» អរគុណណា៎ សម្លាញ់ ! រំខានឯងទៀតហើយ !
» មិនចាំបាច់គួរសមទេ ! រីករាយជានិច្ច !
សុរិយាលិចបាត់ចន្ទ្រាចាប់ផ្តើមរះកំដររាត្រីដ៏ងងឹតសូន្យសុងលើដែនកោះដ៏ត្រជាក់ ។

សុរិយារះឡើងខ្ពស់សន្លឹមចោលសូរ្យសែងត្រចះមកលើដែនកោះតាគៀវ ។ ជំនោរ និងនាយប្រថ្នាបានរៀបចំខ្លួនយ៉ាងស្រស់សង្ហារ ហើយចុះមកញ៉ាំអាហារពេលព្រឹកនៅភោជនីយដ្ឋានក្បែរឆ្នេរ ។ នាយប្រាថ្នាជាអ្នកហៅអាហារ ឯនាយជំនោរវិញ កែវភ្នែករេឥតឈរ ពីក្នុងទៅក្រៅ ហាក់កំពុងរកនរណាម្នាក់។ ប្រាថ្នាសម្លឹងឃើញបែបនេះ នាយក៏កេះ ៖
» នែ៎ ! ឯងហៅអីញ៉ាំទេ ?
កម្លោះនៅតែបន្តសម្លឹង ហើយឆ្លើយហាក់មិនខ្វល់ ៖
» ឯងហៅអីក៏ហៅទៅ !
» នេះឯងកំពុងតែសម្លឹងរកអីហ្នឹង ? កុំប្រាប់ថា រកស្រីម្នាក់នោះណា៎ !
» ត្រូវហើយ ! ហេតុអ្វីមិនទាន់ឃើញនាង ?
» អាចនឹងនាងមិនទាន់មកធ្វើការក៏ថាបាន ! នេះម៉ោងទើបតែប្រាំបីព្រឹកទេ !
ជំនោរសម្លឹងមុខមិត្ត រួចក៏ងក់ក្បាលតប ៖
» ប្រហែលហើយ !
ភ្លាមនោះ បងស្រីម្នាក់ម្ចាស់បន្ទប់ជួល និងភោជនីយដ្ឋានក៏ដើរចេញមក ៖
» អរុណសួស្តីកំលោះៗ ! នេះក្រោកទាំងព្រលឹមតែម្តងហើយណ្ន៎ ! បន្ទប់ស្នាក់នៅយ៉ាងម៉េចដែរចាស៎ ?
ប្រាថ្នាក៏ស្តីតបឡើង ៖
» ទាំងត្រជាក់ ទាំងស្ងៀមស្ងាត់ ទាំងផាសុខភាព គួរឲ្យស្នាក់នៅខ្លាំងណាស់ !
នាយជំនោរញញឹមបញ្ចប់សម្តីមិត្តកម្លោះ ៖
» ចុះព្រឹកនេះចង់ញ៉ាំអ្វីដែរ ? បងស្រីធ្វើជូនមិនគិតលុយទេ !
» មិនគិតលុយទេ ?
ប្រាថ្នាលាន់មាត់សម្លឹងមុខជំនោរ ពួកគេញញឹមហាក់ចម្លែកចិត្តក៏សួរ ៖
» នេះមិនគិតលុយបែបនេះគ្រប់គ្នាមែនទេបងស្រី ?
» មិនមែនទេចាស ! គឺបងហ្វ្រីជូនកំលោះទាំងពីរជាភ្ញៀវពិសេស !
 » ពិសេសដល់ថ្នាក់នេះផងបងស្រី ?
» ចាស៎ !
» អញ្ចឹងសុំមួយឆ្អែតហើយ ! មិនងាយរកបានទេ !
នាយប្រាថ្នាហៅសុទ្ធតែមុខម្ហូបពិសេសប្រចាំដែនកោះនេះហាក់មិនខ្វល់អ្វីឡើយ ឯជំនោរវិញ អង្គុយសម្លឹងមើលបងស្រីម្នាក់នោះទាំងឆ្ងល់ក្នុងចិត្ត តែនាយមិននិយាយអ្វីទេ ។ ពេលបងស្រីម្ចាស់ ហាងរៀបដើរចេញទៅ នាយជំនោរក៏ស្តីកាត់ដំណើរ ៖
» សុំទោសបងស្រី ! អនុញ្ញាតឲ្យខ្ញុំសុំសួរអ្វីបន្តិចបានទេ ?  
» ចាស៎បាន !
» តើស្រីម្នាក់ដែលយកកន្សែងទៅឲ្យពួកខ្ញុំពីម្សិលមិញ នាងមិនមកធ្វើការទេហ្អេសបង ?
» ប្អូនចង់និយាយពីវត្តីហ្នឹងមែនទេ ?
» បាទ !
»អូហ៍ ! នាងសុំច្បាប់បងទៅសួរសុខទុក្ខម្តាយនៅដីគោកហើយ !
» ឡើងទៅដីគោកហើយ ?
នាយកម្លោះលាន់មាត់យ៉ាងខ្លាំង ធ្វើឲ្យស្រ្តីម្ចាស់ហាងសម្លឹងមុខគេឥតព្រិច ៖
» នេះមានអ្វីជាមួយនាងរឺក៏អត់ទេ ? ហេតុអីក៏ប្អូនហាក់ដូចជាភ្ញាក់ផ្អើលយ៉ាងនេះ ?
កម្លោះឆាប់គេចមុខពីក្រសែភ្នែកបងស្រីម្ចាស់ហាងយ៉ាងលឿន ទាំងទម្លាក់វាចាហាក់អស់សង្ឃឹម ៖
» មិនមានអ្វីទេបងស្រី ! អរគុណ ! ប្រាថ្នា ! យើងចង់ទៅដីគោកវិញឥឡូវនេះ !
» តែនេះនៅមិនទាន់បានញ៉ាំអ្វីនៅឡើយទេ !
» តែយើងចង់ទៅពេលនេះ !
ចប់សម្តី នាយជំនោរបោះជំហានដើរចេញទាំងមិនបន្តវាចាអ្វីទាំងអស់ រឹតតែធ្វើឲ្យបងស្រី ម្ចាស់ហាងកាន់តែមាន ចម្ងល់លើចរិករបស់នាយ ។
» វាកើតស្អីទៀតហើយ ! បងស្រី សុំគិតលុយថ្លៃបន្ទប់ផងណា៎ របស់ Free មិនទាន់បានញ៉ាំផង ស្តាយណាស់ បងស្រីអើយ តែយ៉ាងណាក៏អរគុណសម្រាប់ទឹកចិត្តដ៏ល្អរបស់បងស្រី !
» ចាស៎ មិនអីទេ !
ប្រាថ្នាគិតលុយរួចរាល់ក៏ដើរតាមជំនោរឡើងទូកត្រឡប់ទៅដីគោកវិញ ។
ក្រោយត្រឡប់មកពីកោះ ជំនោរនៅតែរក្សាទឹកមុខសោះកក្រោះគ្រប់វិនាទីនៃជីវិត រឹតតែធ្វើឲ្យប្អូនស្រី និងប្រាថ្នា អនាគតប្អូនថ្លៃកើតទុក្ខជំនួសនាយ ។ មួយអាទិត្យក្រោយ នាយកំលោះក៏បានឡើងទូកទៅដីកោះម្តងទៀត ប៉ុន្តែបងស្រីបានប្រាប់ថា វត្តី ដែលជាគង្គារក្នុងក្តីស្រមៃរបស់នាយបានលាឈប់ ហើយផ្លាស់ចេញពីដែនកោះនោះហើយ ។ នាយរឹតតែពិបាកចិត្ត ឡើងទូកត្រឡប់មកវិញទាំងអស់សង្ឃឹមលើសដើម ។ ការពិតយ៉ាងណា នៅមិនទាន់ដឹងផង ពេលនេះស្រីម្នាក់នោះបាត់វត្តមានពីដែនកោះទៀត ទាំងនាយចង់ជួបគេស្ទើរស្លាប់ ។ តើនាងដឹង ពីទុក្ខលំបាក និងក្តីនឹករលឹករបស់ជំនោរដែរទេ ? រឺមួយនាងមិនមែនជាគង្គារ ? បើជានាងមែន ហេតុអ្វីក៏នាងគេចទៅ ? ហើយសាកសពកាលពី ២ ឆ្នាំមុនជាអ្នកណា ? ទាំងទុក្ខព្រួយ កប់ជាមួយចម្ងល់ ធ្វើឲ្យសុខភាពគេកាន់តែដុនដាបជារៀងរាល់ថ្ងៃ ។

ក្នុងបន្ទប់គេងដ៏ធំទូលាយ រៀបចំយ៉ាងមានរបៀប ទាំងសំភារៈ និងគ្រឿងបំពាក់ពេញទៅដោយភាពទាន់សម័យ និង ទំនើបបំផុត នាយជំនោរក្នុងឈុតខោអាវគេងយប់ធម្មតាកំពុងតែអង្គុយសម្លឹងមើលរូបថតមួយសន្លឹក ក្រោមពន្លឺចង្កៀងភ្លឺចិញ្ចាច ។ នាយសម្លឹងរូបឥតព្រិចភ្នែក ជលនេត្រារត់ប្រដេញគ្នាក្រោមរូបភាពនឹករហូតទ្រាំលែងបាន ។ ភ្លើងទឹកភ្នែកចាប់ផ្តើមឆេះឡើងប្រដេញគ្នាស្រក់កាត់ផែនថ្ពាល់ដ៏រលោងរបស់នរៈ ។ រាល់ស្នាមញញឹម រាល់ភាពទន់ភ្លន់របស់ មាណវី រាល់អនុស្សាវរីយ៍ កំពុងតែដុតកម្លោចបេះដូងរបស់ជំនោរជាមួយតំណក់ទឹកភ្នែកដែលកំពុងតែហូរជ្រែកចុះមក ។ អតីតកាលទាំងអស់កំពុងតែវិលវល់ពេញខួរក្បាលរបស់នាយកំលោះ ធ្វើឲ្យនាយឈឺចាប់ និងកាន់តែនឹកនាងលើសដើម​ ។
» គង្គារ ! ខ្ញុំមិនដឹងថា ត្រូវនិយាយបែបណា ហើយផ្ញើចិត្តនឹកមួយនេះតាមអ្នកណាទេ ប៉ុន្តែខ្ញុំពិតជានឹកនាងខ្លាំងណាស់ ! នាងមានដឹងទេ ? ខ្ញុំនឹករាល់ស្នាមញញឹមរបស់នាង នឹករាល់កាយវិកាដ៏ទន់ភ្លន់របស់នាង នឹងរាល់អនុស្សាជាមួយនាង ប៉ុន្តែពេលនេះព្រហ្មលិខិតបែរជាទុកខ្ញុំឲ្យរស់នៅលើផ្លូវទឹកភ្នែកនេះតែម្នាក់ឯង ! រឺមួយក៏ស្នេហានិទាឃរដូវនេះ ត្រូវបញ្ចប់ទៅ ជាមួយពេលវេលានិទាឃរដូវដូចគ្នា ! ខ្ញុំរស់នៅក្នុងនិទាឃរដូវឈឺចាប់នេះពីរឆ្នាំហើយ ព្រោះតែមិនអាចបំភ្លេចនាង ! ទាំងដែលដឹងថា នាងលែងរស់នៅរួមលើលោកនេះជាមួយខ្ញុំទៀតហើយ ! តើពេលណាទើបខ្ញុំអាចបំភ្លេចនាងបាន ?
គ្រប់ភាសាឈឺចាប់កំពុងតែបង្ហូរចេញពីក្រអៅបេះដូងដ៏បរិសុទ្ធ ប៉ុន្តែមិនគួរស្នេហាមួយនេះបញ្ចប់ទៅទាំងបន្សល់ ទុកទឹកភ្នែកនៅលើទ្វីបលោកនេះទេ ។ តើនេះជាស្នេហ៍កម្មមែនទេ ?

នៅក្នុងហាងសំអាងការផ្លូវឯករាជ្យ !
» មកហើយ មកហើយចា៎ !
ទេពធីតាតូចស្តើង គ្រងដោយសម្លៀកបំពាក់អាពាហ៍ពិពាហ៍បែបបុរាណ សាកសមនឹងរង្វង់មុខដ៏ស្រស់សោភា បបូរមាត់ស្តើងពណ៍ផ្កាឈូក ច្រមុះស្រួច រើមភ្នែកងរខ្ទើតដូចឥន្ធនូ ឯសក់បួងដាច់ឡើងលើ ប្រៀបបានទៅនឹងទេពធីតាសួគ៌ាដែលចុះមកចាប់កំណើត ។ នាយប្រាថ្នាសម្លឹងមើលអនាគតភរិយាឡើងភ្លឹករហូតដល់គូដណ្តឹងសំណព្វចិត្តកេះ ដាស់ស្មារតីកំលោះ ៖
» បងប្រាថ្នា ! តើ........?
» ស្អាតណាស់ ! ខ្ញុំយកឈុតមួយនេះណា៎ បង !
ស្រីមិនទាន់បាននិយាយអ្វីផង ប្រាថ្នាឆ្លើយសម្រេចចិត្ត ជ្រើសយកម៉ូតសម្លៀកបំពាក់នោះទៅហើយ ទាំងដែលមិនទាន់បានលឺសំនួរច្បាស់នៅឡើយ ។ ស្រីស្រស់ជាគូរដណ្តឹងចាប់វាចាសារថ្មី ៖
» វីនចង់សួរថា តើបងជំនោរទៅណា? មិនមែនចង់បានចម្លើយដូចបងប្រាថ្នាកំពុងតែឆ្លើយនោះទេ !
ប្រាថ្នាបង្ហាញទឹកមុខខ្មាសអៀនក្រោមសំណើចរបស់អ្នកសំអាងនៅនឹងមុខ ចំពោះចម្លើយចាកប្រធានរបស់នាយ ទាំងដែលឆ្លើយយ៉ាងលឿន ដោយមិនព្រមស្តាប់សំនួរជាមុន ។
» គឺ.....គេទៅបន្ទប់ទឹកមុននេះបាត់ហើយ  ប៉ុន្តែឈុតមួយនេះស្អាតពិតមែន !
កំលោះនៅតែឆ្លៀតនិយាយដោះសារ ដើម្បីលុបលាងភាពអាម៉ាសរបស់ខ្លួន ។ វីនជាគូរដណ្តឹងលួចញញឹមមិនឲ្យ នាយកំលោះដឹងឡើយ ។ ពីមួយឈុតទៅមួយឈុត ធ្វើឲ្យនាយប្រាថ្នាភ្លេចភ្លាំងស្មារតី សម្លឹងឥតព្រិចសូម្បីតែមួយវិនាទី នៃដំណើររបស់អនាគតភរិយាដ៏ស្រស់ស្អាត ។ គ្រប់រូបភាពនៃស្នាមញញឹមដែលអមដោយឈុតដ៏ស្រស់ប្រៀបដូចទេពធីតា មាណពយើងមិនឲ្យរួចសូម្បីតែមួយសន្លឹក ។ នាយចាប់យកគ្រប់រូបភាព គ្រប់សកម្មភាពនៃដំណើរ ទាំងអង្គុយ ប៉ុន្តែគ្រប់ សន្លឹកពោរពេញទៅដោយស្នាមញញឹមគ្មានណាយ ។
» បើស្រស់យ៉ាងនេះ ខ្ញុំឆ្កួតនឹងចិញ្ចឹមកូនមិនខាន !
» បងនិយាយថា ម៉េច ?
» អូហ៍ ! គឺអត់មាននិយាយអ្វីទេ ! នេះរួចរាល់ហើយមែនទេ ?
» ចាសរួចរាល់ហើយ !
» អញ្ចឹងយើងទៅញ៉ាំបាយទៅ ! បងទូរស័ព្ទឲ្យគេរៀបចំរួចហើយ !
» ចាស ! ចុះបងជំនោរនោះ ?
» គេចាំនៅឯឡានឯណោះ !
ពួកគេនិយាយលាអ្នកធ្វើការនៅទីនោះ រួចក៏ដើរចេញទៅ ។ ភ្លាមនោះ ស្រីមានអារម្មណ៍ថា ហាក់ដូចជាមានមនុស្សកំពុងតែលួចសម្លឹងមើលមកនាងគ្រប់វិនាទី ធីតាក្រឡេកក្រោយសម្លឹងមើល ប៉ុន្តែមិនមានអ្នកណាម្នាក់ទេ ។
» អូនសម្លឹងរកអ្វីហ្នឹងវីន ?
កែវភ្នែកស្រីនៅតែរេ ទាំងតបវាចា ៖
» វីនមានអារម្មណ៍ថា ដូចជាមានមនុស្សកំពុងតែសម្លឹងមើលពួកយើងណា៎​ បងប្រាថ្នា !
ប្រាថ្នាក៏សម្លឹងរកតាមសម្តីសង្សារ ប៉ុន្តែមិនឃើញមានអ្វីនោះទេ !
» បងមិនឃើញមានអ្នកណាទេ ! វីនស្រវាំងភ្នែកទេដឹង ?
» តែវីនមានអារម្មណ៍បែបនោះមែន ! គឺមានអារម្មណ៍ថា គេបានសម្លឹងមើលមកពួកយើងតាំងពីចាប់ផ្តើមលរឈុត មកម្លេះ !
» បងថា វីនអាចនឹងស្រវាំងភ្នែកក៏ថាបានដែរ ! តោះ ! ឆាប់ទៅ ! ជំនោរចាំយូរហើយ !
-ចាស៎ !
ស្រីតប ហើយក៏ដើរចេញទៅ ប៉ុន្តែអារម្មណ៍នាងហាក់មិនអស់ចិត្តសោះ ។ នាងនៅតែតាមសម្លឹង និងគ្រប់ជ្រុង ជ្រោយក្នុងហាង រហូតដើរដល់ឡាន ស្រីនៅតែមិនព្រមឈប់សម្លឹង ។ ប្រាថ្នាបើកទ្វារឡានជូនសង្សារសំណព្វចិត្ត ទើប ធីតាយើងឈប់សម្លឹង ហើយព្រមឡើងឡានចេញទៅ ។

កំលោះក្រមុំទាំងពីរបញ្ចេញស្នាមញញឹមក្រោមរូបភាពកៀកកើយគ្នាដោយក្តីស្រឡាញ់ តែនាយជំនោរបែរជាមិន ស្រស់បស់ ស្រពាប់ស្រពោន ហាក់កប់អស់ក្តីរីករាយ ។ វីនឃើញទឹកមុខបងប្រុសក៏ស្តីសួរទាំងបារម្ភ ៖
» បងជំនោរ ! នេះបងមានរឿងអ្វីរឺអត់ទេ ? ហេតុអ្វីមិនឃើញបងញ៉ាំអ្វីសោះអញ្ចឹង ? នេះបងមិនស្រួលខ្លួនមែនទេ ?
ជំនោរសើចញឹមៗដាក់ប្អូនស្រី ទាំងបន្លប់អារម្មណ៍ពិតដែលកំពុងតែមាន ៖
» គឺបងមិនអី ! គ្រាន់តែឈឺក្បាលបន្តិចបន្តួចតែប៉ុណ្ណោះ !
» ឲ្យយើងជូនទៅពេទ្យល្អទេ ? ( ប្រាថ្នា )
» មិនអីទេ ! បន្តិចបន្តួចប៉ុណ្ណោះ !
កម្លោះនិយាយហាក់បញ្ជាក់ឲ្យប្រាថ្នាឃើញច្បាស់ពីទុក្ខរបស់នាយ ព្រោះអារម្មណ៍បែបនេះគ្មានអ្នកទីបីទេ ដែលដឹងក្រៅពីមិត្តសម្លាញ់ប្រាថ្នា ។ ជំនោរសម្លឹងមុខប្អូន រួចវាចាបន្ត ៖  
» អើវីន ! បងចង់ទៅវត្តលើបន្តិច អញ្ចឹងវីនទៅផ្ទះជាមួយប្រាថ្នាមុនចុះ ហើយបងនឹងត្រឡប់ទៅតាមក្រោយណា៎ !
វីនសម្លឹងមុខប្រុសហាក់ឆ្ងល់ក្នុងចិត្ត ៖
» នេះប្រាកដទេដែរថាបងមិនអីនោះ ?
» បងមិនអីទេវីន ! កុំបារម្ភអី !  
» ចុះឯងគិតទៅដោយរបៀបណា? ( ប្រាថ្នា )
» ជិះកង់បីនៅខាងក្រៅនេះ !
ប្រាថ្នាគិតថា​មិនសមក៏ហុចសោរឡានរបស់ខ្លួនទៅឲ្យជំនោរ !
» ឯងយកឡានយើងទៅប្រើសិនទៅ ហើយចាំយើងទូរស័ព្ទឲ្យកូនចៅយើងមកទទួលក៏បានដែរ !
ជំនោរទទួលសោរទាំងចិត្តរារែក ប៉ុន្តែក្រសែភ្នែកព្រួយបារម្ភរបស់ប្អូនស្រីបានបង្ខំឲ្យនាយទទួលយកការផ្តល់ឲ្យ នេះ ព្រោះគេមិនចង់ឲ្យវីនមានអារម្មណ៍មិនល្អ ។ ម្យ៉ាងពួកគេក៏ជិតដល់ថ្ងៃរៀបការដែរ ។ ក្តាប់សោរឡាន់ក្នុងដៃ ជំនោរក៏  បញ្ចេញស្នាមញញឹមដើម្បីឲ្យវីនអស់បារម្ភ រួចពោល ៖
» អញ្ចឹងបងទៅហើយណា៎ វីន !
កម្លោះទះស្មាប្រាថ្នាជាមិត្ត ទាំងបន្ត ៖
» ផ្ញើវីនផងណា៎ ប្រាថ្នា !
» អើ ! ទុកចិត្តចុះ ! ធានាជូនដល់ផ្ទះ !
កំលោះជំនោរចាកចេញទៅ បន្សល់ទុកចម្ងល់រាប់រយចាក់ដោតក្នុងចិត្តរបស់វីន ព្រោះតែនាងមិនដែលឃើញពី អាការៈបែបនេះរបស់បងប្រុសនាងពីមុនមកឡើយ ។ ប្រាថ្នា និងជំនោរបានព្យាយាមលាក់រឿងនេះមិនឲ្យវីនបានដឹងឡើយ ព្រោះតែវីន និងម៉ាក់របស់គេមានចិត្តដូចគ្នា គឺមិនចង់ឃើញគង្គារធ្វើជាសង្សាររបស់ជំនោរឡើយ ។ ជំនោរព្យាយាមលាក់ ការឈឺចាប់នេះទុកជាយូរ ព្រោះតែចង់ឃើញប្អូនស្រីមានសេចក្តីសុខ និងគ្មានអ្វីមករំខានអារម្មណ៍របស់នាង ។ សូម្បីតែប្រាថ្នាជាគូកំណាន់ចិត្តរបស់នាង ក៏ត្រូវបានជំនោរហាមមិនឲ្យនិយាយពីឈ្មោះគង្គារដែរ ។
បន្ទាប់ពីញ៉ាំបាយរួចរាល់ ប្រាថ្នាបានជូនមាណវីស្រស់សោភារបស់គេមកដល់ផ្ទះ ។
» ថ្ងៃនេះបងមានអារម្មណ៍ថា សប្បាយចិត្តខ្លាំងណាស់ ! វីនមានអារម្មណ៍ដូចបងដែរទេ ?
» ចាស៎ ប៉ុន្តែវីនមានអារម្មណ៍ថា អស់កម្លាំងខ្លាំងណាស់ !
» អញ្ចឹងវីនឆាប់ឡើងទៅសម្រាកទៅ ! បងត្រឡប់ទៅវិញហើយ តែកុំភ្លេចនឹកបងផងណា៎ !
ប្រាថ្នាប៉ិចថ្ពាល់សង្សារជាទីស្រឡាញ់ រួចក៏ដើរចេញទៅវិញ ប៉ុន្តែវីនក៏ស្តីកាត់ដំណើរនាយ ៖
» ខ្ញុំដឹងណា៎ ថាបងប្រាថ្នា និងបងជំនោរមានអ្វីលាក់បាំងនឹងខ្ញុំ ហើយរឿងបងជំនោរមានវិបិត្តនេះក៏មិនមែនទើបតែ កើតឡើងដែរ ប៉ុន្តែពួកបងព្យាយាមបិទបាំង !
លឺសម្តីសង្សារ កម្លោះជំនោរបុកពោះភឹប បែរខ្លួនដើរបកក្រោយមករកវីន ទាំងវាចាលួងលោមដោះស្រាយ ៖
» អត់មានទេ ! ពួកបងអត់ដែលមានអ្វីលាក់បាំងនឹងវីនទេ ! ជំនោរអាចនឹងឈឺក្បាលបន្តិចបន្តួចដូចដែរគេនិយាយ  នេះវីនមិនទុកចិត្តពួកបងទេមែនទេ ?
» ចុះរូបថតដែលបងជំនោរធ្លាក់នៅកន្លែងញ៉ាំបាយ អាចធ្វើឲ្យខ្ញុំទុកចិត្តពួកបងបានទៀតដែរទេ ?
វីនវាចាម៉ាត់ៗទាំងលើករូបថតរបស់គង្គារឡើងក្នុងដៃ ។ ពេលឃើញរូប ប្រាថ្នាបុកពោះលើសដើម ព្រោះអ្វីដែលគេបានលាក់កំពុងតែលេចឡើងហើយ ។ មាណពគេចពីក្រសែភ្នែកដ៏មុតស្រួចរបស់វីនដែលកំពុងតែសម្លឹងមករកនាយ ។ ហេតុអ្វីក៏ឯងមកធ្លាក់រូបអីពេលហ្នឹងអាជំនោរអើយ ? នេះឲ្យដោះស្រាយយ៉ាងណាទៅ ? យ៉ាប់ហើយខ្ញុំ !
            » គឺ ………!
            » គឺវីនចង់ស្តាប់រឿងពិត !
            » រឿងពិតគឺបែបនេះ !
            » រឿងពិតបែបណាឆាប់និយាយមក ? បើហ៊ានតែកុហកតែបន្តិច ខ្ញុំនឹងផ្តាច់ពាក្យឈប់រៀបការហើយ !
            » អូយ ៗ ! កុំអីវីន ! បងមិនចង់កុហកទេ ប៉ុន្តែ………!
            » គ្មានប៉ុន្តែទេ ! ឆាប់និយាយការពិតគ្រប់យ៉ាងមក !
            » សុំទោសណា៎ ជំនោរ ! យើងគ្មានមធ្យោបាយទៀតទេ ! សុំទោសពិតមែនវ៉ើយ ! ( កម្លោះរអ៊ូម្នាក់ឯង )
            ទីបំផុត ប្រាថ្នាគ្មានវិធីលាក់បាំងការពិតនេះបន្តបាន ក៏សម្រេចចិត្តដើរមករកសាឡុងអង្គុយចុះ រួចរៀបរាប់ការពិត ប្រាប់វីនគ្មានសល់ ។ វីនអង្គុយស្តាប់ទាំងទម្លាក់ទឹកមុខស្រពោនគ្មានពាក្យអ្វីតបទៅប្រាថ្នាឡើយ ។ កំលោះរៀបរាប់ចប់ សង្សារសំណព្វក៏ប្រញាប់ដេញនាយឲ្យត្រឡប់ទៅផ្ទះ ព្រោះនាងចង់សម្រាក ។ វីនក្តាប់រូបថតជាប់ដៃ ហើយដើរឡើងទៅបន្ទប់ប្រាស់ខ្លួនលើពូកគិតពីសម្តីរៀបរាប់អំពីទុកសោករបស់បងប្រុសរហូតមក ។ ស្រីលើករូបថតមើល ហើយក៏ដាក់ចុះវិញ ក្រមុំបិទភ្នែកសន្សឹមៗក្តាប់រូបថតជាប់មិនលែងរហូតដល់លង់លក់ដោយមិនដឹងខ្លួន។
            ពេលវេលាដើរទៅមុខលឿនឥតឧបមារ ថ្ងៃមង្គលការរបស់ប្រាថ្នានិងវីនក៏ចូលមកដល់ ។ វីឡានៃម្ចាស់សណ្ឋាគារផ្កាយ ៤ ល្បីប្រចាំក្រុងព្រះសីហនុបានរំលេចរូបរាងយ៉ាងស្រស់សង្ហារអមដោយបុផ្ផារីកស្គុសស្គាយរាយពីច្រកចូលរហូតដល់ក្នុងផ្ទះ ។ កម្មវិធីតាមប្រពៃណីក៏បានបញ្ចប់តាមលំដាប់ធ្លាយរហូតមកដល់វេលាជួបជុំភ្ញៀវកិត្តិយសដែលអញ្ជើញមកចូលរួមនាមង្គលមួយនេះ ។ ប្រាថ្នាគ្រងដោយសំលៀកបំពាក់កូនកំលោះបីដូចជាទេវបុត្រ រំលេចស្នាមញញឹមបង្ហាញនាថ្ងៃដ៏មានសុភមង្គល ឯជំនោរលាក់ទុក្ខសោកក្នុងថ្ងៃដ៏ពិសេសរបស់ប្អូនស្រី បង្ហាញនូវស្នាមញញឹមរាក់ទាក់ភ្ញៀវកិត្តិយសដែលខ្លួនតំណាងជាអាណាព្យាបាល និងជាមេបាដល់ប្អូនស្រី បន្ទាប់ពីម្តាយរបស់គេបានស្លាប់កាលពីមួយឆ្នាំមុនដោយសារជំងឺបេះដូង ។ ភ្ញៀវគ្រប់ជាន់ថ្នាក់ចាប់ផ្តើមបង្ហាញវត្តមានបណ្តើរៗ ប្រាថ្នាក៏ចេញស្វាគមន៍រាក់ទាក់ភ្ញៀវ នៅឡើយតែវីនមិនទាន់មានវត្តមានមកទទួលភ្ញៀវឡើយ ។ មួយនាទីទៅមួយនាទី មួយម៉ោងក៏កន្លងផុត វត្តមានកូនក្រមុំនៅតែមិនឃើញបង្ហាញ ធ្វើឲ្យប្រាថ្នា និងជំនោរនឹកឆ្ងល់ក្នុងចិត្ត ។ ជំនោរឆ្លៀតពេលស្ងាត់ភ្ញៀវក៏ដើរទៅរកប្រាថ្នា ៖
            » ហេតុអ្វីអូនវីននៅមិនទាន់តែងខ្លួនរួចទៀត ? ភ្ញៀវមកជិតអស់ហើយណា៎ !
            » យើងក៏ឆ្ងល់ដូចគ្នា ! ចាំយើងទៅមើលចុះ !
            ប្រាថ្នាពោលចប់ក៏ប្រញាប់ដើរចូលទៅរកវីន ប៉ុន្តែភ្លាមនោះស្រាប់តែស្រីម្នាក់រត់ចូលមកទាំងតក់ក្រហល់ ៖
            » មានរឿងធំហើយលោក !
            ជំនោរដើរចូលទៅគៀកស្រីម្នាក់នោះ ៖
            » នេះមានរឿងអ្វីទេ ? ចុះឯណាកូនក្រមុំ ?
            » គឺកូនក្រមុំបាត់ខ្លួនហើយ ! ពួកខ្ញុំគ្រប់គ្នាតាមពេញផ្ទះហើយ តែរកមិនឃើញទេ ! ធ្វើយ៉ាងណាទៅ ?
            » វីន…………!
            ឧទានឈ្មោះស្រីទាំងតក់ស្លត់ ប្រាថ្នាស្រាប់តែស្ទុះរត់ចូលទៅក្នុងផ្ទះរកមើលកូនក្រមុំរបស់គេ ឯជំនោរក៏បញ្ជាឲ្យកូនចៅគេឆែកមើលឡានក្នុងផ្ទះថា មានបាត់ចេញក្រៅដែរទេ ។ អ្នកតែងខ្លួនកូនក្រមុំប្រមាណបីនាក់ក៏ដុតដៃដុតជើងរត់ចែកផ្លូវគ្នាជួយរកកូនក្រមុំ ។ ជំនោរភ័យស្លន់ស្លោររត់រកប្អូនស្រីពេញផ្ទះ នាយបានចាត់ចែងឲ្យកូនចៅមើលខុសត្រូវភ្ញៀវមិនឲ្យដឹងរឿងនេះដាច់ខាត ។
            » មានឃើញវីនដែរទេ ?
            » មិនឃើញទេចាស !
            » រកពេញផ្ទះហើយរឺនៅ ?
            » គឺសព្វអស់ហើយលោកប្រុស !
            » ពុទ្ធោអើយវីន ! អូនកើតអីរឺទេ ? អូនទីណាទៅ ? បងបារម្ភណាស់ដឹងទេ ?
            ជំនោរគិតថា វីនប្រាកដជាមានអ្នកចាប់ទៅ រឺក៏ជំរិតដើម្បីលុយ ។ នាយស្ទុះឡើងទៅចាក់សោរបន្ទប់គេងរបស់គេដើម្បីយកសោរឡានចេញទៅរកនាង ប៉ុន្តែស្រាប់តែប្លែកក្នុងចិត្ត ព្រោះទ្វារនាយមិនបានជាប់សោរឡើយ ។ ជាដរាបនាយមិនដែលទុនបន្ទប់ចំហរសោរបែបនេះទេ ។ មួយសន្ទុះ ស្រាប់តែលឺសម្លេងមនុស្សស្រីនិយាយ ៖
            » ហេតុអ្វីនាងចូលមកទីនេះ ?
            សម្លេងមួយទៀតក៏បន្លឺបន្ទរភ្លាម ៖
            » គេប្រើឲ្យខ្ញុំមកយករបស់ ហើយខ្ញុំក៏ចូលមក !
            » ប៉ុន្តែនេះជាបន្ទប់របស់បងប្រុសខ្ញុំ គ្មានរបស់ដែលនាងត្រូវការទេ !
            » វីន…………!
            លឺពាក្យថាបងប្រុស ជំនោររុញទ្វារចូលទៅយ៉ាងរហ័សទាំងឧទានហៅឈ្មោះប្អូនស្រីយ៉ាងរដំ ប៉ុន្តែអ្វីដែលធ្វើឪ្យនាយភាំងស្មារតីគិតមិនដល់នោះគឺ មនុស្សស្រីដែលកំពុងតែឈរជាមួយនឹងវីនគឺជាមនុស្សតែមួយដែលនាយជួបនៅលើកោះ ។
            » គង្គារ…………!
            ប្រាវ………! ស៊ុមរូបថតដែលមានរូបគង្គារស្រាប់តែធ្លាក់ពីដៃស្រីម្នាក់នោះទៅលើឥដ្ខការ៉ូបែកខ្ចាយ ។
            » គេប្រើខ្ញុំឲ្យមកយករបស់ តែខ្ញុំច្រឡំបន្ទប់ទេ ! សុំទោស !
            វត្តីដែលប្រកាសខ្លួនថា មិនមែនជាគង្គារក៏គេចខ្លួនចេញទៅយ៉ាងលឿន ជំនោរស្ទុះទៅពាំងពីមុខឃាត់ស្រី ៖
            » បើនាងមិនមែនជាគង្គារទេ ហេតុអ្វីក៏ចាំបាច់ព្យាយាមគេចមុខពីខ្ញុំ ?
            ស្រីសម្លឹងមើលមុខកំលោះហាក់គ្មានខ្លាចនឹងសំនួររបស់មាណព ៖
            » ព្រោះពួកយើងមិនដែលស្គាល់គ្នាទេ ហេតុអ្វីខ្ញុំចាំបាច់ត្រូវនៅរួសរាយរាក់ទាក់ដាក់នាយ ?
            » ចុះនាងចូលមកបន្ទប់ខ្ញុំធ្វើអ្វី​?
            » ប្រាប់ហើយថា ខ្ញុំចូលមកច្រឡំបន្ទប់ តែខ្ញុំមិនបានរុករើអ្វីទេ ទ្រព្យសម្បិត្តលោកក៏មិនបានបាត់បង់ !
            » តែស៊ុមរូបថតសង្សាររបស់ខ្ញុំត្រូវនាងធ្វើឲ្យបែក !
            » ខ្ញុំគ្មានចេតនាទេ ! ខ្ញុំចូលមកក៏ឃើញរូបថតនេះតាំងលើតុក្បែរគ្រែរបស់លោក ហើយខ្ញុំក៏លែងចម្លែកចិត្តកាលដែលលោកស្ទុះអោបខ្ញុំហើយនិយាយថា ខ្ញុំជាសង្សារលោក ព្រោះពួកយើងមានមុខដូចគ្នាពិតមែន ប៉ុន្តែសោកស្តាយណាស់ ខ្ញុំមិនមែនជាសង្សាររបស់លោកទេ !
            ចប់វាចា ស្រីក៏ដើរចេញទៅហាក់មិនខ្វល់អ្វីឡើយ ភ្លាមនោះវីនក៏បន្លយសម្តី ៖
            » តាមដែលខ្ញុំដឹង មនុស្សស្រីតែម្នាក់គត់ដែលមានកូនសោរអាចចូលបន្ទប់មួយនេះបាន ទាំងដែលខ្ញុំជាប្អូនស្រីគ្មានសិទ្ធកាន់សោរបន្ទប់បងប្រុសរបស់ខ្ញុំឡើយ ! ខ្ញុំមិនចាំបាច់សួរទេថា នាងបានកូនសោរនោះមកពីណា ព្រោះក្នុងផ្ទះនេះ គ្មានអ្នកណាម្នាក់មានឡើយ ក្រៅពីបងប្រុសរបស់ខ្ញុំ !
            សំនួរមួយនេះហាក់ធ្វើឲ្យវត្តីនៅទ្រឹងមិនឆ្លើយអ្វីមិនចេញឡើយ ៖
            » គឺ…………!
            » នាងជាអ្នកណា ? ហេតុអ្វីមានកូនសោរនេះ ? ( ជំនោរ )
            វីនដើរមកឈរទន្ទឹមបងប្រុសហើយបន្តសម្តី ៖
            » គឺគ្មានអ្វីទេបង ! មនុស្សតែម្នាក់ព្យាយាមប្រើឈ្មោះផ្សេងដើម្បីរស់បិទបាំងជីវិតពិតរបស់ខ្លួន ! គង្គារជាវត្តី !
            » ហេតុអ្វីគ្រប់គ្នានៅគិតតែគិតថា ខ្ញុំជាស្រីម្នាក់នោះ ទាំងដែលខ្ញុំហ៊ានអះអាងបែបនេះហើយ ?
            » ចុះបើប្រវត្តិរូបសង្ខេបរបស់នាងនៅនឹងដៃរបស់ខ្ញុំ តើនាងហ៊ានអះអាងបែបនេះទៀតទេ ?
            » វីន ! អូននិយាយពីអ្វីហ្នឹង ?
            ជំនោរហាក់មិនយល់ពីសម្តីប្អូនស្រីឡើយ វីនលារក្រដាសសរមួយសន្លឹកលើកឡើងទាំងបន្ត ៖
   » គ្រាន់តែខ្ញុំប្រើឈ្មោះជាមិត្តរបស់នាង គ្រប់យ៉ាងក៏បង្ហាញការពិត ! គ្មានឈ្មោះវត្តីដែលធ្លាប់រស់នៅលើកោះតាគៀវនោះទេ ហើយក៏គ្មានឈ្មោះវត្តីដែលធ្វើការក្នុងសំអាងការនេះដែរ ! ឈ្មោះមួយនេះគ្រាន់តែដាក់ដើម្បីលាក់បាំងការពិត ហើយឈ្មោះពិតដែលមានគឺគង្គារ !
            សម្លេងអ្វីក៏មិនមានបន្លឺឡើងដែរ ប៉ុន្តែសម្លេងបេះដូងរបស់វត្តីចាប់លោតលឺបន្តិចម្តងៗ ដៃទាំងពីរក្តោបជាប់គ្នា ឯកែវភ្នែកហាក់កំពុងស្លន់ស្លោ ។ ជំនោរសម្លឹងមុខប្អូនស្រី ហើយរេភ្នែកទៅរកវត្តីទាំងក្នុងចិត្តពុះកញ្ជ្រោលឆ្ងល់ពេកក្រៃ ។ តើអ្វីដែលវីនបាននិយាយជាការពិតមែនទេ ? ជំនោរសួរចិត្តខ្លួនឯង ហើយក៏ពោលសួរវត្តី ៖
            » នេះជាការពិតដែរទេ ?
            វត្តីតបយ៉ាងលឿន ៖
            » គង្គារម្នាក់នោះ គេបានស្លាប់បាត់ទៅហើយ !
            » តែស្រីម្នាក់នោះមិនមែនជាគង្គារទេ !
            » បងវិលអស់ហើយ ? តើម្នាក់ណាជាគង្គារឲ្យប្រាកដ ? ( ជំនោរ )
            » គ្រប់យ៉ាងគ្រាន់តែជាគម្រោងការរបស់ម៉ាក់ដើម្បីធ្វើឲ្យបងជំនោរស្ងប់ចិត្ត និងបំភ្លេចនាង ដូច្នេះម៉ាក់ក៏ប្រើគេឲ្យបន្លំពត៌មាន ហើយកុហកបងជំនោរថា គង្គារស្លាប់ហើយ ! ភស្តុតាងទាំងនោះសុទ្ធតែក្លែងក្លាយ !
            » បានន័យថា គង្គារនៅមិនទាន់ស្លាប់ទេ !
            » ហើយគេក៏កំពុងតែឈរនៅចំពោះមុខបងនេះហើយ !
            ប្អូនស្រីបញ្ចប់វាចាមិនទាន់ ជំនោរស្ទុះចូលទៅរកស្រីដែលប្រើឈ្មោះវត្តីលាក់បាំងការពិត តែស្រាប់តែនាងស្ទុះដើរចេញទៅយ៉ាងលឿនទាំងគ្មានវាចាអ្វីមួយម៉ាត់ ។
            » គង្គារ………! ឈប់សិន……… !
            ជំនោរស្ទុះតាមយ៉ាងលឿនទុកឲ្យវីននៅឈរបន្សល់ទឹកមុខគ្រាមក្រំក្នុងឈុតកូនក្រមុំ !
            » ខ្ញុំជួយបងបានតែប៉ុណ្នឹងទេ បងជំនោរ ! សុំទោសសម្រាប់គ្រប់យ៉ាងកន្លងមក !
            ប្រាថ្នារត់ចូលមកដល់ទាំងទឹកមុខងឿងឆ្ងល់ បន្ទាប់ពីឃើញជំនោររត់តាមគង្គារចុះទៅ ៖
            » វីន…! នេះមានរឿងអ្វីកើតឡើង ? ស្រីម្នាក់នោះមកទីនេះបានដោយរបៀបណា ? ហើយគេជាអ្នកណា ?
            » រឿងវែងឆ្ងាយ អធិប្បាយឲ្យបងស្តាប់ពេលនេះក៏មិនអស់ ! យើងត្រឡប់ទៅទទួលភ្ញៀវក្នុងកម្មវិធីវិញទៅ !
            កូនក្រមុំដ៏ស្រស់សោភាបន្សល់ស្នាមញញឹមដ៏គ្រាមក្រំលើផែនថ្ពាល់ចាប់ដៃកូនកំលោះដ៏សង្ហាររបស់ខ្លួនចុះទៅទទួលភ្ញៀវ កំលោះប្រាថ្នាដើរបណ្តើរទាំងលួចសម្លឹងមើលមុខទេពធីតារបស់ខ្លួនទាំងចិត្តសែនឆ្ងល់ ។
           
            គង្គាររត់គេចចុះទៅសួនក្រោយផ្ទះ ទឹកភ្នែករាប់រយតំណក់ស្រក់កាត់ផែនថ្ពាល់ដ៏ស្រស់ស្អាត តែមិនបានជួយសំអាតភាពឈឺចាប់ចេញពីចិត្តស្រីបានឡើយ កាន់តែយំ កាន់តែរត់គេច ស្រីកាន់តែឈឺលើសដើម ។ ជំនោរតាមមកដល់ទាំងកែវភ្នែកក្រហមច្រាល រលីងរលោងហាក់ចង់គេចចុះមកដែរ ៖
            » ជួយឆ្លើយប្រាប់ខ្ញុំបន្តិចបានទេ ? តើធ្លាប់នៅស្រឡាញ់ខ្ញុំខ្លះទេ ?
            ស្រីតបអ្វីមិនចេញឡើយ  ភាពខ្សឹបខ្សួលចាប់ផ្តើមឆួលពេញដើមទ្រូងបញ្ឆេះជាទឹកភ្នែកបង្ហូរស្រក់ក្រោមសំណួរដ៏ឈឺចាប់របស់ជំនោរ ។
            » រស់នៅរាល់ថ្ងៃ ខ្ញុំមិនហ៊ានមើលព្រះ​ចន្ទ មិនហ៊ានសូម្បីតែបើកភ្នែក ហើយរឹតតែមិនចង់ឲ្យមានការចងចាំ ព្រោះរាល់រូបភាពមានតែស្រមោលនាង ការចងចាំមានតែស្នាមញញឹមនាង !ចង់និយាយពាក្យនឹក តែគ្មានអ្នកស្តាប់ ចង់ផ្ញើក្តីរលឹក តែគ្មានអ្នកទទួល ! ខ្ញុំរស់នៅប្រៀបដូចជាមនុស្សវិកលចរិក ដេកអោបតែស្រមោលអតីតកាល ឈឺចាប់បាត់បង់មនុស្សជាទីស្រឡាញ់ ចង់បានគេត្រឡប់វិញ តែមិនដឹងគេនៅទីណា ! ទំហំនៃចិត្តនឹកកាន់តែកើន ការឈឺចាប់ក៏កាន់តែប្រជ្រៀតចូលតាមដង្ហើម ! រឹតតែខំរក រឹតតែមិនឃើញស្រមោល តែពេលបានជួប គេបែរជាព្យាយាមរត់គេច មិននិយាយ មិនស្តី មិនតប ហើយក៏មិនមើលមុខ !
            សម្តីកំលោះកាន់តែដុតបេះដូងស្រីឲ្យឈឺលើសដើម ទឹកភ្នែកស្រក់គ្មានល្ហែ ធីតាប្រញាប់លើកដៃគ្រវៀសទឹកភ្នែកដែលដក់លើថ្ពាល់ តបវាចាទាំងអួលដើមអរ ៖ 
            » គ្រប់យ៉ាងគ្រាន់តែជារឿងនិទាន !
            » ប៉ុន្តែខ្ញុំមិនមែនជាអ្នកសម្តែងក្នុងរឿងនិទានទេ ! ខ្ញុំចាំនាងគ្រប់ពេលនៃនិទាឃរដូវ ទោះបីនិទាឃរដូវមួយនោះគ្មាននាង តែខ្ញុំនៅតែរង់ចាំ ចាំរហូតដល់នាងត្រឡប់មកវិញ !
            » បញ្ចប់ល្ខោនស្នេហ៍មួយនេះទៅបានទេ ? ឈប់និទាន ឈប់នឹក ហើយឈប់គិត ឈប់គ្រប់យ៉ាងដែលធ្លាប់មាន បញ្ចប់ឲ្យអស់ តើធ្វើបានទេ ?
            ទោះប្រឹងទប់ក៏មិនជាប់ រាប់រយតំណក់ទឹកភ្នែកដ៏ឈឺខ្សោចផ្សាបង្ហូរចុះកាត់ផែនថ្ពាល់កំលោះជំនោរ នាយលើកដៃជូតយ៉ាងលឿន កែវភ្នែកគេចទៅម្ខាង ប៉ុន្តែជលនេត្រានៅតែបន្តចុះឥតឈប់ ។
            » ការបញ្ឈប់វាមិនងាយដូចជាការនិយាយទេ ហើយការបំភ្លេចគ្រប់យ៉ាងវារឹតតែពិបាក រឺមួយ ២ឆ្នាំមកនេះ នាងបំភ្លេចខ្ញុំបានរួចទៅហើយ តើមែនទេ ?
            » ព្រហ្មលិខិតសាងផ្លូវមួយនេះរួចហើយ ! ផ្លូវមួយដែលគ្មានពាក្យថា ស្នេហ៍ ផ្លូវមួយដែលគ្មានមនុស្សដើរកាន់ដៃគ្នា  ! គ្រប់យ៉ាងវាគ្រាន់តែជាឆាកល្ខោនបន្លំភ្នែក ! កុំបន្តចិត្តឲ្យឈឺចាប់អី !
គង្គារបែរភ័ក្ក្រមកសម្លឹងមុខជំនោរទាំងកែវភ្នែកនៅដិតដាម ថ្ពាល់ជូតនៅមិនទាន់ស្ងួត ដើរមកចាប់លាប្រអប់ដៃកំលោះហើយប្រគល់កូនសោរមួយទៅឲ្យនាយទាំងវាចា ៖
            » រឿងទុក្ខសោកទាំងប៉ុន្មាននឹងត្រូវបញ្ចប់ ! ខ្ញុំសងលោកវិញគ្រប់យ៉ាង ហើយបញ្ចប់គ្រប់យ៉ាងត្រឹមហ្នឹងចុះ !
ចប់វាចា ក្រមុំក៏ដើរចេញពីមាណព ជំនោរចាប់ដៃស្រីឃាត់យ៉ាងណែន តំណក់ទឹកភ្នែកចុងក្រោយបង្ហូរទាំងពើតផ្សារ បេះដូងស្ទើរប្រេះរលេះប្រមាត់ ប៉ុន្តែគ្មានអ្វីដែលស្រីអាចធ្វើបានឡើយ ។ ធីតាព្យយាមប្រលេះដៃចេញពីកម្លាំងរបស់នរៈរហូតរបេះចេញ ។ ស្រីបិទភ្នែកបង្ហូរទឹកនេត្រាទាំងវាចា ៖
            » លាហើយ !
            ពីរម៉ាត់ចុងក្រោយប្រៀបបាននឹងព្រួញពិសឫស្សាបាញ់ប្រហារចំដើមទ្រូងរបស់កំលោះឲ្យឈឺពើតផ្សា ហាមាត់ឃាត់ស្រីមិនបាន ខ្លួនប្រាណបីដូចជាដំសំឡីស្រាលស្ងើកអណ្តែតត្រសែតលើផ្ទៃវេហា ។​ ប្រយោគចុកឈាមកំពុងតែដុតកម្លោចដួងចិត្តនាយជំនោរឲ្យខ្លោចក្នុងរណ្តៅស្នេហ៍ តំណក់ទឹកភ្នែកលើថ្ពាល់បន្សល់ទុកជាអ្នកកំដរឈរសម្លឹងមើលស្រីចាកចេញទៅម្តងទៀតទាំងវាចាលា ។ ពិធីមង្គលការបានបញ្ចប់ទៅដោយស្នាមញញឹមរបស់ប្រាថ្នា ប៉ុន្តែបានបង្កប់នៅមួយលានឈឺចាប់របស់ជំនោរ ។ ភ្ញៀវកិត្តិយសត្រឡប់ទៅគេហដ្ឋានវិញរៀងខ្លួន ប្រាថ្នា និងវីនឈរថ្លែងអំណរគុណភ្ញៀវ ប៉ុន្តែមិនមានវត្តមានបងប្រុសឡើយ ហើយភ្ញៀវទាំងអស់បានត្រឹមតែផ្ញើពាក្យលាតាមប្អូនស្រីទាំងសោកស្តាយចំពោះអវត្តមានរបស់កំលោះ ។
 ២ ថ្ងៃកន្លងផុតទៅក្រោយអាពាហ៍ពិពាហ៍របស់ប្រាថ្នា និងវីន​បានបញ្ចប់ដោយស្នាមញញឹម គម្រោងក្រេបទឹកឃ្មុំដ៏ផ្អែមល្អែមនៅមិនទាន់បានផ្តើមឡើងឡើយ ព្រោះតែអវត្តមានរបស់ជំនោរនៅមិនទាន់ត្រឡប់មកផ្ទះនៅឡើយទេ ។ គ្រប់ច្រកល្ហក គ្រប់ទីកន្លែងដែលបងប្រុសធ្លាប់ទៅ វីនបានទៅរក ប៉ុន្តែមិនមានស្រមោលនាយឡើយ ។ ភាពចលាចលផ្តើមកើតឡើងពេញផ្ទះកំលោះជំនួញម្នាក់នេះ ធីតាវីនប្អូនស្រីទាំងបារម្ភ ទាំងព្រួយពីបងប្រុស ដើរចុះដើរឡើងពេញផ្ទះ ប្រាថ្នាអង្គុយញីក្បាលទាល់តម្រិះ ។ ខណៈនោះ វីនក៏ស្រែកឡើង ៖
            » ទ្រាំមិនបានទេ ! ប្តឹងប៉ូលីសទៅបងប្រាថ្នា ?
            កំលោះស្ទុះងើបពីសាឡុងឃាត់ស្រី ៖
            » មិនបានទេវីន ! ជំនោរជាអ្នកមានមុខមាត់ម្នាក់ក្នុងរឿងជំនួញ ហើយរឿងបាត់ខ្លួននេះមិនមែនចាប់ជម្រិត រឺឃាតកម្មនោះទេ តែគេខូចចិត្តរឿងស្នេហា បើប្តឹងទៅ គ្រប់គ្នាគេនឹងសើចចំអកពីជំនោរមិនខាន !
            » តែខ្ញុំបារម្ភពីបងជំនោរណាស់ !
         » បងក៏បារម្ភពីគេមិនខុសពីវីនប៉ុន្មានដែរ ! គេមិនដែលធ្វើបែបនេះពីមុនមកទេ ! វិធីតែម៉្យាងដែលល្អបំផុត គឺត្រូវតាមរកគេ ហើយមិនត្រូវឲ្យអ្នកក្រៅដឹងពីរឿងនេះឡើយ !
             » រកគ្រប់កន្លែងហើយ តែមិនឃើញសូម្បីដានជើង ! ក្រៅពីទីនេះ តើគាត់អាចទៅណាបានទៀត ? បងឆាប់គិតទៅថា មានកន្លែងណាទៀតដែលគាត់ធ្លាប់ទៅ ! 
វីនស្លន់ស្លោ ព្រោះតែបារម្ភបងប្រុសសំណព្វចិត្ត ឯប្រាថ្នាក៏បារម្ភពីមិត្តសម្លាញ់ខ្លាំងណាស់ដែរ កំលោះដើរទៅដើរមក ខួរក្បាលរកនឹកគ្រប់ទីកន្លែងដែលនាយធ្លាប់បានទៅជាមួយ ភ្លាមនោះស្រាប់តែលាន់មាត់ឡើង ៖
            » បងនឹងឃើញហើយថា គេនៅទីណា !
            » ទីណាទៅ ?
            » នេះម៉ោងប៉ុន្មានហើយ ?
            ស្រីក្រឡេកមើលនាឡិកាជាប់ជញ្ជាំងហើយតបភ្លាមៗ ៖
» ម៉ោងបីរសៀលហើយ !
            » មិនអីទេ នៅអាចទៅបាន ឆាប់ប្រញាប់ទៅរៀបចំកាបូបទៅ !
            » នេះឆ្ងាយណាស់មែនទេ ?
            » ឆ្ងាយណាស់ ! ត្រឡប់មកវិញមិនទាន់ទេ  ត្រូវតែគេងនៅទីនោះទើបបាន !
            » អញ្ចឹងបងចាំសិនទៅ ! ខ្ញុំទៅរៀបចំ !
            » ប្រញាប់បន្តិចណា៎ !
            » ចាស៎……!
            មាណវីឡើងទៅបន្ទប់រៀបចំអ៊ីវ៉ាន់តាមម្តីរបស់ស្វាមី កំលោះក៏លើកទូរស័ព្ទតេទាំងប្រញាប់ប្រញាល់ ។

            តំណក់ទឹកសន្សើមផ្តើមធ្លាក់ក្រោមសភាពដ៏ស្ងាត់ជ្រងំ សម្លឹងឯក្រឡាបន្ទំនៃអាកាសាតារាយាត្រារះអមចន្ទថ្លាដ៏ត្រចង់ចោលពន្លឺស្រទន់មកលើផែនដីនៃមនុស្សលោក ។ ស្រល់តូចធំដុះអែបមាត់ឆ្នេរយោលយោកតាមជំនោររាត្រីនៃដែនកោះដ៏ស្ងប់ស្ងាត់ ពពួកសត្វក្តាមតូចធំរត់ផ្លាស់ទីពេញឆ្នេរខ្សាច់ដ៏ងងឹតសូន្យសុងដែលអាចគន់ឃើញតាមស្រមោលនៃពន្លឺព្រះចន្ទ្រា ។ រលកសមុទ្រចាប់នាចឆ្ងាយឆ្នេរបន្តិច យើងក្រឡេកឃើញស្រមោលមាណវីដ៏
ស្រងេះស្រងោចម្នាក់អង្គុយលើកៅអីផ្តេកមួយលើឆ្នេរ ។ ទោះបីមិនមានពន្លឺអំពូលបំភ្លឺឲ្យច្បាស់នូវរង្វង់ភ័ក្ក្រស្រី ប៉ុន្តែពន្លឺនៃរាត្រីខែខ្នើតបានចោលចំមកលើផ្ទៃមុខដ៏ស្រគត់ស្រគុំរបស់ធីតាអាចឲ្យយើងយល់ពីភ័ក្ក្រដែលបង្កប់ដោយទុក្ខសោក ។ យូរៗម្តងសម្លេងដង្ហើមធំបន្លឺឡើងហាក់ចង់បណ្តោយឲ្យកប់ក្រោយរលកខ្សាច់ ស្រីយកដៃទាំងពីរអោបក្បាលជង្គង់ កែវភ្នែកសម្លឹងទៅដែនសមុទ្រដ៏ងងឹតស្លុង ។
            » ដឹងហើយថា ខ្លួនឯងចាញ់ត្រជាក់ មកអង្គុយឲ្យត្រូវទឹកសន្សើមធ្វើអ្វី ?
            ស្រីភ្ញាក់ព្រើតខណៈមានអាវធំមួយគ្របពីលើស្មាស្រីពីក្រោយជាមួយសម្លេងដ៏ស្រទន់ ធីតាយកដៃស្ទាបស្មាបះអាវ នាងក៏ស្ទុះក្រោកភ្លែតសម្លឹងមករកម្ចាស់អាវទាំងលាន់មាត់ ៖
            » លោក………!
            » បើបំភ្លេចខ្ញុំឈឺចាប់យ៉ាងនេះ  តើព្យាយាមបំភ្លេចខ្ញុំធ្វើអី ?
            សំណួររបស់ជំនោរចាក់ចំយ៉ាងជ្រៅចូលក្នុងបេះដូងរបស់គង្គារ ដុតរោលឲ្យកម្សួលទឹកភ្នែកពុះឡើង ស្រក់ចុះទាំងឥតមានចម្លើយ​ ។ មាណវីសម្លឹងមុខជំនោរបន្តិច ស្រាប់តែស្ទុះអោបករនាយយ៉ាងជាប់ ទឹកភ្នែកស្រក់ដក់លើស្មានាយកំលោះ ។ មាត់មិននិយាយ ព្យាយាមរត់គេច ប៉ុន្តែការពិតចិត្តនៅតែមិនទាន់អាចបំភ្លេចគេនៅឡើយ ស្រីយំរាល់ថ្ងៃ ស្រីឯកា ពេលនឹកឃើញមុខសង្សារម្តងៗ មិនហ៊ានជួប មិនហ៊ានស្រឡាញ់ ព្រោះរនាំងបេះដូង ។ កាន់តែរាំង ចិត្តកាន់តែរត់រកគ្នា មាត់កុហកថាមិននឹក ប៉ុន្តែបេះដូងដង្ហើយរកគ្នាគ្រប់ពេល ។ ទាំងនេះជាអារម្មណ៍ពិតមួយដែលគង្គារមិនអាចបញ្ចេញ អារម្មណ៍មួយដែលពិបាកក្នុងការលាក់ទុកឲ្យបាត់ពីផ្លូវស្នេហ៍មួយនេះ ព្រោះការពិតនាងស្រឡាញ់គេខ្លាំងណាស់ ។ នរៈអោបចង្កេះស្រីវិញយ៉ាងជាប់ បេះដូងចាប់ផ្តើមលោតធម្មតា មិនឯកា​មិនរងា ដើមទ្រូងហាក់កំពុងតែទទួលភាពកក់ក្តៅ ដួងចិត្តដែលខ្លោចចាប់ផ្តើមលាស់ត្រួយថ្មី ។
            » ក្មេងល្ងង់ ! ដឹងថា ឈឺចាប់ ហេតុអ្វីនៅតែធ្វើ ?
ស្រីដកខ្លួនចេញពីកំលោះ ជូតទឹកភ្នែកហើយតប ៖
            » មកពីខ្ញុំមិនសាកសមនឹងស្រឡាញ់លោកនោះអី ?
            » អ្នកណាប្រាប់ ?
            » គឺម៉ាក់របស់លោកហ្នឹងហើយ !
            » ម៉ាក់គឺម៉ាក់ ខ្ញុំគឺខ្ញុំ ! អ្វីដែលខ្ញុំមិនបាននិយាយ ហេតុអ្វីនាងយកទុកក្នុងចិត្ត ?
            » ចុះពិតដូចម៉ាក់លោកនិយាយដែរទេ ?       
            » មិនពិត ! ក្រៅពីនាង បេះដូងមួយនេះមិនទទួលអ្នកដទៃទេ !
            » មិនជឿទេ !
            » មានកាំបិតទេ ?
            » យកធ្វើអី ?
            » វេះយកបេះដូងឲ្យនាងមើលនោះអី ! នាងនឹងដឹងថាពិតរឺមិនពិត !
            » ធ្វើបែបនោះ លោកនឹងស្លាប់ !
            » ដើម្បីនាង ទោះបីជាស្លាប់ក៏ព្រម ព្រោះបើផែនដីមួយនេះរស់នៅគ្មាននាង ជីវិតខ្ញុំក៏គ្មានន័យដែរ !
            ជំនោររៀបនឹងបន្តប្រយោគ ស្រាប់តែស្រីវាចាឃាត់ ៖
            » ឈប់សិន ! ហេតុអ្វីលោកដឹងថា ខ្ញុំនៅទីនេះ ? ក្រែងលោកដេកនៅមន្ទីរពេទ្យហ្អេស​ ?
            » មន្ទីរពេទ្យ ? អ្នកណាប្រាប់ ?
         » គឺមានគេទូរស័ព្ទមកប្រាប់អ្នកមីងថា លោកកំពុងតែនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ចុះហេតុអ្វីលោកមកដល់ទីនេះ ?
            មាណពលឺសម្តីស្រីក៏ផ្ទុះសំណើចឡើង ស្រីសម្លឹងមើលមុខកំលោះទាំងឆ្ងល់ ៖
            » សើចធ្វើអី ?
      » ប្រាថ្នាជាអ្នកទូរស័ព្ទមក ហើយយកលេសមួយនេះដើម្បីចង់ដឹងថា នាងនៅទីនេះរឺទេ ? មិននឹកស្មានថា គម្រោងការមួយនេះមានប្រសិទ្ធភាពដល់ម្ល៉ឹងទេ ! អ្នកមីងម្ចាស់បន្ទប់ទីនេះក៏ប្រាប់គ្រប់យ៉ាង ហើយប្រាថ្នាក៏ផ្តាំអ្នកមីងឲ្យប្រាប់នាងថា ខ្ញុំកំពុងដេកនៅបន្ទប់សង្គ្រោះបន្ទាន់ ! ហ្នឹងបារម្ភមែនទេ ?
            ធីតាគក់ដើមទ្រូងកំលោះលឺសូរឌឹប !
            » ហេតុអីក៏ធ្វើអញ្ចឹង ? ដឹងទេថា បារម្ភស្ទើរស្លាប់ទៅហើយ !
            ក្រមុំខឹងបែរខ្នងដាក់កំលោះ ជំនោរស្ទុះអោបចង្កេះសង្សារសំណព្វចិត្តពីក្រោយទាំងវាចាលួង ៖
            » ព្រោះតែនឹកទើបបងធ្វើបែបនេះ ! បងចង់ជួបមុខ ចង់នៅក្បែរ ចង់និយាយពាក្យក្នុងចិត្ត ហើយចង់អោបបែបនេះ ! បងសុំទោស បងមិនចង់ធ្វើបែបនេះទេ !
            » តែខ្ញុំស្អប់មនុស្សកុហក !
            » បើមិនចង់ឲ្យបងកុហកបែបនេះទៀត ត្រឡប់ទៅដីគោក ហើយរៀបការជាមួយបងទៅ !
            មួយប្រយោគដ៏មានអត្ថន័យ ប្រយោគស្នេហ៍ដែលមនុស្សសីគ្រប់រូបចង់លឺស្រាប់តែពោលចេញពីបបូរមាត់ដ៏ស្រទន់របស់ជំនោរម្ចាស់ចិត្ត ។ ក្រមុំបើកភ្នែកធំៗហាក់មិនចង់ជឿនឹងត្រចៀកដែលបានស្តាប់លឺ បេះដូងចាប់ផ្តើមលោតញាប់ខុសធម្មតា ឯកាយាស្រីស្រាលស្ងើកស្ទើរតែប៉ើងរសាត់តាមខ្យល់សមុទ្រ ។ ក្រមុំខំវាចាឡើងបន្លប់ចិត្តរំភើបដែលកំពុងតែមាន ៖
            » មិនបាច់មកនិយាយលួងលេងសើចបែបនេះក៏បាន !         
            លឺសម្តីសង្សារ នាយជំនោរក៏ចាប់ដៃទាំងពីររបស់ស្រីបង្វែរឲ្យមកទល់នឹងមុខខ្លួន កែវភ្នែកទាំងគូរត្របាញ់រកគ្នាយ៉ាងស្រទន់ ៖
            » ចុះបើមនុស្សម្នាក់នេះចង់រៀបការជាមួយអូនពិតមែន ព្រមរៀបការជាមួយបងដែរទេ ?
            ពេលនេះ ដៃទាំងពីររបស់គង្គារចាប់ផ្តើមត្រជាក់ស្រិប បេះដូងកាន់តែលោតញាប់លើសដើម ឯថ្ពាល់ផ្តើមក្រហម កាលបានលឺពាក្យសុំរៀបការរបស់នាយជំនោរ ។ អរខ្លាំងពេក សូម្បីតែដង្ហើមក៏ថប់ស្ទើរតែដកមិនរួច​ ។ ជំនោរទាញជញ្ជៀនពីហោប៉ាវមកពាក់ឲ្យស្រី ក្រមុំកាន់តែភាំងស្មារតី ទោះបីស្រីមិនទាន់ឆ្លើយ ប៉ុន្តែធីតាមិនបានដកដៃចេញទេ ។ នាងព្រមឲ្យនរៈយើងពាក់ជញ្ជៀនឲ្យស្រីទាំងញញឹម ។ ជំនោរអោនថើបដៃស្រីរួមទាំងវាចា ៖
            » កុំព្យាយាមដេញបងចេញពីផែនដីមួយនេះ ព្រោះបងមិនអាចដើរទៅលើផ្លូវមួយដែលគ្មានអូននោះទេ !
            គង្គារស្រវាអោបកំណាន់សង្សារម្តងទៀតយ៉ាងណែនហើយពោល ៖
            » ផែនដីមួយនេះក៏គ្មានពន្លឺ បើគ្មានបងនៅក្បែរអូន ! អរគុណសម្រាប់ក្តីស្រឡាញ់ !
            » រៀបការជាមួយបងណា៎ ?
            » ទោះមិនព្រមក៏ត្រូវតែព្រម ព្រោះជញ្ជៀនជាប់ម្រាមដៃរួចទៅហើយ !
      ស្នាមញញឹមដ៏កក់ក្តៅបញ្ចេញឡើងម្តងទៀតទាំងដែលកំលោះបានកប់វាចោលយ៉ាងយូរជាមួយភាពស្រងេះស្រងោច ទុក្ខសោករាប់ឆ្នាំ ។  មួយរយលាននៃភាពឈឺចាប់ហាក់ធ្លាក់ចុះទើលើខ្សាច់ ហើយត្រូវរលកសមុទ្រនាំយកទៅកប់ចោលយ៉ាងជ្រៅក្នុងបាតសមុទ្រ ។ ក្រោយពេលយំ ទឹកភ្នែកក៏ស្ងួត ទោះផែនថ្ពាល់នៅមានសំនើម ប៉ុន្តែវាគង់តែនឹងស្ងួត ដួងចិត្តដែលធ្លាប់ឈឺចាប់ ទោះមានដំបៅក៏គង់មានថ្ងៃជាសះស្បើយ ក្រោយសុភមង្គលជីវិតត្រូវបានរកឃើញ ។
            ក្រឡេកមើលប្រាថ្នា និងភរិយាដ៏ស្រស់ស្អាត ក្រោយពីលបស្តាប់ជំនោរ និងគង្គារដឹងរឿងអស់ វីនក៏ចាប់ក្តិចស្មាស្វាមីមួយទំហឹងដៃ ៖​
            » អូយ……! កើតអីហ្នឹងវីន ? ម៉េចបានក្តិចបងច្ចឹង ?
            » គម្រោងការគ្រប់យ៉ាងគឺបងជាអ្នករៀបចំ ហេតុអ្វីមិនប្រាប់ខ្ញុំឲ្យដឹងផង ?
        » គឺជំនោរមិនឲ្យបងប្រាប់ បងក៏មិនហ៊ានជំទាស់សម្តីគេ ! បងមិនចង់លាក់ប្រពន្ធជាទីស្រឡាញ់របស់បងទេ តែបងគ្មានជម្រើស !
            » មិនបាច់ទម្លាប់ឲ្យគ្នាទៅវិញទៅមកទេ ! ដូចគ្នាទាំងអស់មនុស្សប្រុស​ ! ពុតត្បុត !
            » ពុទ្ធោអើយ…! ប្រពន្ធសម្លាញ់ ! បងធ្វើក៏ដើម្បីអូន ! កុំខឹងបងអីណា៎ ?
            » មិនបាច់ទេ !
វីនធ្វើជាខឹងបែរខ្នងដាក់ប្តីដើម្បីឲ្យប្តីលួង ។ ប្រាថ្នាស្រឡាញ់សង្សារស្ទើរលេប រហូតក្លាយទៅជាប្រពន្ធក៏នៅតែស្រឡាញ់លើសដើម ។ កំលោះស្ទុះអោបប្រពន្ធពីក្រោយទាំងវាចាលេងសើច ៖
            » រវល់តែខឹងអញ្ចឹង តើពេលណាទើបបានកូនពរទៅ ?
            វីនញញឹមនឹងសម្តីលេងសើចរបស់ស្វាមី ប្រាថ្នាអោបប្រពន្ធកាន់តែណែន ៖
            » សូមឲ្យារាត្រីមួយនេះជួយបញ្ចប់ពាក្យថា អាពាហ៍ពិពាហ៍របស់ពួកយើង ហើយបងឈប់លួចមើលអ្នកផ្សេង អូនក៏ឈប់ស្នេហ៍អ្នកដទៃ ! ផ្លូវស្នេហ៍មួយនេះមានតែយើងពីរនាក់ ហើយក៏សូមឲ្យអូនស្រឡាញ់បងរហូតទៅ !
            » អូនក៏សូមឲ្យបងអោបអូនបែបនេះរហូតទៅ ! សូមកុំមានពាក្យថា អ្នកទីបីក្នុងជីវិតស្នេហាពួកយើង ! បងត្រូវស្រឡាញ់អូនតែម្នាក់ ហើយរហូតទៅ ! បងធ្វើបានទេ ?
            » ជីវិតមួយនេះគឺសម្រាប់អូនតែម្នាក់ ទោះរស់រឺស្លាប់ បងនឹងកាន់ដៃអូនបែបនេះរហូតទៅ !
            ភាសាស្នេហ៍ដ៏ផ្អែមល្អែមរបស់កំលោះក្រមុំទាំងពីរគូរបានធ្វើឲ្យពន្លឺព្រះចន្ទកាន់តែស្រទន់ទៅតាមវាចាស្នេហ៍ ទឹកសមុទ្រដែលនាចទៅឆ្ងាយក៏ចាប់ជោរឡើងមកវីញ បក់បោកឆ្នេរខ្សាច់ប្រគុំលាន់រដំប្រៀបបាននឹងចម្រៀងស្នេហ៍ដ៏មានន័យសម្រាប់គូរស្នេហ៍ពីរគូរនេះ ។  រាត្រីទឹកឃ្មុំបានបញ្ចប់ភាពជាកំលោះក្រមុំរបស់ប្រាថ្នា និងណាវីនជាមួយភាសាស្នេហ៍ដ៏ផ្អែមមុត ។ សូមឲ្យដែនកោះដ៏ស្ងប់ស្ងាត់មួយនេះក្លាយទៅជាឋានសួគ៌ស្នេហ៍ដ៏ផ្អែមល្អែមសម្រាប់ជីវិតស្នេហារបស់ពួកគេ ៕

ចប់ដោយបរិបូរណ៍ 
              

1 comment: