ផ្សារទំនើបអ៊ីអន………!
» ចន្ទ…!
បងប្រាប់ហើយថាកុំឲ្យញ៉ាំច្រើនពេក ? ស្អែកនេះចន្ទមានកម្មវិធីច្រើនណាស់ត្រូវដើរ Show.. ការ៉េមនេះមិនល្អសម្រាប់សុខភាពដូចអូនជាតារាល្បីទេ…!
» តែមួយថ្ងៃទេបងកែវ………
» តែមួយថ្ងៃហ្នឹងក៏មិនបានដែរ……
ចុះបើចន្ទឈឺទៅ បានអ្នកណាទៅដើរម៉ូតជំនួសនោះ ??
» ប្រហែលជាបងកែវទេដឹង??
» បងនេះមែនហ្អេស ? មិនអាចទេ……!
» ខ្ញុំក៏គិតថា មិនអាចដែរ
ព្រោះបងនឹងខ្ញុំខុសគ្នា…… ខ្ញុំជាស្រីពេញលក្ខណៈ ចំណែកបងជា……
កំលោះដែលមានមាឌរាងមាំមួន
ប៉ុន្តែដំណើរកាត់ស្រីបញ្ចេញសម្លេងគ្រហឹម ៖
» ចន្ទ……??? នេះចង់ថាឲ្យបងហ្អេស??
» មិនហ៊ានទេ……!
» ចាត់ទុកថានេះជាលើកចុងក្រោយណា៎ចន្ទ !
ឈប់ញ៉ាំអាការ៉េមស្អីអស់ហ្នឹងទៅបានទេ ???
» អូឃេៗៗ …… ឈប់ក៏ឈប់……! រអ៊ូច្រើនណាស់
……?
ស្រីម្នាក់ដែលកំលោះកាត់ស្រីឱទិសនាមពេញៗមាត់ថាជាតារាម៉ូតក៏បានដាច់ចិត្តយកការ៉េមក្នុងដៃទៅបោះចោលក្នុងធុងសម្រាមក្បែរនោះ
។ ស្រីទះដៃថ្នមៗពីរបីដងស្រាប់តែក្រឡេកទៅរកជំនួយការដែលជាកំលោះកាត់ស្រីទាំងស្រដីឡើង
៖
» បងកែវ…!
នេះមានបានឲ្យដំណឹងដល់អ្នកគាំទ្រថាពួកយើងមកទីនេះដែរទេ ???
កំលោះកាត់ស្រីក៏គ្រវីក្បាលទាំងតប ៖
» អត់មានទេ…!
» ចុះរូបដែលបានថតក្នុងហាងការ៉េមមិញនោះ
???
» ក៏បងអត់បានផុសដែរ……!
ក្រមុំយើងក៏បន្ធូរដង្ហើមធំចេញយ៉ាងយ៉ាង ៖
»
ធូរទ្រូងបន្តិច……ធុញនឹងអ្នកអ្នកគាំទ្រអស់នោះណាស់ ជាពិសេសគឺ………
» ប្រហែលជាមិនទាន់ធូរទេចន្ទអើយ………!
» មានរឿងអីបងកែវ??
» នោះណ្ន៎………!
ចន្ទក្រមុំស្រស់កំពស់បានក៏ក្រឡេកតាមចង្អុលដៃអ្នកជំនួយការស្រាប់តែឃើញអ្នកកាសែតព្រោងព្រៀតដើរសំដៅមករកនាង
។ ស្រីធ្លាក់ទឹកមុខ ចងចិញ្ចើមឡើងទាំងស្រដី ៖
» ក្រែងបងកែវថា មិនបានប្រាប់នោះអី ?
ចុះពួកទាំងនេះមកយ៉ាងម៉េចបាន ??
» បងមិនដឹងទេ… បងពិតជាមិនបានប្រាប់
រឺក៏ផុសរូបអ្វីពិតមែន……
» ចុះហេតុអ្វីពួកគេមកបាន ??
» កុំទាន់សួរ… រកផ្លូវគេចខ្លួនសិនទៅ…… ទីនេះទុកឲ្យបងដោះស្រាយ……
» កុំទាន់សួរ… រកផ្លូវគេចខ្លួនសិនទៅ…… ទីនេះទុកឲ្យបងដោះស្រាយ……
» ពុទ្ធោអើយ……
ឲ្យខ្ញុំមានក្តីសុខមួយថ្ងៃមិនបានទេអី??? កម្មពារម្លេះ??
កំលោះកាត់ស្រីឈ្មោះកែវក៏ស្ទុះទៅរកអ្នកកាសែតទាំងនោះបំណងរារាំងកុំឲ្យចូលទៅរកស្រីស្រស់ចន្ទ
ចំណែកចន្ទក៏ស្ទុះគេចខ្លួនបាត់មួយបប្រិចភ្នែក ។
» បងចន្ទ……!ផ្តល់បទសម្ភាស៍បន្តិចមក…
បងចន្ទ……
» ឈប់សិនៗៗៗ ! សួរត្រឹមបងក៏បាន……
ថ្ងៃនេះប្អូនចន្ទមិនស្រួលខ្លួនទើបមិនអាចនៅជួបប្អូនៗបាន
សង្ឃឹមថាវត្តមានបងអាចស្រាយសំនួរមួយចំនួនជំនួសប្អូនចន្ទបាន…!
អ្នកកាសែតហាក់បីដូចជាមិនចាប់អារមណ៍នឹងចរិកទន់ភ្លន់របស់កំលោះកែវសោះ
គ្រាន់តែបាត់ស្រមោលចន្ទភ្លាម ពួកគេក៏បំបែកគ្នាទៅវិញ
ទាំងមិនខ្វល់នឹងការស្វាគមន៍ដ៏ម៉្ញិកម៉្ញក់របស់កំលោះកាត់ភេទឡើយ ។
» បាត់ស្រមោលគ្រប់ពេល……តាមមិនទាន់សោះ… (
អ្នកកាសែត )
» ឆើស…… ចង់ល្បីណាស់ពួកឯងនេះ……
តាមប្រមាញ់គេគ្មានថ្ងៃលោះ…!
ក្រឡេកមកមើលធីតាចន្ទតារាម៉ូតដ៏ស្រស់សោភាស្ថិតក្នុងឈុតខោអាវដ៏ស៊ីវីល័យមុខមាត់ហ៊ុមព័ទ្ធទៅដោយម៉ាសនិងវែនតាកំពុងតែដើរអោនៗគេចពីក្រសែភ្នែកមនុស្សម្នាតាមបណ្តោយមាត់ទន្លេ
។ ភ្លាមនោះម៉ូតូ Click
ទំនើបមួយបានមកបង្អង់ល្បឿនក្បែរនាងទាំងពោលហៅនាមស្រីពេញៗមាត់ ៖
» ចន្ទ……!
លឺមានអ្នកហៅឈ្មោះស្រីចំៗបែបនេះ
ចន្ទក៏ទាញមួកបិទបន្ថែម ហើយដើរលឿនទៅៗ ។
ម៉ូតូមួយនោះនៅតែបន្តតាមស្រីពីក្រោយទាំងហៅឈ្មោះស្រីច្បាស់ ។
មាណវីក៏បញ្ឈប់ដំណើរហើយដាច់ចិត្តក្រឡេកទៅមើលមនុស្សប្រុសដែលហៅឈ្នោះនាង
ខណៈនោះនាងលាន់មាត់ ៖
» នាយភព……! នេះនាយមកធ្វើអី ?
» គឺមករកនាងហ្នឹងហើយ……
» មករកខ្ញុំធ្វើអី ??
ខ្ញុំមិនបានណាត់អ្វីជាមួយនាយទេ ?? នេះកុំប្រាប់ណា៎ថា
នាយក៏មកតាមប្រមាញ់ពត៌មានខ្ញុំដូចអ្នកកាសែតទាំងនោះ……???
» អត់ទេ… ខ្ញុំមករកនាងពិតមែន……
» អត់ទេ… ខ្ញុំមករកនាងពិតមែន……
» មករកខ្ញុំធ្វើអីទៅ ??
» គឺមកជួយនាងហ្នឹងហើយ……
» នាយហ្នឹងហ្អេសមកជួយខ្ញុំ ??
អ្នកកាសែតដូចពួកនាយមកតាមប្រមាញ់ពត៌មានខ្ញុំដើម្បីភាពល្បីល្បាញរបស់ក្រុមហ៊ុននាយច្រើនជាង…
កុំបាច់មកធ្វើល្អ……ចេញទៅ……
» មនុស្សមានច្រើនប្រភេទណាស់…
លក្ខខ័ណ្ឌការងារមនុស្សម្នាក់ក៏មានច្រើនសណ្ឋាន
ខ្ញុំមិនមែនជាមនុស្សរកស៊ីលើទុក្ខសោកអ្នកណាទេ… ឆាប់ឡើងម៉ូតូមក
បើមិនចង់ឲ្យអ្នកកាសែតទាំងនោះមកទាន់…
ស្តីចប់ កំលោះក៏ហុចមួកការពារទៅឲ្យស្រី ទោះបីចន្ទមិនសូវចូលចិត្តនាយភពតាំងពីនៅរៀនសកលជាមួយគ្នាក្តី
ប៉ុន្តែកាលៈទេសៈបែបនេះ នាងគ្មានអ្វីត្រូវគិតច្រើនទៀតទេ
សំខាន់គេចខ្លួនឲ្យផុតមួយគ្រាទើបជារឿងដែលនាងប៉ង ។
ស្រីក៏ព្រមឡើងជិះម៉ូតូជាមួយនាយភពដែលជាអ្នកកាសែតដែលកំពុងបម្រើការងារក្នុងក្រុមហ៊ុនមួយល្បីឈ្មោះ
។ ពួកគេទាំងពីរធ្លាប់ជាមិត្តរៀនជាមួយគ្នាតាំងពីសកលវិទ្យាល័យមកម្លេះ
ប៉ុន្តែបន្ទាប់ពីពួកគេមានការងាររៀងខ្លួន ចន្ទក៏មិនសូវចូលចិត្តកំលោះភព
ព្រោះនាងគិតថា គេជាអ្នករកស៊ីលើក្បាលនាង
ប្រមាញ់ពត៌មានមិនពិតដើម្បីភាពល្បីល្បាញរបស់ពត៌មានខ្លួន ។ ចំណែកភពតែងតែតាមដានពត៌មានរបស់ចន្ទជានិច្ច
ទាំងដែលដឹងថា គេគិតអាក្រក់លើខ្លួន
ប៉ុន្តែនាយមិនដែលធ្វើពត៌មានអាក្រក់ណាមួយដែលទាក់ទងនឹងចន្ទឡើយ
លើកលែងតែពត៌មានដែលចន្ទត្រូវបានគេកោតសសើរ រឺជាពត៌មានពិតរបស់ក្រមុំ ។
មកដល់មុខផ្ទះរបស់ស្រីសោភា
កំលោះក៏ចតម៉ូតូ ។ ធីតាចុះពីម៉ូតូ ដោះមួកទាំងអឹមអៀន
ស្រីមិនបាននិយាយអ្វីសោះតាំងពីឡើងម៉ូតូជាមួយភពពីកន្លែងគេចខ្លួនមក ។ ស្រីហុចមួយទៅឲ្យភពទាំងគេចមុខពីក្រសែភ្នែករបស់នរៈ
។
» ហេតុអ្វីនាយជួយខ្ញុំ ?
នាយត្រូវការអ្វីឲ្យប្រាកដទៅ ?
» មនុស្សជួយគ្នា មិនប្រាកដថា
ចង់បានអ្វីតបស្នងទេ…… មនុស្សធ្វើការជាអ្នកកាសែតដូចខ្ញុំក៏មានឧត្តមគតិចេះគិតខុសត្រូវ
មិនមែនចេះតែធ្វើពត៌មានក្លែងក្លាយដើម្បីបានប្រាក់នោះដែរ… ខ្ញុំមិនចង់បានអ្វីពីនាងទេ
ខ្ញុំគ្រាន់តែចង់ជួយមនុស្សដែលខ្ញុំធ្លាប់ស្គាល់ …… ! ហើយចុះរឿងដែរ………??
» រឿងអី??
» រឿងដែលគេបានចុះផ្សាយនោះជាការពិតដែរទេ
??
លឺសំណួរភ្លាម ស្រីក្រឡេកចំភ័ក្ក្រកំលោះភ្លាម
៖
» ចុះឯណាថាមិនមកយកពត៌មានខ្ញុំនោះ ?
នេះស្អី ??
» មិនមែនដូចនាងគិតទេ……
ខ្ញុំគ្រាន់តែចង់ដឹងជាលក្ខណៈផ្ទាល់ខ្លួនទេ……
មិនមានបំណងយកទៅផ្សព្វផ្សាយដូចគេដទៃឡើយ……
»
ចុះនាយគិតថាខ្ញុំដូចគេគ្រប់គ្នាគិតដែរទេ ? ឬមួយគិតថាតារាគ្រប់រូបសុទ្ធតែមានអ្នកចិញ្ចឹម??
» សម្រាប់នាង ខ្ញុំទុកចិត្តជានិច្ច…!
» ចុះបើទុកចិត្ត ហេតុអ្វីចាំបាច់សួរ ??
» គឺ……គឺដើម្បីឲ្យច្បាស់ក្នុងចិត្ត…!
មិនអីទេ……អញ្ចឹងខ្ញុំទៅវិញហើយណា៎ !
» ឈប់សិន…! អើ…… !
អរគុណណា៎ដែលនាយជួយខ្ញុំ……!
និយាយចប់សឹងមិនទាន់
ធីតាស្រស់តារាម៉ូតក៏ស្ទុះចូលទៅក្នុងផ្ទះបាត់ទាំងមុខក្រហមង៉ូវ ។
ភពគ្រវីក្បាលទាំងញញឹមសម្លឹងមើលស្រីរហូតផុតបាត់ស្រមោលទើបបញ្ឆេះម៉ូតូចេញទៅ ។
ចន្ទតាមលួចមើលភពតាមវាំងននបង្អួតរហូតមិនស្រមោលឃើញម៉ូតូទើបដើរទៅប្រាស់ខ្លួនលើពូកទាំងទឹកមុខស្រស់ស្រាយ
។ ស្រីហាក់បីដូចជាទទួលអារម្មណ៍ថា សប្បាយចិត្តបំផុតពេលដែលបានលឺសម្តីរបស់ភព
ទាំងដែលនាងមិនដែលទទួលបានជំនួយពីអ្នកណាម្នាក់ពីមុនមក ។
មិនបានប៉ុន្មាននាទីផង
ស្រាប់តែទូរស័ព្ទស្រីរោទ៍ឡើងយ៉ាងរំពងពេញបន្ទប់ ។
ស្រីទាញទូរស័ព្ទពីកាបូបមកមើលឃើញឈ្មោះរបស់កំលោះកែវជំនួយការ ធីតាក៏លើកឡើងយ៉ាងរហ័ស ៖
» ហេឡួបងកែវ…… ខ្ញុំមកដល់ផ្ទះហើយ ……
ខ្ញុំមិនអីទេ ចុះបងកែវវិញ ??
កែវកំលោះកាត់ភេទដកដង្ហើមធំដាក់ស្រី ៖
» បងឯណេះមិនអីទេ …… បងថា
អូនចន្ទទេដែលអីនោះ……
» បងកែវចង់មានន័យថាម៉េច??
» កែវសាកមើលពត៌មានក្នុងហ្វេសបុកសិនទៅ
ចាំបងផ្ញើទៅឲ្យ……! ចាំជួបគ្នាណា៎!
ប្រព័ន្ធទូរស័ព្ទក៏បានផ្តាច់
សម្លេងផ្ញើសារមួយបានបន្លឺឡើង
ចន្ទកំពុងតែកាន់ទូរស័ព្ទស្រាប់ក៏ចុចមើលទាំងចិត្តងឿងឆ្ងល់ ។
ភ្លាមនោះបេះដូងស្រីស្ទើតែធ្លាប់ថ្លើមដ៏ដី អ្វីៗដែលស្រីបានសង្ឃឹមមុខនេះ
ប្រែជារលាយសាបសូន្យ ក្នុងចិត្តឆេះឆួលកម្តៅកើនឡើងរាប់ម៉ឺនអង្សារ ព្រោះរូបភាពជាច្រើនសន្លឹកត្រូវបានគេមើល
និងចែកចាយរាប់សិនអ្នក ។ រូបភាពពីរនាក់ដែលមាននាង និងកំលោះភពកាលពីនៅសកលវិទ្យាល័យ
រួមទាំងរូបថតនាង
និងភពមុននេះបន្តិចដែលឈរនិយាយគ្នាមុខផ្ទះស្រីខណៈពេលដែលភពបានជូននាងមកផ្ទះគេចអ្នកកាសែត
។ អត្ថន័យដែលមានជាមួយរូបថតបានសសេរថា ៖
( តារាបង្ហាញម៉ូតូល្បីឈ្មោះ
ចន្ទកំពុងតែបង្កាត់ភ្លើងស្នេហ៍លួចលាក់ជាមួយអ្នកកាសែត ) !
ចំណងជើងអត្ថបទត្រឹមតែមួយបន្ទាត់
ប៉ុន្តែចំនួនអ្នកបញ្ចេញមតិ និងចែកចាយកាន់ជាលំដាប់ពីមួយនាទីទៅមួយនាទី ។
សម្លេងកន្តឹងបន្លឺឡើងយ៉ាងរន្ធើន ចន្ទស្ទុះងើតមើលទើបចុះទៅបើកទ្វារឲ្យជំនួយការរបស់នាង
។ ទ្វាររបើកមិនទាន់ ចន្ទអន្ទះសារសួរទាំងកំហឹង ៖
» បងកែវ… នេះតើមានរឿងអ្វីទៅ ?
ហើយគេបានរូបទាំងនេះមកពីណា ?
កំលោះកែវចាប់ដៃស្រីទាំងវាចា ៖
» បងថា ពេលនេះចន្ទកុំទាន់ចង់ដឹងថា
អ្នកណាបង្ហោះរូបភាពទាំងនេះអី រៀបចំអ៊ីវ៉ាន់គេចទៅស្នាក់នៅខុនដូសិនទៅ
មុននឹងអ្នកកាសែតលើកទ័ពមកហែកផ្ទះនេះ !
» ខ្ញុំមិនអស់ចិត្តទេបងកែវ……!
ខ្ញុំមិនបានធ្វើ ខ្ញុំមិនដឹងអ្វីទាំងអស់ ហេតុអ្វីក៏កើតរឿងបែបនេះ ?
មាណវីយើងនិយាយទាំងអន្ទះអន្ទែងក្នុងចិត្ត
ចំនែកជំនួយការស្រីប្រញាប់ប្រមូលខោអាវដាក់កាបូបស្រី ហើយក៏ពោលទាំងហត់ ៖
» ឆាប់ទៅចន្ទ…
អ្នកកាសែតប្រហែលជាកំពុងតែមកហើយ… លឿនឡើង…!
កែវ ជំនួយការអូសដៃស្រីទាំងច្រងាប់ច្រងិល
ព្រោះតែខ្លាចអ្នកពត៌មានមកដល់មុនពេលចាកចេញ ចំណែកនាយភពកំលោះអ្នកកសែតដែលកំពុងតែមានពត៌មានជាមួយចន្ទគ្រាន់តែទទួលបានពត៌មានពីមិត្តភ័ក្ក្រ
កំលោះក៏ប្រញាប់មករកស្រី
ប៉ុន្តែឃើញតែវត្តមានអ្នកកាសែតជាច្រើនកំពុងតែឈររេរាពេញមុខផ្ទះស្រី ។ ភ្លាមនោះ
ទូរស័ព្ទកំលោះក៏បន្លឺឡើងពីហោប៉ាវ នាយទាញមកទទួលយ៉ាងប្រញាប់ ៖
» ខ្ញុំចន្ទ …… ខ្ញុំចង់ជួបនាយ…
ជួយមករកខ្ញុំបន្តិច… មាត់ទន្លេរត្រើយម្ខាង…!
កំលោះមិនទាន់បាននិយាយអ្វីផង
សម្លេងក៏បានកាត់ផ្តាច់ ។ ភពប្រញាប់ដាក់ទូរស័ព្ទចុះ
ហើយបើកម៉ូតូទៅរកស្រីតាមសន្លែងដែលនាងបានប្រាប់ ។
ទូរស័ព្ទពីអ្នកកាសែតដូចគ្នាខលចូលជាញឹកញាប់ ប៉ុន្តែកំលោះមិនខ្ចីលើកឡើយ ។
បំណងដែលនាយចង់បានគឺអធិប្បាយឲ្យចន្ទយល់ពីរូបភាពទាំងនោះ ។
មកដល់កន្លែងណាត់ ចតម៉ូតូស្ទើមិនទាន់
នាយមាណពស្ទុះចុះទៅស្រីប្រញាប់ស្តីឡើង ៖
» ចន្ទ……! ខ្ញុំ……!
ផាច់…………!
សម្លេងទះកំផ្លៀងបានបន្លឺលើផ្ទៃមុខដ៏ស្រស់សង្ហាររបស់អ្នកកាសែតកំលោះរូបនេះ !
»
នេះហ្អេសជាអ្វីដែលលោកមិនត្រូវការតបស្នង ? នេះហ្អេសជាអ្វីដែលលោកនិយាយថាជួយមនុស្សដែលធ្លាប់ស្គាល់គ្នា
? លោកកំពុងតែបំផ្លាញជីវិតខ្ញុំច្រើនជាង… គ្មានកេរ៍ខ្មាស
សូម្បីតែពត៌មានមិនពិតក៏លោកហ៊ានចុះផ្សាយដែរ…
លោកចង់ឃើញតារាដូចពួកខ្ញុំអាម៉ាសមុខណាស់មែនទេ…??
» ចន្ទស្តាប់ខ្ញុំសិន…!
ខ្ញុំពិតជាមិនបានធ្វើពត៌មាននេះពិតមែន… ខ្ញុំមិនដឹងថា វាកើតឡើងយ៉ាងម៉េចនោះទេ
តែខ្ញុំហ៊ានស្បថថា ខ្ញុំមិនបានធ្វើទេ……!
» ខ្ញុំសោកស្តាយដែលខំគិតល្អចំពោះលោក
ខ្ញុំសោកស្តាយដែលខំទុកចិត្តលើលោក ប៉ុន្តែលោកវិញ
បែរជាយកភាពល្បីល្បាញរបស់ខ្លួនរំលងក្បាលរបស់ខ្ញុំ …
លោកសប្បាយចិត្តហើយមែនទេពេលឃើញខ្ញុំត្រូវរត់ពូនអ្នកកាសែត រត់ពូនប្រិយ៍មិត្តបែបនេះ ?
ឆ្លើយមក… សប្បាយចិត្តណាស់មែនទេ??
» ចន្ទ……! ត្បិតតែខ្ញុំជាអ្នកកាសែត
ជាអ្នកយកពត៌មាន ប៉ុន្តែខ្ញុំមានឧត្តមគតិក្នុងការបំពេញការងារ
ខ្ញុំមានភាពសុច្ចរិតក្នុងការយកពត៌មាន ខ្ញុំមិនដែលកុហកប្រជាជនទូទាំងប្រទេស
ខ្ញុំមិនដែលកុហកខ្លួន បំភ្លើសពត៌មានអ្នកដទៃដើម្បីតែប្រាក់នោះទេ……!
» ខ្ញុំមិនជឿទេ…! ដើម្បីប្រាក់
ដើម្បីភាពល្បីល្បាញរបស់ក្រុមហ៊ុនខ្លួន អ្នកពត៌មានដូចជាពួកលោក ហ៊ានធ្វើយ៉ាង
សូម្បីតែពត៌មានមិនពិតក៏ពួកលោកហ៊ានចុះផ្សាយ …! ខ្ញុំជាតារាខុសអ្វីទៅ ?
ហេតុអ្វីត្រូវពួកលោកតាមប្រមាញ់គ្រប់ពេល ? ត្រូវរត់គេចគ្រប់ពេល
ព្រោះតែពត៌មានមិនពិតទាំងនេះ…!
» ចន្ទ…! ចន្ទមិនដែលខុសទេ……ហើយខ្ញុំក៏មិនដែលសប្បាយចិត្តពេលឃើញចន្ទត្រូវរត់គ្រប់ពេលបែបនេះទេ
សូម្បីតែពេលខ្លះ ខ្ញុំត្រូវបានគេឲ្យធ្វើពត៌មានចន្ទ ប៉ុន្តែខ្ញុំមិនដែលធ្វើទេ
ខ្ញុំត្រូវគេស្តីឲ្យគ្រប់ពេល រហូតដល់ពេលខ្លះ គេគម្រាមដកខ្ញុំចេញពីស្ថាប័នពត៌មានក៏មាន
ព្រោះតែខ្ញុំដឹងពីចិត្តពិតរបស់ចន្ទ …!
ខ្ញុំមិនដែលធ្វើពត៌មានណាមួយដែលគ្មានប្រភពច្បាស់លាស់ឡើយ ជាពិសេសពត៌មានរបស់ចន្ទ …!
គ្រប់រឿងរ៉ាវដែលគេចោតប្រកាន់ចន្ទ គ្រប់រឿងរ៉ាវដែលគេយល់ច្រឡំលើចន្ទ សម្រាប់ខ្ញុំ
ខ្ញុំនៅតែច្បាស់ក្នុងចិត្តថា ចន្ទមិនមែនជាមនុស្សបែបនោះទេ …!
» កុំបាច់មកកុហក……!
ខ្ញុំលែងជឿលោកទៀតហើយ…! ចាប់ពីពេលនេះតទៅ ពួកយើងមិនចាំបាច់ជួបគ្នាទៀតទេ
លោកធ្វើការរស់នៅកន្លែងលោក ខ្ញុំធ្វើការរស់នៅកន្លែងខ្ញុំ ពួកយើងរស់នៅផ្សេងគ្នា
ហើយខ្ញុំមិនខ្វល់ថា ពួកលោកផ្សាយពត៌មានអ្វីទៀតទេ ព្រោះគ្រប់យ៉ាងមិនមែនជារឿងពិត …!
ចប់សម្តីចន្ទក៏ដើរហួសទៅ
តែត្រូវកំលោះចាប់ដៃជាប់ ៖
» ចន្ទ… ខ្ញុំស្រឡាញ់នាងណា៎……!
» សម្រាប់អតីតកាល វាអាចនឹងទៅរួច
តែបច្ចុប្បន្នកាល យើងជាសត្រូវនឹងគ្នា……!
ព្រោះតែកំហឹងដល់កំណត់
ចន្ទមិនបានយកចិត្តទុកដាក់លើពាក្យសម្តីរបស់ភពឡើយ
នាងពោលចប់ហើយក៏ដើរឡើងឡានបើកចេញទៅទាំងបន្សល់ទុកតំណក់ទឹកភ្នែកថ្លាយ៉ង់លើផែនថ្ពាល់ដ៏រលោងរបស់នាងកំលោះអ្នកកសែតសង្ហារ
។ សូម្បីតែពាក្យមួយម៉ាត់ចុងក្រោយដែលមាណពបានលាក់ទុកជាយូរក៏នាងមិនស្តាប់
មិនយក់ចិត្តទុកដាក់ កំហឹងឆេះឆួលធ្វើឲ្យនាងមិនបានមើលឃើញពីភាពឈឺចាប់របស់អ្នកកំលោះឡើយ
។
មួយថ្ងៃកន្លងផុតទៅ
ពត៌មានមួយនេះកាន់តែល្បីរន្ធឺ
ព្រោះតែតារាស្រីល្បីរូបនេះមិនបានចេញមុខមកបកស្រាយពីការពិត
ព្រោះតែនាងមិនសូវចូលចិត្តសំណួរអ្នកកាសែតទាំងនោះ ។
ក្រមុំគេងលេងហ្គេមលើសាឡុងក្នុងខុនដូស្រី
ស្រាប់តែកែវអ្នកជំនួយការរត់ចូលមកទាំងត្រហេបត្រហប់ ៖
» ចន្ទ…… អានពត៌មាននេះទៅ……!
» អត់ទេបងកែវ…… ពត៌មានអត់ប្រយោជន៍
ធុញណាស់……
» បងថា អានសិនទៅ……!
ធីតាដកដង្ហើមធំយ៉ាងយូរ
ទើបព្រមទទួលអាយផេតពីដៃកំលោះកែវមកមើល ។ ខណៈនោះ
ស្រីបើកភ្នែកធំសម្លឹងអេក្រង់អាយផេតស្ទើធ្លុះ
ព្រោះតែកំលោះភពបានចេញមុខបកស្រាយពត៍មាននេះ ជាមួយវីឌីអូខ្លីបមួយដែលគេបាននិយាយថា ៖
( ខ្ញុំធ្វើការជាអ្នកយកពត៌មានជាង ៤
ឆ្នាំហើយ ! ខ្ញុំមិនដែលប្រព្រឹត្តអំពើណាដែលធ្វើឲ្យអ្នកដទៃក្តៅក្រហាយឡើយ មិនថា
ពត៌មានក្លែងក្លាយ ពត៌មានស្រពិចស្រពិល រឺពត៌មានដែលធ្វើទុក្ខបុកម្នេញដល់នរណាម្នាក់
ព្រោះខ្ញុំគិតថា គេរឺយើង សុទ្ធតែប្រាថ្នាចង់បានជីវិតដែលមានក្តីសុខ
ជីវិតមួយដែលមិនមានភាពរញ៉េរញ៉ៃក្នុងជីវិត ទើបថ្ងៃនេះខ្ញុំសុំចេញមុខបកស្រាយថា
ពត៌មានខ្ញុំ រវាងតារាម៉ូតូចន្ទ មិនមែនជាការពិតឡើយ ហើយខ្ញុំក៏ធ្លាប់បានសន្យាចំពោះខ្លួនឯងថា
នឹងមិនធ្វើឲ្យនរណាម្នាក់ក្តៅក្រហាយជាមួយខ្ញុំឡើយ ប៉ុន្តែពេលនេះ
ខ្ញុំបានធ្វើឲ្យមនុស្សជាច្រើនខកបំណងលើខ្ញុំ ដូច្នេះខ្ញុំសូមលាឈប់ពីការងារជាអ្នកយកពត៌មានចាប់ពីពេលនេះទៅ……!
សុំអរគុណ……! )
» ចន្ទ……! ពេលនេះអូនរួចខ្លួនហើយ……!
អាអ្នកកាសែតកំលោះម្នាក់នេះវាចេញមុខបកស្រាយ ថែមទាំងប្រកាសលាឈប់ពីការងារទៀត
បើគ្មានអ្នកជឿ វាចម្លែកពេកហើយ ……! ហាសហាស……!
ស្រីមិនតបអ្វីឡើយ
នាងហុចអាយផេតទៅឲ្យកំលោះកែវ ហើយក៏ដើរចេញទៅយ៉ាងលឿន ៖
» កែវ…… អូនទៅណាហ្នឹង ?
ធីតាមិនតបអ្វីឡើយ នាងចុះពីខុនដូបើកឡានចេញយ៉ាងលឿនហាក់បីដូចជាប្រញាប់ទៅរកអ្នកណាម្នាក់
។ មកដល់កន្លែងដែលធ្លាប់បានណាត់ជួបជាមួយភព
ស្រីក៏ចុះពីឡានដើររេរាមួយជុំសម្លឹងមើលពេញមាត់ទន្លេរ
ប៉ុន្តែហាក់មិនឃើញអ្វីដែលនាងកំពុងរកសោះ ។ ស្រីច្រត់ដៃទៅលើបង្កាន់ដៃដែកដែលជាប់និងច្រាំងទន្លេរបន្ធូរដង្ហើមញាប់ស្អេក
សម្លេងមួយក៏បន្លឺពីក្រោយខ្នងស្រី ៖
» ខ្ញុំស្តារកេរ៍ឈ្មោះឲ្យនាងវិញរួចហើយ
……!
លឺសម្តីភ្លាម
ស្រីក្រឡេកក្រោយស្ទើអស់ជំហរ នារីស្តីភ្លាមមិនចាំយូរ ៖
» មនុស្សល្ងង់ ……!
ហេតុអ្វីលោកធ្វើអញ្ចឹង ?
» ដើម្បីនាងខ្ញុំហ៊ានធ្វើគ្រប់យ៉ាង……!
» លោកឈប់ពីការងារនោះធ្វើអ្វី ? លោកឈប់ធ្វើអី ?
» លោកឈប់ពីការងារនោះធ្វើអ្វី ? លោកឈប់ធ្វើអី ?
»
ព្រោះតែខ្ញុំបានធ្វើឲ្យមនុស្សម្នាក់អស់សង្ឃឹមលើខ្ញុំ
ខ្ញុំមិនចង់ធ្វើការងារនោះទៀតទេ !
» លោកនេះល្ងង់ណាស់ … ចុះបើគ្រប់យ៉ាងមិនមែនជារឿងពិតទេ
ហេតុអ្វីលោកចាំបាច់ចេញមុខទៅបកស្រាយ ចេញមុខទៅទទួលកំហុសធ្វើអី ? មនុស្សល្ងង់……!
» ចុះបើអ្នកពត៌មានអភ័ព្វម្នាក់នេះស្រឡាញ់នាងពិតមែននោះ
?
» លោកនិយាយពីអ្វី ?
ភពចូលទៅចាប់ដៃស្រី
ទាំងវាចាពីសម្តីដែលបានលាក់ទុក ៖
» មិនថា ប៉ុន្មានឆ្នាំ ប៉ុន្មានខែ
ប៉ុន្មានរដូវកាលទេ ខ្ញុំតែងតែបារម្ភពីនាង ព្រួយពីនាង នឹកគិតដល់នាងគ្រប់ពេល
ហើយក៏មិនដែលធ្វើចង់ធ្វើបាបនាងដែរ… ក្តីសុខរបស់នាងក៏ដូចជាក្តីសុខរបស់ខ្ញុំ…
ហើយក្តីសុខមនុស្សគ្រប់គ្នាក៏ដូចជាក្តីសុខរបស់ខ្ញុំដែរ
ដូច្នេះខ្ញុំមិនដាច់ចិត្តធ្វើបាបមនុស្សដែលខ្ញុំស្រឡាញ់ទេ…!
ក្រមុំហាក់លេចចេញនូវស្នាមក្រហមព្រឿងៗលោកថ្ពាល់
៖
» លោកនិយាយពីអ្វី ?
» អាចទេ បើសិនជាភពម្នាក់នេះសុំរស់នៅក្បែរព្រះចន្ទផង……!
» ខ្ញុំព្រងើយកន្តើយនឹងលោកយូរហើយ
ហេតុអ្វីក៏លោកនៅតែស្រឡាញ់ខ្ញុំទៀត ?
» ក្តីស្រឡាញ់មិនចាំបាច់ផ្លាស់ប្តូរទេ
បើគ្រាន់តែគេធ្វើព្រងើយកន្តើយ ដរាបណាពាក្យពិតមិនទាន់បានបកស្រាយ
ខ្ញុំមិនអាចដកថយទេ…! ឆ្លើយមកថា អាចទេបើខ្ញុំសុំរស់ក្បែរម្នាក់ផង… សុំត្រឹមធ្វើជាហ្វេនក៏បានដែរ……!
ក្រមុំលួចញញឹមកាលបានលឺសម្តីពិតរបស់កំលោះភព
នាងទាញដៃចេញពីភពទាំងតប ៖
» ចុះភពមួយនោះធំប៉ុណ្ណាទៅ ?
» មិនធំទេ តែក្តីស្រឡាញ់ធំធេងណាស់……
» តើភពមួយនេះអាចដាក់ព្រះចន្ទមួយបានទេ ?
» ឲ្យតែព្រះចន្ទហ៊ានចាកចោលមេឃ ភពមួយនេះ
មិនខ្លាចនឹងទទួលព្រះចន្ទឡើយ…!
» ចុះបើចន្ទនិយាយថា ចន្ទព្រមចោលមេឃហើយ
……!
» នេះបានន័យថា ……???
» ភពមិនបាច់ទៅរស់នៅក្បែរព្រះចន្ទទេ
តែសុំកន្លែងមួយឲ្យចន្ទបានរស់នៅក្នុងភពមួយនេះផង !
» ចន្ទ……!!!!
កំលោះឧទានឈ្មោះស្រីទាំងរំភើប ស្ទុះអោបក្រមុំទាំងដើមទ្រូងពោពេញដោយក្តីស្រឡាញ់
ចង្វាក់បេះដូងលោតញាប់ហាក់ទទួលស្វាគមន៍ស្នេហាថ្មីរវាងកំលោះអ្នកកាសែត
និងកញ្ញាសោភាតារាម៉ូតដ៏ល្បី ភពក្រសោបប្រាណស្រីយ៉ាងណែន ៖
» ចន្ទនិយាយបែបនេះចង់បានន័យថា ម៉េច ?
» ខ្ញុំនឹងលាឈប់ពីសិល្បៈ
លាឈប់ពីការងារឆ្គួតឡប់មួយនេះ … មានតែអ្នកច្រណែន មានអ្នកទើសទាល់
មានតែអ្នកសួរនាំរឿងអត់ប្រយោជន៍…… ខ្ញុំមិនចង់រស់នៅលើវិថីមួយនេះទៀតទេ…!
» ចុះបើលាឈប់ទាំងពីរបែបនេះ
បានអ្នកណាចិញ្ចឹមអ្នកណាទៅ ?
» មិនដឹងទេ ? លោកជាមនុស្សប្រុស
ជាមេគ្រួសារ ត្រូវតែចិញ្ចឹមខ្ញុំហើយ…… !
» បើអញ្ចឹង មិនបាច់ស្រឡាញ់គ្នាក៏បានដែរ
ខំរត់មកតោងតារា ដឹងអីគេលែងធ្វើតារា បានអីស៊ីទៅ ?
» អត់ក៏អត់…… ! ទៅវិញហើយ…!
ក្រមុំធ្វើជាងរដើរចេញ
កំលោះភពស្ទុះអោបស្រីជាប់ទាំងវាចាចេញនូសម្តីដ៏ផ្អែម ៖
» ត្រឹមតែកូនក្រមុំម្នាក់នេះ បងមិនឲ្យដាច់ពោះស្លាប់ទេ……!
សន្យា……!
» សន្យាណា៎………!
» បាទ……! សន្យា……!
វាចាស្នេហ៍ដ៏ផ្អែមល្អែមជាឡំជាមួយក្លិនថ្ពាល់ដ៏ឈ្ងុយឈ្ងប់
ភពក្រសោបកាយស្រីមិនលែងពីដៃឡើយ ។ សម្លេងរលកទន្លេរបន្លឺឡើងខ្សឹបៗហាក់បីជាកំពុងជូនពរស្នេហ៍ថ្មីមួយនេះ
។ ទីកន្លែងមួយនេះ ហាក់បីដូចជាស្ងាត់បន្តិច ប៉ុន្តែជំនោរនៃរាត្រី
និងរលកនៃទន្លេរបានជូនពរជ័យសម្រាប់ថ្ងៃអនាគតរបស់ពួកគេរួចទៅហើយ ។ សូមឲ្យរាត្រីដ៏ស្ងប់ស្ងាត់មួយនេះជួយធ្វើជាសាក្សីសម្រាប់គូរស្នេហ៍ដ៏ផ្អែមល្អែមនេះផង
៕
ចប់ដោយបរិបូរណ៍
No comments:
Post a Comment